ភ្នំពេញ ៖ មេធាវីការពារក្តីឲ្យលោកមេឃុំមួយរូបមកពីគណបក្ស សម រង្ស៊ី ក្នុងករណីប្រព្រឹត្តិអំពើពុករលួយ គ្រោងនឹងដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំកូនក្តីឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ខណៈដែលតុលាការសម្រេចលើកពេលសាកសួរចម្លើយបន្ថែមនៅសប្តាហ៍ក្រោយនេះ ។ ចំណែកអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញថា ទាល់តែទទួលបានលិខិតរបស់មេធាវី ទើបសុំធ្វើអត្ថាធិប្បាយ ។ លោក ធូ វិរៈលម្អិតព័ត៌មាននេះ៖

មេធាវីការពារក្តីឲ្យ លោក ស៊ាង ចែត គឺ លោក សំ សុគង់ បានប្រាប់អ្នកសារព័ត៌មាននៅមុខតុលាការនៅព្រឹកថ្ងៃពុធនេះថាកូនក្ដីរបស់លោកសមនឹងបាននៅក្រៅឃុំ ដោយសារតែភស្តុតាងដាក់បន្ទុកប្រឆាំងកូនក្ដីលោក មិនមានភាពរឹងមាំ ។
លោក សំ សុគង់ និយាយថា ៖ «ក្រោយពីបំភ្លឺបន្ថែម នៅថ្ងៃទី១៨ ខែឧសភា នេះ ក្រុមមេធាវីនឹងដាក់ពាក្យមួយសុំនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយមានគ្រួសារគាត់ជាអ្នកធានា ហើយកូនក្តីខ្លួនឯងនឹងមិនកេចវេស ហើយគាត់ចូលរួមគ្រប់ដំណាក់កាលនីតិវិធីរបស់តុលាការ» ។
លោក សំ សុគង់ បានបន្ថែមថា តុលាការក្រុងភ្នំពេញ បានសម្រេចលើកពេលការសួរចម្លើយបន្ថែមទៅលើ លោកមេឃុំ ស៊ាង ចែត មកពីគណបក្សសម រង្ស៊ី នៅថ្ងៃទី ១៨ ខែឧសភា ដោយសារតុលាការជាប់រវល់ ។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា មានប្រសាសន៍ថា លោកមិនអាចធ្វើការអត្ថាធិបាយបានយ៉ាងណានៅឡើយទេ រហូតទាល់តែលោកទទួលបានលិខិតផ្លូវការណ៍ពីមេធាវី ។
លោក លី សុផាណា មានប្រសាសន៍ថា ៖ «ចាំពេលបានដាក់ចូលមករួចហើយ ចាំខ្ញុំឆ្លើយជូនបងបានថាយើងពិចារណាបែបណា» ។
លោក មេឃុំ ស៊ាង ចែត មកពីគណបក្សសម រង្ស៊ី ស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ នៅថ្ងៃទី២៧មេសា កន្លងមក ។
ការសម្រេចឃុំខ្លួននេះ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ នាំខ្លួនមកភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងលុយ ៥០០$ ដែលឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ បានឆ្លើយដាក់ ។ ក្នុងសំនុំរឿងរបស់ កញ្ញា ស្រីមុំ តុលាការរាជធានីភ្នំពេញបាន ឃុំខ្លួន មន្ត្រីជាន់ខ្ពស់សមាគមអាដហុក ៤នាក់ ក្នុងនោះមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត លោក ណៃវង់ដា លោក យី សុខសាន ជាអនុប្រធានផ្នែកស៊ើបអង្កេត និងលោកស្រី លឹម មុនី ជាមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមនេះ និងលោក នី ច រិយា ជាអគ្គលេខាធិការរងគជប ៕