លោក ម៉ន មាន ជាអ្នកផ្ដួចផ្ដើមបង្កើតសេវាដឹកភ្ញៀវទេសចរដើរកម្សាន្តក្នុងព្រៃសហគមន៍ជនជាតិដើមភាគតិចកួយ។
ភ្នំពេញ៖ លោក ម៉ន មាន ជាជនជាតិដើមភាគតិចកួយរស់នៅក្នុងភូមិអណ្តាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ យុវជនរូបនេះក្រៅពីការងារជាគ្រូបង្រៀនដល់ក្មេងក្នុងសហគមន៍ហើយ រូបគេបច្ចុប្បន្នក៏ជាអ្នកផ្តួចផ្តើមឱ្យកញ្ចប់សេវាកម្មដឹកភ្ញៀវទេសចរដើរកម្សាន្តក្នុងភូមិជនជាតិដើមភាគតិចកួយនិងក្នុងព្រៃសហគមន៍ ដើម្បីឱ្យភ្ញៀវបានស្គាល់ពីជីវភាពរស់នៅប្រចាំថ្ងៃ មុខម្ហូបជនជាតិ សិប្បកម្មតម្បាញបុរាណ ប្រពៃណីទំនៀមទម្លាប់ ពិសេសការអាស្រ័យផលលើអនុផលព្រៃឈើរបស់ជនជាតិដើមភាគតិចកួយក្នុងតំបន់នេះ។
តទៅនេះចង់ដឹងថា មានការផ្លាស់ប្តូរជាវិជ្ជមានអ្វីខ្លះពីគំនិតផ្តួចផ្តើមមួយនេះក្នុងសហគមន៍។សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់សេចក្តីរាយការណ៍របស់កញ្ញា ឃ្វិះ ផលឡា ដូចតទៅ។
កញ្ចប់សេវាកម្មដែលផ្តល់ជូនដោយក្រុមការងាររបស់លោក ម៉ន មាន នៅសហគមន៍ជនជាតិដើមភាគតិចកួយក្នុងឃុំសាលាវិស័យមានបែងចែកជាពីរផ្នែក ក្នុងនោះមានការកម្សាន្តទស្សនាក្នុងភូមិនិងនៅក្នុងព្រៃសហគមន៍។ បើតាមលោក ម៉ន មាន ការដើរកម្សាន្តក្នុងភូមិនោះភ្ញៀវអាចស្វែងយល់ពីជីវភាពរស់នៅនិងការប្រកបរបររបស់បងប្អូនជនជាតិដើមភាគតិចកួយបានដែរមានដូចជា ការទស្សនាផ្តិតយករូបភាពសកម្មភាពរបស់អ្នកភូមិត្បាញកន្ទេល កន្ត្រក និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតដែលធ្វើអំពីដើមឈើនិងវល្លិរុក្ខជាតិដែលប្រមូលពីក្នុងព្រៃ។ ជាងនេះទៀត ភ្ញៀវក៏អាចទៅទស្សនារបៀបធ្វើចម្ការវិលជុំ ការបេះបន្លែព្រៃ ពិសេសការចម្អិនមុខម្ហូបជនជាតិដើមផងដែរ។
អ្វីរឹតតែពិសេសជាងនេះទៀតនោះ ភ្ញៀវដែលមកលេងក៏អាចសាកល្បងជិះរទេះសេះ រទេះគោ ដែលជាមធ្យោបាយដឹកជញ្ជូនរបស់អ្នកភូមិនៅទីនោះទៅស្វែងយល់បន្ថែមពីសាលារៀនក្នុងសហគមន៍ ទស្សនាសកម្មភាពបង្រៀននិងរៀនរបស់ក្មេងៗជនជាតិដើមភាគតិចរៀនសូត្រ ផ្ទះជនជាតិផងដែរ ពិសេសការជួបជុំអង្គុយទស្សនារបាំជនជាតិដើម និងឱកាសភ្លក់រសជាតិស្រាបិទពាងដ៏មានឱជារស។
លោក ម៉ន មាន ៖ «យើងព្យាយាមបង្កើតទៅជា សេវាកម្មទៅជាអ្វីមួយដែលត្រូវបង្ហាញទៅភ្ញៀវ ដូចជាកម្មវិធីបុណ្យនៅប្រចាំ ក្នុងភូមិ ឬព្រឹត្ដិការណ៍ផ្សេងៗឡើងអ្នកតា រដូវធ្វើចម្ការ របាំហើយម្ហូបអាហារ មុខរបរប្រពៃ ណីការរស់នៅពេលខ្លះគាត់ចង់ស្គាល់អំពីភាសា ចង់ស្គាល់កិច្ចពិធីផ្សេងៗទាំងអស់នោះឯង បន្ថែមពីព្រៃឈើទៀតអញ្ចឹងណ៎ា។ហើយគាត់ក៏យល់ បានន័យថាពួកគាត់ចុះមកក៏គាត់ដឹងថាតើគាត់ចង់ទៅណា បានន័យថាអ្នកខ្លះបើគាត់អត់ចង់ទៅក៏គាត់អត់ចាប់អារម្មណ៍និងសហគមន៍យើង ព្រោះយើងមិនគ្រាន់តែជាការសប្បាយមកកាន់សហគមន៍ភាគច្រើនអ្នកដែលមកគឺអ្នកដែលចង់រៀនសូត្រចង់ស្គាល់ចង់ដឹង ។ ពីវប្បធម៌ប្រពៃណីរបស់យើងចឹងគាត់ចូលរួម បានព្រៃឈើគឺជាចំណុចមួយដែលត្រូវនាំពួកគាត់ទៅស្គាល់ទៅដឹង»។
ភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តព្រៃសហគមន៍របស់ជនជាតិដើមភាគតិចកួយ។ រូបភាពពីលោក ម៉ន មាន។
