ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន កាលពីដើមខែមីនា ឆ្នាំ២០១៨ កន្លងទៅ បានចុះហត្ថលេខាបង្កើតជាផ្លូវការ នូវមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្ដសកម្មភាពរបស់មន្ទីរពេទ្យមនុស្សធម៌មួយនេះ ឲ្យមានវត្ដមាននៅកម្ពុជាបន្ដទៀត ដើម្បីការរស់រានរបស់កុមារក្រីក្ររាប់លាននាក់នៅកម្ពុជា។ តំណាងមន្ទីរពេទ្យគន្ធបុប្ផា និងជាតំណាងមូលនិធិគន្ធបុប្ផា របស់លោកវេជ្ជបណ្ឌិត Beat Richner នៃប្រទសស្វីស ប្រចាំនៅកម្ពុជា រំពឹងថា មូលនិធិគន្ធបុប្ផាកម្ពុជានេះ នឹងរួមចំណែកដល់បេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយកុមារកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងឥតគិតថ្លៃ។
លោក លៀ ស៊ីណា រាយការណ៍ ៖

មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្ដេច ហ៊ុន សែន និងសម្ដេច ប៊ុន រ៉ានីហ៊ុនសែន ធ្វើជាប្រធាននៃមូលនិធិនេះ នឹងត្រូវចាប់ផ្ដើមដំណើរការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ខាងមុខ។ នេះបើយោងតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន ដែលថ្លែងពីទីក្រុង ស៊ីដនី ប្រទេសអូស្ដ្រាលី កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។
សម្ដេចនាយករដ្ឋមន្ដ្រី បានថ្លែងថា បើមិនមានអ្វីប្រែប្រួលនោះទេ មូលនិធិគន្ធបុប្ផាកម្ពុជា នឹងត្រូវប្រកាសឲ្យដំណើរការនៅមុនថ្ងៃចូលឆ្នាំខ្មែរ ដែលជាជំនួយដ៏ធំមួយ។ សម្ដេចបន្ដថា កន្លងមកមន្ទីរពេទ្យគន្ធបុប្ផា មានមូលនិធិនៅក្រៅប្រទេស ហើយនៅពេលនេះមន្ទីរពេទ្យគន្ធបុប្ផា នឹងមានមូលនិធិនៅក្នុងប្រទេសបន្ថែមទៀត ដើម្បីប្រមូលធនធានក្នុងប្រទេស ជួយដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលមួយឆ្នាំៗត្រូវចំណាយថវិកាប្រមាណជាង ៤០លានដុល្លារ។
សម្ដេច ហ៊ុន សែន ៖«យើងមានមូលនិធិគន្ធបុប្ផាដែលវិជ្ជបណ្ឌិត Beat Richner គាត់បង្កើតនៅក្រៅប្រទេស និងយើងមានមូលនិធិគន្ធបុប្ផានៅក្នុងប្រទេស ដែលយើងប្រមូលធន់ធាននៅក្នុងជាតិរបស់យើង ជួយមន្ទីរពេទ្យមួយនេះ ដែលក្នុងមួយឆ្នាំ ចំណាយមន្ទីរពេទ្យគន្ធបុប្ផានេះ សម្រាប់ព្យាបាលកុមារប្រមាណជាង ៤០លានដុល្លារ យើងបន្ដការខិតខំទាំងអស់គ្នា»។

ពាក់ព័ន្ធពីការបង្កើតមូលនិធិនេះ លោកវេជ្ជបណ្ឌិត ឡូរ៉ង់ ដេនីស តំណាងមន្ទីរពេទ្យគន្ធបុប្ផា និងជាតំណាងមូលនិធិគន្ធបុប្ផា របស់លោកវេជ្ជបណ្ឌិត Beat Richner ប្រទសស្វីស ប្រចាំនៅកម្ពុជា មានប្រសាសន៍តាមរយៈការបកប្រែ របស់លោកសាស្ដ្រាចារ្យ គី សាន់ទី ឲ្យវិទ្យុស្ដ្រីដឹងថា ក្នុងនាមលោកជាតំណាងមន្ទីរពេទ្យគន្ធបុប្ផា លោកយល់ឃើញថា ជារឿងមួយដ៏ល្អ ហើយសំខាន់ណាស់ក្នុងការធ្វើឲ្យមន្ទីរពេទ្យមាននិរន្ដរភាពបន្ដដំណើរតទៅថ្ងៃមុខ។

