ភ្នំពេញ៖ នៅសល់តែមួយឆ្នាំទៀត ប្រទេសកម្ពុជានឹងមានការបោះឆ្នោតថ្នាក់មូលដ្ឋាន គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ហើយនៅឆ្នាំ ២០១៨ នឹងមានការបោះឆ្នោតសភា។ ព្រឹត្តិការណ៍ទាំងនេះ គឺមានសារសំខាន់ដូចគ្នាសម្រាប់ប្រទេសប្រកាន់គោលការណ៍ប្រជាធិបតេយ្យ ហើយការបោះឆ្នោតត្រូវតែមានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជន ។
ខណៈព្រឹត្តិការណ៍នេះកាន់តែខិតជិតមកដល់ គេសង្កេតឃើញបក្សនយោបាយធំ ២ បានវាយប្រហារគ្នាហើយស្របពេលនេះ បក្សប្រឆាំងស្ថិតក្នុងស្ថានភាពភ័យខ្លាចដែលនាំឱ្យសហគមន៍អន្តរជាតិព្រួយបារម្ភអំពីហិង្សានយោបាយនៅតែបន្ត ប្រការនេះអាចប៉ះពាល់បរិយាកាសបោះឆ្នោត ។ ស្របពេលនេះសភាអាមេរិក ទទូចឱ្យកម្ពុជាបង្កលក្ខណៈសម្រាប់បក្សនយោបាយទាំង អស់ មានឱកាសប្រកួតប្រជែងដោយស្មើភាព។ តែបក្សប្រឆាំងថា កម្ពុជាគ្មានហិង្សានយោបាយទេ។
លោកស្រីបានថ្លែងដូចនេះ នៅក្នុងពិធីធ្វើសេចក្ដីថ្លែងការណ៍ប្រចាំថ្ងