en     km
en     km

មេធាវីលោក ជា ចាន់ថា ស្នើឱ្យចៅក្រមពិនិត្យភស្តុតាងរបស់តំណាងអយ្យការករណីចោទប្រកាន់កូនក្ដីខ្លួន

Share

លោក ជា ចាន់ថា ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ រូបភាពពីអ្នកស្រី ឡេង ចន្នី ភរិយារបស់លោក។

ក្រោយពីតុលាការខេត្តស្វាយរៀង សម្រេចឃុំខ្លួនលោក ជា ចាន់ថា ថ្នាក់ដឹកនាំមូលដ្ឋានរបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀង មេធាវីការពារក្ដីរបស់លោក ស្នើឱ្យចៅក្រមស៊ើបសួរពិនិត្យភស្តុតាង ដែលមន្រ្តីនគរបាលយុត្តិធម៌ និងតំណាងអយ្យការធ្វើការចោទប្រកាន់នោះ។ ជាមួយគ្នានេះសមាគមរបស់លោក ចាន់ថា ក៏បានដាក់លិខិតទៅក្រសួងការងារ និងក្រសួងមហាផ្ទៃ ដើម្បីចូលបំភ្លឺទៅលើករណីដែលតុលាការចោទប្រកាន់មកលើថ្នាក់ដឹកនាំរបស់ខ្លួន។

(កញ្ញា សុខនី ជូនសេចក្តីរាយការណ៍)

 

 

លោក សេង រាជ មេធាវីការពារក្ដីឱ្យលោក ជា ចាន់ថា ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៣ ខែកក្កដាថា ករណីលោក ជា ចាន់ថា នេះ ត្រូវបានតុលាការចោទប្រកាន់ចំនួនពីរបទល្មើស គឺទី១ ពីបទឆបោក តាមមាត្រា៣៧៧ និងមាត្រា៣៧៨ ដោយប្រឈមនឹងទោសពន្ធគារពីចន្លោះ ៦ខែ ទៅ ៣ឆ្នាំ។ បទចោទទី២ គឺធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ យោងតាមមាត្រា ៦១០ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ។

ដោយឡែកចំពោះនីតិវិធីបន្ត ក្រោយពីតុលាការសម្រេចឃុំខ្លួនលោក ចាន់ថា បណ្ដោះអាសន្ន ក្នុងនាមលោកជាមេធាវីការពារក្ដី គឺលោកស្នើសុំចៅក្រមស៊ើបសួរ ធ្វើនីតិវិធីសួរតទល់គ្នា និងពិនិត្យភស្តុតាង ដែលមន្រ្តីនគរបាលយុត្តិធម៌ និងតំណាងអយ្យការធ្វើការចោទប្រកាន់។ ការស្នើបែបនេះ ព្រោះបើផ្អែកទៅលើចម្លើយរបស់លោក ជា ចាន់ថា នៅចំពោះមុខអយ្យការ និងចៅក្រមស៊ើបសួរ លោកមេធាវីយល់ថា ហាក់ដូចជាមិនទាន់ឃើញមានអង្គហេតុណាមួយជាបទល្មើស។ ក្រៅពីនេះលោកនឹងស្នើសុំឱ្យតុលាការ ឱ្យកូនក្ដីរបស់លោកនៅក្រៅឃុំបណ្តោះអាសន្ន។

លោក សេង រាជ ៖ «ជាក់ស្ដែងយើងមិនទាន់ដឹងថ្ងៃសវនាការទេប្អូន ពីព្រោះការចោទប្រកាន់នេះទើបតែតំណាងអយ្យការ គឺព្រះរាជអាជ្ញាគាត់ធ្វើការចោទប្រកាន់ហ្នឹងណា ទៅតាមកំណត់ហេតុរបាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌។ សម្រាប់ចៅក្រមស៊ើបសួរគាត់មិនទាន់ធ្វើការចោទប្រកាន់ទេ។ អញ្ចឹងសវនាការយើងអត់អាចកំណត់បានទេ នៅរង់ចាំសម្រេចពីចៅក្រមស៊ើបសួរថា តើរឿងហ្នឹងទម្លាក់ចោល លើកលែងការចោទប្រកាន់ ឬក៏បញ្ជូនទៅជំនុំជម្រះ»។

