ភ្នំពេញ ៖ ក្រុមសហគមន៍ថ្មគោល ក្រុមស្ត្រីបឹងកក់ និងក្រុមសហគមន៍ sos ព្រលានយន្តហោះអន្តរជាតិភ្នំពេញជាដើមនៅតែបន្តធ្វើយុទ្ធនាការ ថ្ងៃចន្ទពណ៌ខ្មៅបើទោះបីជាមានការព្រមានពីមន្ត្រីរាជរដ្ឋាភិបាល មិនឱ្យធ្វើយុទ្ធនាការនេះក៏ដោយ ។ ប៉ុន្តែ គេសង្កេតឃើញថាការធ្វើយុទ្ធនាការនេះធ្វើទ្បើងខុសពីលើកមុន ព្រោះថាការធ្វើយុទ្ធនាការនេះធ្វើទ្បើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក នឹងតាមទីកន្លែងរបស់ពួកគេដោយផ្ទាល់ ។ ទោះជាយ៉ាងនេះក្ដីអាជ្ញាធរ នៅតែឃ្លាំមើល ។

នេះជាសប្តាហ៍ទី០៣ហើយដែលក្រុមស្ត្រីបឹងកក់ក៏ដូចជាសហគមន៍ថ្មគោល និងសហគមន៍មួយចំនួនទៀតនៅតែបន្តធ្វើយុទ្ធនាការ ថ្ងៃចន្ទពណ៌ខ្មៅដដែលគឺ គ្រាន់តែយុទ្ធនាការនេះប្រារព្ធធ្វើទ្បើងខុសទីតាំងគ្នាតែប៉ុណ្ណោះ ។
ក្នុងថ្ងៃចន្ទពណ៌ខ្មៅនេះ មានសហគមន៍ចំនួន៤បានរួមគ្នាធ្វើសន្និសីទសារព័ត៌មានស្តីពីការ ពាក់អាវខ្មៅនៅថ្ងៃចន្ទបន្តទៀតរហូតទាល់តែមានការដោះលែងមន្ត្រីអាដហុកចំនួន ៤រូប និងអគ្គលេខាធិការរង គ.ជ.ប ១រូប ។
តំណាងពលរដ្ឋសហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ អ្នកស្រី ច្រាយ នីមបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា មានសហគមន៍ចំនួន៤បានរួមគ្នាធ្វើសន្និសីទសាព័ត៌មាននៅសហគមន៍ sos ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ អ្នកស្រី ច្រាយ នីម បន្តថាសហគមន៍ទាំង៤ដែលចូលរួមធ្វើសន្និសីទក្នុងថ្ងៃនេះដែររួមមាន៖ សហគមន៍អតីតអ្នកបឹងកក់ សហគមន៍បុរីកីទ្បា សហគមន៍០៩២ និងសហគមន៍ sos ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ អ្នកស្រី ច្រាយ នីម បន្តថាការធ្វើសន្និសីទសារព័ត៌មាននេះគឺ ក្នុងគោលបំណងដើម្បីបន្តយន្នការពាក់អាវខ្មៅរាល់ថ្ងៃចន្ទ ហើយការបន្តពាក់អាវខ្មៅនេះដែរគឺដើម្បីទាមទារឱ្យ សមត្ថកិច្ច ដោះលែងមន្ត្រីអាដហុកចំនួន៤រូប និងមន្ត្រីគ.ជ.ប ១រូប ។
ការធ្វើយុទ្ធនាការ ថ្ងៃចន្ទពណ៌ខ្មៅ ដែលបានធ្វើឡើងចំនួន២លើកមកហើយ គឺមនុស្សជាង១០ ត្រូវបានចាប់ឃាត់ខ្លួន ខណៈអាជ្ញាធរព្រមានថា នឹងចាប់ខ្លួនទៀតបើពួកគេនៅតែធ្វើនោះ ។ ជាមួយគ្នានេះអាជ្ញាធរ ក៏បានព្រមានចាប់ខ្លួនមនុស្សបំផុសចលនានេះ លើទំព័រហ្វេសប៊ុកផងដែរ ។ តែបែបនេះក្ដី អ្នកស្រី ច្រាយ នីម នៅតែប្តេជ្ញាចិត្តបន្តធ្វើយុទ្ធនាការអាវខ្មៅថ្ងៃចន្ទដដែលរហូតទាល់តែមានការដោះលែងមន្ត្រីអាដហុក៤រូប និងមន្ត្រីគ.ជ.ប១រូបឱ្យមានសេរីភាពទ្បើងវិញ ។
