ភ្នំពេញ៖ ប្រធានគណៈកម្មាធិការទី ១ រដ្ឋសភាមកពីគណបក្សសង្គ្រោះជាតិ ដែលជាអ្នកផ្ដើមស្នើសុំរដ្ឋមន្ត្រីមហាផ្ទៃ មកបំភ្លឺករណីឃាតកម្មលោកបណ្ឌិត កែម ឡី សម្ដែងការសោកស្ដាយចំពោះ ប្រធានរដ្ឋសភាសម្តេច ហេង សំរិនបដិសេធសំណើរសុំកោះហៅរដ្ឋមន្ត្រី មកឆ្លើយបំភ្លឺ ។
ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីតំណាងរាស្ត្របក្សប្រឆាំងបានដាក់លិខិតកាលពីថ្ងៃទី ២១ ធ្នូ ស្នើសុំកោះហៅសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកសាកសួរករណីឃាតកម្មលោកបណ្ឌិត កែម ឡី ។
ជុំវិញការបដិសេធនេះ ប្រធានគណៈកម្មាធិការទី១ រដ្ឋសភា លោក អេង ឆៃអ៊ាងបានសម្តែងការសោកស្តាយ ខណៈក៏បានសម្តែងការភ្ញាក់ផ្អើលចំពោះស្ថាប័នរដ្ឋសភា បានចេញមុខឆ្លើយបដិសេធជំនួស សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៅវិញ។
លោក អេង ឆៃអ៊ាង៖«គណៈកម្មាធិការទី១ បានឯកភាពគ្នាកោះហៅសម្តេចក្រឡាហោម ស ខេង និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីបំភ្លឺករណីពាក់ព័ន្ធករណីឃាតកម្មរបស់លោកបណ្ឌិត កែម ឡី ហើយសម្រាប់ថ្ងៃនេះ ខ្ញុំឃើញប្រកាសព័ត៌មានអគ្គលេខាធិការដ្ឋានរដ្ឋសភាថាអះអាងជំនួសទៅវិញ វាជាចំនុចមួយសោកស្តាយ ហើយមិនគួរមានហេតុការណ៍បែបនិងទេគឺ ហេតុការណ៍បែបហ្នឹង រឿងបែបនិង ចម្លើយបែបនិងគឺ ត្រូវតែខាតនីតិប្រតិបត្តិអ្នកឆ្លើយពេលដែលលិខិតទៅដល់»។
វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបភ្លាមៗពីអ្នកនាំពាក្យរដ្ឋសភាបានទេ នៅថ្ងៃ ជុំវិញការ រិះគន់របស់លោក អេងឆៃអ៊ាង។
លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គម ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៦ នៅក្នុងផ្សារម៉ាតស្ថានីយប្រេងឥន្ទនៈកាលតិច ក្បែរភ្លើងស្តុបបូកគោ។ រហូតមកដល់ពេលនេះសមត្ថិកិច្ចចាប់បានជនសង្ស័យម្នាក់គត់ ឈ្មោះ ជួប សម្លាប់។ សំណុំរឿងឃាតកម្មលោកបណ្ឌិត កែម កំពុងស្ថិតនៅក្នុងដៃតុលាការធ្វើស៊ើបអង្កេតនៅឡើយ៕