ចំណែក លោក ភី សំអុល មន្ត្រីដោះស្រាយវិវាទក្រៅប្រព័ន្ធរបស់សមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) និងជាអ្នកតាមដានករណីនេះ និយាយដែរថា ក្រោយពីតុលាការសម្រេចឃុំខ្លួនលោក ជា ចាន់ថា បណ្ដោះអាសន្ន ពីបទចោទឆបោក និងបទចោទបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈមក សមាគម IDEA កំពុងបន្តនីតិវិធីដាក់លិខិត ទៅក្រសួងការងារ និងប.ស.ស ហើយនិងបន្តដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីអាចចូលបំភ្លឺក្នុងការដោះបន្ទុកទៅលើករណីលោក ចាន់ថា។

លោក ភី សំអុល ៖ «IDEA យើងកំពុងតែបន្តនីតិវិធីក្នុងការដាក់ឯកសារផ្សេងៗដែលពាក់ព័ន្ធទៅលើបេឡាជាតិហ្នឹងណា មានន័យថា ប.ស.ស ហើយមួយទៀត យើងកំពុងតែរៀបចំដាក់លិខិតទៅក្រសួងការងារ និងប.ស.ស ហើយមួយទៀតយើងដាក់ទៅក្រសួងមហាផ្ទៃ ដើម្បីដោះបន្ទុកទៅលើបងចាន់ថា។ មានន័យថាយើងដាក់ឯកសារដើម្បីចូលបំភ្លឺពាក់ព័ន្ធនឹងករណីការចោទប្រកាន់បែបហ្នឹង គ្រាន់តែថាយើងដាក់ទៅ ដើម្បីយើងចង់ជួបខាងក្រសួងនីមួយៗ ដើម្បីយើងបំភ្លឺពីករណីផ្សព្វផ្សាយហ្នឹង»។

ទោះជាយ៉ាងណាលោកថា ការឃុំខ្លួនលោក ចាន់ថា បណ្ដោះអាសន្នគឺជារឿងដែលមិនសមហេតុផល ពីព្រោះលោក ចាន់ថា គ្រាន់តែធ្វើការផ្សព្វផ្សាយឱ្យមានការយល់ដឹងពីសារប្រយោជន៍នៃប័ណ្ណប.ស.ស និងការចុះបញ្ជីក្នុងបេឡាជាតិសន្តិសុខសង្គម សម្រាប់អ្នកប្រកបរបរក្រៅប្រព័ន្ធប៉ុណ្ណោះ។

លោក ភី សំអុល ៖ «គ្រាន់តែយើងហៅមកសាកសួរ បើមិនមានរឿងពាក់ព័ន្ធអី គួរតែដោះលែងគាត់វិញទៅ មកដល់ពេលនេះបែរជាឃុំខ្លួនគាត់ទៅវិញ អាហ្នឹងជារឿងមួយដែលអយុត្តិធម៌ចំពោះយើងទាំងអស់គ្នា»។

ជុំវិញរឿងនេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនបានឆ្លើយតបជាមួយសំណួរចំពោះកិច្ចអន្តរាគមន៍របស់ខ្លួនទៅលើករណីរបស់លោក ជា ចាន់ថា យ៉ាងណានោះទេ ប៉ុន្តែលោកបានឆ្លើយតបដោយសរសេរសេរយ៉ាងខ្លីតាមប្រព័ន្ធតេលេក្រាមថា ករណីលោក ជា ចាន់ថា ជាករណីព្រហ្មទណ្ឌ ដូច្នេះជាសមត្ថកិច្ចរបស់តុលាការ មិនស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងការងាឡើយ។

សូមរំលឹកថា លោក ជា ចាន់ថា ត្រូវបានប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិត ឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងអំឡុងពេលដែលចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ទៅដល់អាជីវករ និងអ្នករត់រ៉ឺម៉កទេសចរណ៍ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ក្នុងខេត្តស្វាយរៀង។ បន្ទាប់ពីឃាត់ខ្លួនហើយ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិត ក៏បានបញ្ចូន លោក ជា ចាន់ថា ទៅកាន់ស្នងការខេត្តស្វាយរៀង ហើយរហូតមកដល់ពេលនេះតុលាការខេត្តស្វាយរៀង បានសម្រេចឃុំខ្លួនលោកបណ្ដោះអាសន្ន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤៕

Share

ព័ត៌មានទាក់ទង