ចំណែកឯក្រុមស្ត្រីសហគមន៍បឹងកក់នៅថ្ងៃនេះដែរបានបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុកពីការពាក់អាវព័ណ៌ខ្មៅផងដែរ ។ តំណាងស្ត្រីសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី បានប្រាប់វិទ្យុស្ត្រីដែរថាមូលហេតុដែលក្រុមស្ត្រីបឹងកក់បង្ហោះអំពីយុទ្ធនាការពាក់អាវព័ណ៌ខ្មៅនៅក្នុងបណ្តាញសង្គមនេះ គឺក្នុងគោលបំណងដើម្បីទាមទារឱ្យមានការដោះលែង សកម្មជនការពារសិទ្ធិមនុស្សរបស់អង្គការអាដហុក និងមន្ត្រីគ.ជ.ប តែប៉ុណ្ណោះមិនមែនជាការធ្វើបដិវត្តន៏នោះទេ ។ អ្នកស្រី ទេព វន្នី ក៏បានបញ្ជាក់ផងដែរថានៅវេលាម៉ោង ៦ល្ងាចនេះដែរក្រុមស្ត្រីសហគមន៍បឹងកក់នឹងជួបជុំគ្នាធ្វើយុទ្ធនាការពាក់អាវខ្មៅនៅទីតាំង សហគមន៍បឹងកក់ដើម្បីបង្ហាញពីអារម្មណ៍របស់ខ្លួន សូមឱ្យមានការដោះលែងមន្ត្រីទាំង៤រូបនេះ ។
អ្នកស្រី ទេព វន្នី ៖ «ការរៀបចំហ្នឹងគឺយើងគ្រាន់តែធ្វើរបៀបជាសហគមន៍ ជាប្រជាពលរដ្ឋសាមញ្ញធម្មតាយើងមានលក្ខណៈអីទៅផ្តួលរំលំរដ្ឋាភិបាលនោះទេ យើងគ្រាន់ស្រែកសុំឱ្យមានការដោះលែងមន្ត្រីទាំង៥.. » ។
ស្របពេលដែលក្រុមសហគមន៍នៅកម្ពុជាបន្តធ្វើយុទ្ធនាការអាវខ្មៅថ្ងៃចន្ទ ពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិកក៏បានរៀបចំធ្វើយុទ្ធនាការពាក់អាវខ្មៅនេះផងដែរ ដោយពួកគេធ្វើយុទ្ធនាការនេះនៅថ្ងៃអាទិត្យទី២២ឧសភា ។
ជាបន្តសូមស្តាប់ប្រសាសន៍របស់ពួកគាត់៖ «ទោះបីជាគេខំគំរាម រដ្ឋាភិបាលគេខំគំរាមធ្វើបាបអ្នកប្រជាធិបតេយ្យ ធ្វើបាបអង្គការសង្គមស៊ីវិល ប៉ុន្តែគេធ្វើនេះប្រៀបបានដូចជាទឹកដែលកំពុងពុះហើយគេយកគ្របមកបិទឱ្យជិត ហើយធ្វើឱ្យពួកយើងនៅស្ងៀម ប៉ុន្តែពួកយើងមិនអាចនៅស្ងៀមនោះទេខ្មែរនៅទីនេះគឺគាំទ្របងប្អូនខ្មែរនៅប្រទេសកម្ពុជា ខ្មែរនៅប្រទេសកម្ពុជាមានទុក្ខ គឺជាខ្មែរនៅសហរដ្ឋអាមេរិកមានទុក្ខ.. » ។
ចំណែក លើទំព័រហ្វេសប៊ុក ក៏ឃើញមានមេដឹកនាំអង្គការសង្គមស៊ីវិលនិង ពលរដ្ឋ ធ្វើការ នៅកន្លែងផ្សេងក៏បានបង្ហាញ ពីការពាក់អាវខ្មៅ ដើម្បីមន្ត្រីទាំង៥នាក់នេះដែរ តែមានចំនួន តិចជាង ថ្ងៃចន្ទសប្ដាហ៍មុន ។
សូមបញ្ជាក់ថាយុទ្ធនាការពាក់អាវខ្មៅរៀងរាល់ថ្ងៃចន្ទត្រូវបានធ្វើទ្បើង ចំនួនពីលើករួចមកហើយ ដោយការធ្វើយុទ្ធនាការនេះនាពេលកន្លងមកឈានរហូតដល់ការចាប់ខ្លួនមន្ត្រីអង្គការសង្គមស៊ីវិល និងក្រុមសហគមន៍ប្រមាណជាង១០នាក់រួចមកហើយ ប៉ុន្តែពួកគេត្រូវបានសមត្ថកិច្ចដោះលែងឱ្យមានសេរីភាពទ្បើងវិញក្រោយពេលដែលពួកគេ ត្រូវបានសមត្ថកិច្ចសួរនាំពីមូលហេតុប្រមូលផ្តុំគ្នាទាក់ទងនឹងការពាក់អាវខ្មៅ នឹងទទួលកិច្ចសន្យាជាមួយមន្ត្រីសមត្ថកិច្ចដើម្បីបញ្ឈប់ យុទ្ធនាការថ្ងៃចន្ទអាវខ្មៅ ។
អាជ្ញាធររដ្ឋាភិបាល បានហៅយុទ្ធនាការនេះថាជាចលនាបដិវត្តន៍ដើម្បី ផ្តួលរំលំរដ្ឋាភិបាល ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថានឹងចាប់ខ្លួនជនណាប្រព្រឹត្តខុសច្បាប់ ទោះជាជនពាក់ អាវពណ៌អ្វីក៏ដោយព្រោះ សម្ដេចថាជាការដាក់សម្ពាធលើតុលាការ ៕