មនុស្សទូទាំងសកលបានដាក់ក្តីព្រួយបារម្ភលើបញ្ហាបរិស្ថាន ពិសេសកំណើននៃការប្រើប្រាស់ប្លាស្ទិក ក៏ព្រោះតែបញ្ហាធំបំផុតរបស់ប្លាស្ទិកគឺត្រូវការពេលយូរខ្លាំងដើម្បីពុកផុយ។ វិធីសាស្រ្តជាច្រើនបានដាក់ចេញឱ្យប្រើប្រាស់ជាបន្តបន្ទាប់ រួមទាំងយុទ្ធនាការរបស់ក្រសួងបរិស្ថាន។ ក្នុងនោះ យុវជនសំរាមដែលតែងធ្វើការលើបញ្ហានេះយល់ថា ការលើកទឹកចិត្តជំរុញឱ្យអាជីវករមានឆន្ទៈចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាករណីល្អប្រសើរ។
(កញ្ញា កែវ សុជាតា រាយការណ៍)
ប្លាស្ទិកមាននៅគ្រប់ទិសទីនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាននៅឆ្នាំ២០១៩ បរិមាណប្លាស្ទិកសរុបបានកើនឡើងដល់ទៅ ៨,៣ពាន់លានតោន ដែលស្មើនឹងទម្ងន់ដំរី ១ពាន់លានក្បាលនៅឆ្នាំ២០១៥។ ក្នុងនោះ ប្លាស្ទិកមានប្រមាណ ៩%ប៉ុណ្ណោះដែលយកទៅកែច្នៃឡើងវិញ ខណៈសំណល់ប្លាស្ទិក ៩១%ផ្សេងទៀតត្រូវយកទៅចោលនៅទីលានចាក់សំរាម បោះចោលទៅក្នុងទឹក ទន្លេ បឹងបួរ និងហូរចូលទៅក្នុងសមុទ្រជាដើម។
ដើម្បីនាំគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមកន្លែងនានា យុវជនសំរាម លោក សាន ដារ៉ាវីត បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីថា រដ្ឋាភិបាលគួរគិតគូរពីចំណាត់ការនាំចូលថង់ប្លាស្ទិកមកកាន់កម្ពុជា ពោលគឺដំឡើងថ្លៃពន្ធដារលើការនាំចូលថង់ប្លាស្ទិកដើម្បីធ្វើយ៉ាងណាឱ្យរោងចក្រ-សហគ្រាស ងាកមកកែច្នៃវត្ថុធាតុដើមនៅក្នុងស្រុកជំនួសឱ្យការប្រើប្រាស់ប្លាស្ទិក។ ជាងនេះ លោកយល់ថា ការលើកទឹកចិត្តទៅដល់អ្នកផលិត ក៏ដូចជាអាជីវករដែលរួមចំណែកកាត់បន្ថយការប្រើប្រាស់ផលិតផលដែលធ្វើមកពីប្លាស្ទិកនិងមិនអាចយកទៅកែច្នៃបន្តបាន ជាការជំរុញផ្នែកស្មារតីដែលល្អមួយនៅក្នុងសង្គម។
លោក សាន ដារ៉ាវីត (រូបភាព៖ សាន ដារ៉ាវីត)
លោក សាន ដារ៉ាវីត៖ «ពាក់ព័ន្ធជាមួយនឹងការរួមចំណែកទាល់តែយើងមានការលើកទឹកចិត្តដល់អាជីវកម្មទាំងអស់នោះ ដោយសារពាក់ព័ន្ធជាមួយការប្តូរសង្វាក់ផលិតកម្ម ឬសេវាកម្មរបស់ពួកគាត់ដោយផ្លាស់ប្តូរពីប្លាស្ទិកទៅដល់ការប្រើប្រាស់អេកូ product (ផលិតផលអេកូដែលមិនប្រើប្លាស្ទិក) ហ្នឹង ទាល់តែយើងមានការលើកទឹកចិត្តខ្លាំង ការផ្សព្វផ្សាយខ្លាំងទៅកាន់សាធារណជនអំពីការចូលរួមរបស់ពួកគាត់។ ដោយសារការចំណាយនោះច្រើន ការចំណាយពាក់ព័ន្ធបើសិនជានិយាយពីហាងកាហ្វេនៅក្នុងរាជធានីភ្នំពេញ យើងមើលឃើញថាយ៉ាងច្រើនមានមួយភាគរយដែលគាត់ប្រើជាលក្ខណៈថា ជាកែវកាហ្វេ ឬក៏ជាកែវប្រើប្រាស់ឡើងវិញបាន។ យើងមើលឃើញជាទូទៅគឺ ការវេចខ្ចប់ចេញមកក្រៅនៅតែជាផលិតផលប្លាស្ទិក ជាកែវប្លាស្ទិកដែលប្រើបានតែម្តង(រួច)បោះចោល។ អ៊ីចឹងទាល់តែយើងបំផុសបំផុលទៅកាន់យុវជនទាំងអស់ ក៏ដូចជាអាជីវកម្មដែលកំពុងតែមានគំហុកនៅក្នុងការប្រើប្រាស់ប្លាស្ទិកហ្នឹង ឱ្យគាត់ចាប់ផ្តើមងាកមកសិក្សាពីអេកូ product (ផលិតផលអេកូដែលមិនប្រើប្លាស្ទិក) ឡើងវិញ។»។