ចំណែកសេវាកម្មជូនភ្ញៀវដើរកម្សាន្តក្នុងព្រៃសហគមន៍វិញ បើតាមលោក ម៉ន មាន ដដែលប្រាប់ថា ភ្ញៀវអាចទៅដល់ព្រៃសហគមន៍ទស្សនារបៀបប្រមូលជ័រទឹករបស់ប្រជាជនដែលយកមកធ្វើជាចន្លុះបំភ្លឺពេលរាត្រី ជាមួយក្នុងប្រមូលអនុផលព្រៃឈើ ការរុករកឪសថបុរាណរបស់ជនជាតិដើម និងការផ្តិតយករូបភាពព្រៃភ្នំជ្រោះដងអូរ ដោយអ្នកទស្សនាអាចបោះតង់គេងក្នុងព្រៃដោយសុវត្ថិភាព។
លោក ម៉ន មាន ៖ «មានយុវជនរបស់យើងមានចាស់ទុំ ធម្មតាភ្ញៀវទៅព្រៃ គាត់មាន ត្រូវជិះគោយន្ដអញ្ចឹងមានទាំងអ្នកបើកបរអ្នកនាំ យុវជនយើងអាចណែនាំគាត់ប្រាប់នូវទំនាក់ទំនង ចាស់ទុំមានបទពិសោធន៌ក្នុងការបង្ហាញ ពីរបៀបធ្វើចន្លុះឬក៏ដងជ័រ យល់ដឹងអំពីរបៀបការប្រើប្រាស់ទាញផលអនុផលព្រៃឈើអញ្ចឹង បានន័យថាគាត់ក៏ជាអ្នកចូលជាមួយយើងទាំងអស់គ្នាដែរ ។ជាទូទៅដែលយើងធ្លាប់នាំពួកគាត់ទៅ ដោយសារជាសហគមន៌ជនជាតិដើមភាគតិច ការមកដល់របស់ពួកគាត់ ចង់ស្គាល់ពីវប្បធម៌ទំនៀមទម្លាប់ប្រពៃណីមុខរបរឬក៏ការរស់នៅរបស់យើង»។
ការផ្លាស់ប្តូរជាវិជ្ជមានកើតចេញពីគំនិតផ្តួតផ្តើមបង្កើតសហគមន៍ទេសចរណ៍ឬទេសចរណ៍បែបវប្បធម៌ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៩ បានផ្លាស់ប្តូរជីវភាពអ្នកភូមិនៅទីនោះ ដោយប្រជាពលរដ្ឋបានទទួលចំណូលពីការងារផ្តល់សេវាកម្មទេសចរណ៍ជូនភ្ញៀវតាមរយៈការនាំភ្ញៀវទស្សនាក្នុងសហគមន៍ ការរៀបចំម្ហូបអាហារ ការលក់របស់របរវត្ថុអនុស្សាវរីយ៍ ការបង្ហាញរបាំជនជាតិ។ អ្វីដែលនាំទៅសម្រេចគោលដៅរំពឹងទុករបស់លោក ម៉ន មាន និស្សិតផ្នែកប្រវត្តិវិទ្យាផងនោះ គឺការអភិរក្សប្រពៃណី វប្បធម៌របស់ជនជាតិភាគតិចមួយដែលកំពុងប្រឈមការបាត់បង់អត្តសញ្ញាណ។ អ្វីដែលមិនអាចប្រកែកបាន គឺការផ្លាស់ប្តូរទម្លាប់ចូលព្រៃអាស្រ័យតែលើការរុករកអនុផលព្រៃឈើ ការកាប់ព្រៃឈើលក់ និងការបរបាញ់ដាក់អន្ទាក់សត្វព្រៃជាដើម បែបមកជាចូលរួមថែរក្សាសម្រាប់ទទួលចំណូលពីភ្ញៀវដែលមកទស្សនាក្នុងសហគមន៍និងព្រៃសហគមន៍។
រូបភាពពីលោក ម៉ន មាន។
លោក ម៉ន មាន ៖ «យើងក៏បានផ្សព្វផ្សាយពីសហគមន៍ទៅកាន់ភ្ញៀវដែលមកកាន់សហគមន៍ បានស្គាល់គាត់បានចាប់អារម្មណ៌អាចផ្សព្វផ្សាយបន្ដទៅកាន់មិត្ដភក្ដិឬក៏ក្រុមគាត់ផ្សេងៗទៀតដែរ បានប្រយោជន៍អាចថាទាំងថវិការឬក៏ទាំងការផ្សព្វផ្សាយបានន័យថា ទាំងផ្ទាល់ទាំងប្រយោលយើងបានទាំងអស់»។
សម្រាប់យុវជន ម៉ន មាន រូបគេចង់ឃើញប្រជាពលរដ្ឋក្នុងសហគមន៍ចេះលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ព្រោះយុវជនជាកម្លាំងចលករមួយចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ក្នុងសហគមន៍បានយ៉ាងប្រសើរ។មួយវិញទៀត ត្រូវបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់នៃការថែរក្សាប្រពៃណី ទំនៀមទម្លាប់ ពិសេសព្រៃសហគមន៍ឱ្យបានគង់វង្ស ព្រោះវត្តមានរបស់ភ្ញៀវទេសចរណ៍ដើរកម្សាន្តក្នុងព្រៃគឺជាការរួមចំណែកមួយក្នុងកិច្ចការការពារការកាប់បំផ្លាញព្រៃឈើនិងសត្វព្រៃក្នុងសហគមន៍ផងដែរ៕