ឆ្លើយតបនឹងការរកឃើញរបស់អង្គការសង្គមស៊ីវិលមួយចំនួនដែលថាមានអំពើពុករលួយនៅក្នុងក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មបានអះអាងថា កន្លងមកក្រសួងពាណិជ្ជកម្ម មិនបានប្រព្រឹត្តិអំពើពុករលួយក្នុងស្ថាប័ននេះ ដូចការលើកឡើងរបស់អង្គការសង្គមស៊ីវិលនោះឡើយ។
« មិនមានការប្រព្រឹត្តិអំពើពុករលួយកើតមានក្នុងក្រសួងពាណិជ្ជកម្មនោះឡើយនាពេលកន្លងមក។ ចំពោះការចុះបញ្ជីពាណិជ្ជកម្មជាមួយម្ចាស់អាជីវកម្មនោះ គឺបានធ្វើឡើងដោយមានការបង់ប្រាក់តាមរយៈធនាគារ មិនមែនតាមរយៈមន្រ្តីពាណិជ្ជកម្ម ជាអ្នកទទួលលុយនោះទេ »។ នេះជាអះអាងរបស់ លោក ឱម តារាឬទ្ធិ ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៅក្នុងសន្និសិទថ្នាក់ជាតិស្តីអំពី « សុច្ចរិតភាពធុរកិច្ច » នាព្រឹកថ្ងៃទី២៧ ខែឧសភានេះ។

ក្រៅពីនោះ លោក ឱម តារាឬទ្ធិ បានបន្តទៀតថា ក្រសួងពាណិជ្ជកម្មកំពុងតែដំណើរការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញដើម្បីកាត់បន្ថយការចំណាយ ពេលចុះបញ្ចីពាណិជ្ជកម្ម និងលុបបំបាត់អំពើពុករលួយជាដើម។ លោកថា យ៉ាងយូរបំផុតប្រព័ន្ធអនឡាញនេះ នឹងប្រកាសដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំ ២០១៥ខាងមុខនេះ។ មន្រ្តីនៃក្រសួងពាណិជ្ជកម្មរូបនេះបញ្ជាក់ទៀតថា រហូតមកដល់បច្ចុប្បន្ននេះមានក្រុមហ៊ុនទាំងខ្នាតតូច ធំ និងមធ្យមបានទៅចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មប្រមាណ៣ម៉ឺនក្រុមហ៊ុន។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា លោក ឱក សេរី សោភក្តិ៍ បានឲ្យដឹងនៅក្នុងសន្និសិទ្ធិថ្នាក់ជាតិនោះថា « សកម្មភាពប្រព្រឹត្តិអំពើពុករលួយនៅក្នុងក្រសួងពាណិជ្ជកម្មនៅតែកើតមានឡើងដដែល បើទោះជាមានការប្រើប្រាស់ប្រព័ន្ឋអនឡាញហើយក៏ដោយ»។ លោកបានរៀបរាប់ឲ្យដឹងផងដែរថា « សេវាកម្មបង់ថ្លៃក្រៅផ្លូវការឬលុយក្រោមតុនោះមានច្រើនថែមទៀតផង ជាពិសេសនៅពេលដែលម្ចាស់អាជីវកម្មទៅសុំចុះបញ្ជីក្រុមហ៊ុនជាដើមនោះ » ។
ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍ផងដែរថា ដើម្បីលុបបំបាត់អំពើពុករលួយ ឬលុយក្រោមតុនេះ រដ្ឋាភិបាលត្រូវតែមានការកំណែទម្រង់ប្រព័ន្ធតុលាការឲ្យឯករាជ្យ ហើយក្រសួងពាណិជ្ជកម្មត្រូវតែផ្តល់ព័ត៌មានឲ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ព្រមទាំងអ្នកពាក់ព័ន្ធក្នុងការចុះ បញ្ជីពាណិជ្ជកម្មនេះជាដើម។ មិនតែប៉ុណ្ណោះក្រសួងត្រូវតែធ្វើយ៉ាងណាឲ្យមានតម្លាភាព ជាពិសេសរដ្ឋាភិបាលត្រូវកាត់ទោសចំពោះជនណាប្រព្រឹត្តិអំពើពុករលួយជាដាច់ខាត់។
គួរបញ្ជាក់ផងដែរថា របាយការណ៍មួយចេញផ្សាយដោយអង្គការតម្លាភាពកម្ពុជា (TI) នៅថ្ងៃទី២៧ ខែឧសភានេះ បង្ហាញថា អំពើពុករលួយ ជាតថភាព មួយមិនអាចចៀសរួចបានឡើយសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត សហគ្រាសធនតូច និងមធ្យមជាច្រើនចូលចិត្តប្រតិបត្តការក្រៅផ្លូវការ ហើយនៅក្នុងចំណោម សហគ្រាសចំនួន១០០ ដែលបានស្ទង់មតិនោះ មានតែ៦១សហគ្រាសប៉ុណ្ណោះដែលបានទៅចុះបញ្ជីនៅក្នុង ក្រសួងពាណិជ្ជកម្ម ឬមន្ទីរពាណិជ្ជកម្មខេត្ត៕