លោកវេជ្ជបណ្ឌិត ឡូរ៉ង់ ដេនីស បន្ដទៀតថា ការបង្កើតមូលនិធិនេះ គឺជាការលើកទឹកចិត្ដយ៉ាងខ្លាំងដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្ដបេសកកម្មរបស់ខ្លួនក្នុងការជួយដល់កុមារក្រីក្រ រាប់លាននាក់នៅប្រទេសកម្ពុជា ឲ្យទទួលបាននូវការព្យាបាលមួយដែលល្អ ប្រកបដោយគុណភាព និងឥតគិតថ្លៃ ។
លោក ឡូរ៉ង់ ដេនីស ៖«ជាការលើកទឹកចិត្ដរបស់មន្ទីរពេទ្យ ក៏ដ៏ជាសេចក្ដីសង្ឃឹម របស់កុមារកម្ពុជាយើងទាំងអស់គ្នា ទៅថ្ងៃអនាគត វែងឆ្ងាយ ដែលទទួលបាននូវការព្យាបាលដោយឥតគិតថ្លៃ ប្រកបទៅដោយគុណភាពពីមន្ទីរពេទ្យ ដោយសារតែមានការគាំទ្រ យ៉ាងពេញទំហឹងពីសម្ដេចនាយក ក្នុងនាមលោកជាប្រមុខដឹកនាំរដ្ឋាភិបាល»។

មន្ទីរពេទ្យគន្ធបុប្ផា គឺជាកេរ្ដិ៍មរតករបស់លោក វេជ្ជបណ្ឌិត Beat Richner ដែលមានសញ្ជាតិស្វីស។ ប្រជាពលរដ្ឋខ្មែររាប់លាននាក់ បានចាត់ទុកលោកវេជ្ជបណ្ឌិត Beat Richner ជាព្រះដែលបានជួយដល់កុមារក្រីក្រ នៅកម្ពុជារាប់លាននាក់។ លោកវេជ្ជបណ្ឌិត Beat Richner បានចាប់ផ្តើមបើកដំណើរការ មន្ទីរពេទ្យគុន្ធបុប្ផា នៅឆ្នាំ១៩៩២ ដើម្បីជួយព្យាបាលកុមារ និងស្ដ្រីកម្ពុជា ដែលមានជីវភាព ក្រីក្រដោយឥតគិតថ្លៃ។ ក្នុងមួយថ្ងៃៗ មន្ទីរពេទ្យនេះ ទទួលព្យាបាលកុមារ និងស្ដ្រី ក្រីក្រ មកពីគ្រប់ច្រកល្ហកនៅទូទាំងប្រទេសកម្ពុជា យ៉ាងហោចណាស់ ១៥០ ទៅ ២០០នាក់។

យោងតាមរបាយការណ៍មន្ទីរពេទ្យគន្ធបុប្ផា គឺគិតចាប់តាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១៦ អ្នកជំងឺដែលមានជីវភាពក្រីក្រ ពិសេសស្ដ្រី និងកុមារ ប្រមាណជាង ១៥លាននាក់ បានទៅទទួលសេវាព្យាបាល ពីមន្ទីរពេទ្យគន្ធបុប្ផាមនុស្សធម៌មួយនេះ។ គិតមកដល់ឆ្នាំ២០១៧ មន្ទីរពេទ្យគន្ធបុប្ផា មានបុគ្គលិកបម្រើការងារចំនួន ២៥០០នាក់។ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាន់ខ្ជាប់នូវបទបញ្ជាផ្ទៃក្នុង គឺគ្រូពេទ្យទាំងអស់ ដាច់ខាតមិនត្រូវទារប្រាក់ពីគ្រួសារអ្នកជំងឺឡើយ។ មិនតែប៉ុណ្ណោះ ក៏គ្មានគ្រូពេទ្យណាម្នាក់ ឆ្លៀតធ្វើការងារក្រៅម៉ោង នៅគ្លីនិកឯកជននោះដែរ។ បច្ចុប្បន្ននេះមន្ទីរពេទ្យមនុស្សធម៌នេះ មានសាខានៅក្នុងរាជធានីភ្នំពេញ និងនៅក្នុងខេត្តសៀមរាប៕