ជាមួយគ្នានេះ លោក ដារ៉ាវីត បានលើកឡើងដែរថា សិស្សានុសិស្ស យុវជន និងពលរដ្ឋខ្មែរទាំងអស់ក៏គួរត្រូវបានបញ្ជ្រាប និងបណ្តុះបណ្តាលឱ្យយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិកផងដែរ ដោយសារនេះជាចំណែកមួយដែលអាចធ្វើឱ្យពួកគេផ្លាស់ប្តូរផ្នត់គំនិតបន្តិចម្តងៗ។ យុវជនសំរាមរូបនេះ បញ្ជាក់បន្ថែមថា បញ្ហាបរិស្ថាននេះក្រៅពីប៉ះពាល់ដល់សុខភាពសាធារណៈ ហើយអាចឈានដល់ការផ្តល់ផលអវិជ្ជមានទៅកាន់បរិយាកាសដូចជាធ្វើឱ្យប្រែប្រួលអាកាសធាតុជាដើម ដែលនេះសបញ្ជាក់ពីឥរិយាបថរបស់មនុស្សទៅលើការប្រើប្រាស់ប្លាស្ទិក។
សកម្មភាពយុវជនជួយគ្នារើសសំរាម។ រូបភាព៖ សាន ដារ៉ាវីត
ដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានផ្តួចផ្តើមបង្កើតគម្រោងមួយដែលជួយកាត់បន្ថយការផលិត ក៏ដូចជាការប្រើប្រាស់សំណល់ប្លាស្ទិកនៅក្នុងរោងចក្រ-សហគ្រាសរបស់ខ្លួន។ លោក តាំង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុស្រ្តីថា គម្រោងនេះមានឈ្មោះថា «ផ្តើមចេញពីអ្នក»។ លោកថា គម្រោងនេះ ធ្វើឡើងដើម្បីកែច្នៃការវេចខ្ចប់ក្រដាសអនាម័យ ដែលប្តូរពីការវេចខ្ចប់ថង់ប្លាស្ទិកមកប្រើប្រអប់ជ័រជំនួសវិញ។
ផលិតផលក្រដាសអនាម័យកងបន្ទប់ទឹករបស់ MG ដោយដាក់ក្នុងប្រអប់ជ័រ។ រូបភាព៖ WMC/កែវ សុជាតា
គួរបញ្ជាក់ដែរថា លោក តាំង សុជាតិ ប្រធានក្រុមហ៊ុន MG PACIFIC COMPANY LIMITED ធ្លាប់បានជម្រាបវិទ្យុស្រ្តីថា ការកែច្នៃការវេចខ្ចប់នេះផ្តល់អត្ថប្រយោជន៍ជាច្រើនទៅកាន់អ្នកប្រើប្រាស់ ពិសេសជំរុញឱ្យអាជីវករនិងអ្នកប្រើប្រាស់កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបន្ថែមទៀត ក៏ប៉ុន្តែទីផ្សារសម្រាប់លក់ហាក់នៅមានកម្រិត និងមិនសូវទទួលបានគាំទ្រពីសំណាក់អតិថិជននៅឡើយ។ យ៉ាងណា លោកបញ្ជាក់ថា ការកែប្រែការវេចខ្ចប់នេះ មិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនោះទេ ថែមទាំងបញ្ជ្រៀតការអប់រំ និងការយល់ដឹងបន្ថែមទៅដល់អ្នកប្រើប្រាស់ និងអាជីវករលក់ដូរទាំងឡាយ ឱ្យយល់ដឹងពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីវេចខ្ចប់ទំនិញផងដែរ។
សូមជម្រាបថា ប្លាស្ទិកដែលប្រើតែម្តងរួចបោះចោលមានច្រើនប្រភេទ ដូចជា ថង់ប្លាស្ទិក បំពង់បឺតប្លាស្ទិក កែវប្លាស្ទិក ប្រអប់ស្នោរ ប្លាស្ទិកដាក់អាហារ និងដបប្លាស្ទិកជាដើម។ ការប្រើប្រាស់យ៉ាងទំលំទូលាយបែបនេះ គឺដោយសារតែភាពងាយស្រួយរកបាន មានតម្លៃថោក និងភាពជាប់បានយូររបស់វា ក៏ប៉ុន្តែប្លាស្ទិកទំាងនេះបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើន។ បរិមាណប្លាស្ទិកនឹងកើនឡើងពី ៨,៣ ពាន់លានតោនក្នុងឆ្នាំ ២០១៥ រហូតដល់ ១២ ពាន់លានតោនក្នុងឆ្នាំ ២០៥០ ប្រសិនបើនិន្នាការនៃការប្រើប្រាស់ និងទម្លាប់គ្រប់គ្រងសំណល់ប្លាស្ទិកនាពេលបច្ចុប្បន្ននេះនៅតែបន្តទៅមុខទៀតបែបនេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានឆ្នាំ២០១៩៕