en     km
en     km

មន្ទីរសុខាភិបាលខេត្តប្តេជ្ញាពិនិត្យមិនឱ្យចន្លោះ ករណីយកសពអ្នកជំងឺ និងក្មួយស្រីផ្លុងចោលក្នុងព្រៃ

Share

 

ម្ចាស់គ្លីនិកឯកជនពីរនាក់ប្ដីប្រពន្ធនៅស្រុកបាទីត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយរកឃើញថាបានប្រើប្រាស់ថ្នាំខុសបច្ចេកទេសបណ្តាលឱ្យមានស្ត្រីវ័យ៤១ឆ្នាំម្នាក់ស្លាប់ រួចយកសាកសពមកផ្លុងចោលនៅកំប៉ូតព្រៃជាមួយកុមារីម្នាក់អាយុ៣ឆ្នាំ។

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្រុកបាទី ខេត្តតាកែវ មានប្រជាពលរដ្ឋប្រទះឃើញក្មេងស្រីអាយុ៣ឆ្នាំ យំឱបសាកសពស្ត្រីម្នាក់ដែលគេស្គាល់ថាឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ ៤១ឆ្នាំ នៅកំប៉ូតព្រៃ។ ហេតុការនេះ បង្កឡើងដោយម្ចាស់គ្លីនិកឯកជនមួយកន្លែងគេស្គាល់ថា  «យីហោសុងហាក់ ម៉ារីណា» ប្រព្រឹត្តិអំពើផ្ទុយពីវិជ្ជាជីវៈ មានចេតនាចង់បិទបាំងនូវការព្យាបាលរបស់ខ្លួន ដែលធ្វើអោយអ្នកជំងឺបានស្លាប់ រួចយកជនរងគ្រោះនឹងក្មួយស្រីដឹកតាមរថយន្តមកផ្លុងចោលនៅគុម្ពោតព្រៃស្ងាត់មួយកន្លែងទាំងយប់ ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី។ កញ្ញា រម៉ាស រស្មី រាយការណ៍

 

ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នាវេលាម៉ោង ០៦ និង ៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងរដ្ឋបាលស្រុកបាទី ចាត់តាំងមន្ត្រីជំនាញ និង មន្ត្រីពាក់ព័ន្ធដើម្បីចុះ ពិនិត្យស្រាវជ្រាវ និង បានចាត់វិធានការផ្លូវច្បាប់។

ពាក់ព័ន្ធករណីនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ ក៏បានបិទគ្លីនិកឈ្មោះ សុងហាក់ ម៉ារីណា ដោយ មិនឱ្យធ្វើអាជីវកម្ម និងសកម្មភាពជាបន្តនោះឡើយ។ ជាមួយគ្នា សមត្ថកិច្ចជំនាញក៏បានឃាត់ខ្លួនម្ចាស់គ្លីនិកទាំងពីរ នាក់ប្តី ប្រពន្ធ ដើម្បីយកមកសួរនាំ និង អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។ ដោយក្នុងនោះ ហៀង សុងហាក់ ភេទប្រុសអាយុ ៣៧ឆ្នាំជាស្វាមី និងឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ឆ្នាំជាប្រពន្ធ អ្នកទាំង២ជាម្ចាស់គ្លីនិកឯកជន យីហោ សុងហាក់ ម៉ារីណា។

រូបភាពពីបណ្ដាញសង្គម។

ក្រោយពីមានហេតុការណ៍នេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវបានចេញលិខិតបញ្ជាក់ថា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ប្តេជ្ញាចិត្តចំពោះមុខក្រសួងសុខាភិបាលបន្តខិតខំចុះពិនិត្យរាល់សកម្មភាពលើសេវាសុខាភិបាលឯកជនឥតច្បាប់ និងចាត់វិធានការយ៉ាង តឹងរ៉ឹងបំផុត ចំពោះជនបង្ករ ដើម្បីការពារសុខភាពសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ករណីនេះ មន្ត្រីជំនាញមានសកម្មភាពដូចជា៖

១. បញ្ឈប់ដំណើរការទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់ឈ្មោះ សុងហាក់ ម៉ារីណា ដោយមិនឱ្យមាន សកម្មភាពជាដាច់ខាត

២. អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់នោះ ដើម្បីសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន

៣. មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ រួមជាមួយគណៈគ្រូពេទ្យ និងក្រុមការងារអធិការកិច្ចក្រសួង សុខាភិបាល ធ្វើការស្រាវជ្រាវ និងចាត់វិធានការចំពោះជនបង្ករតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ក្នុងនាមរដ្ឋបាលខេត្តតាកែវ សូមប្តេជ្ញាចិត្តចំពោះមុខក្រសួង សុខាភិបាល បន្តខិតខំចុះពិនិត្យរាល់សកម្មភាពលើសេវាសុខាភិបាលឯកជនឥតច្បាប់ និងចាត់វិធានការយ៉ាង តឹងរ៉ឹងបំផុត ចំពោះជនបង្ករ ដើម្បីការពារសុខភាពសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

អត្ថបទដោយ៖ កញ្ញា ងិន ស៊ាងលីម

Share

ព័ត៌មានទាក់ទង