ក្នុងជំនួបទ្វេភាគីជាមួយប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុនហ្វុក ជាថ្មីម្ដងទៀតបានស្នើទៅមេដឹកនាំកម្ពុជារូបនេះ ជួយសម្រួលដល់ពលរដ្ឋវៀតណាមរស់នៅកម្ពុជាឱ្យទទួលបានឯកសារស្របច្បាប់ក្នុងការរស់នៅរបស់ពួកគេ។
លោក ង្វៀន ស៊ុនហ្វុក បានថ្លែងអរគុណដល់រដ្ឋាភិបាលកម្ពុជាដែលបានជួយធ្វើឱ្យស្ថិរភាពដល់ការរស់នៅរបស់ពលរដ្ឋវៀតណាមនៅកម្ពុជា។តែជាមួយគ្នានេះ លោកបានស្នើថា ការបំលាស់ទីលំនៅឱ្យពួកគេមករស់នៅលើដីគោកវិញ គឺនៅតំបន់បឹងទន្លេ សាប ក៏សង្ឃឺមថា ពួកគាត់នឹងមានមុខរបរសមរម្ស។ នេះបើតាមសារព័ត៌មានវៀតណាម Vietnam News បានចុះផ្សាយនៅថ្ងៃទី២៩ឧសភានៅពេលសម្ដេចហេងសំរិនកំពុងធ្វើទស្សនកិច្ចនៅក្រុងហាណូយដោយបានជួបមេដឹកនាំវៀតណាមជាច្រើនរូបគឺមានទាំងនាយករដ្ឋមន្ត្រីនិង ប្រធានរដ្ឋសភា។

ជាមួយគ្នានេះ លោកង្វៀន ស៊ុនហ្វុក បានបព្ជាក់ថា កម្ពុជាបានយកចិត្តទុកដាក់ ដល់ពលរដ្ឋវៀតណាមចូលសញ្ជាតិកម្ពុជាដោយជួយពួកគេបានរស់នៅសមរមគឺដូចជនបរទេសដទៃទៀតដែរ។
ពុំមានស្ថាប័នឯករាជ្យណាមួយ រកឃើញចំនួនពិតប្រាកដនៃពលរដ្ឋវៀតណាមរស់នៅក្នុងប្រទេសកម្ពុជានោះនៅឡើយទេ។ ក្រុមអង្គការនៃគណៈកម្មាធិការព្រំដែនកម្ពុជានៅប្រទេសបារាំងបានចុះផ្សាយរបាយការណ៍របស់ខ្លួនថាពលរដ្ឋវៀតណាមរស់នៅកម្ពជា សព្វថ្ងៃមានជាង២លាននាក់ដែលតួលេខនេះ មានការទទួលស្គាល់ដោយគណបក្សប្រឆាំងនៅកម្ពុជា។

យ៉ាងណា ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា ដែលជាស្ថាប័នគ្រប់គ្រងជនអន្តោប្រវេសន្តនៅកម្ពុជា បានផ្សព្វផ្សាយរបាយការណ៍របស់ខ្លួនថា ពលរដ្ឋវៀតណាមរស់នៅកម្ពុជា ទាំងស្របច្បាប់និងមិនទាន់ស្របច្បាប់មានជាង១៦ម៉ឺននាក់។ តែបែបនេះក្ដី ពលរដ្ឋបរទេសចំណូលថ្មីមកកាន់កម្ពុជា នៅរយៈពេលចុងក្រោយនេះ គឺប្រជាជនចិន។ ពួកគេមកតាមក្រុមហ៊ុន ហើយភាគច្រើននៅខេត្តព្រះសីហនុ។ មេដឹកនាំកម្ពុជាសម្ដេចហ៊ុនសែន បានអះអាងថាពលរដ្ឋចិនមកកាន់កម្ពុជា នៅក្រុងព្រះសីហនុគឺពួកគេជាកម្មករជំនាញកិច្ចការសំណង់ហើយពួកគេនឹងត្រឡប់ទៅវិញនៅពេលការងារពួកគេ ចប់សព្វគ្រប់៕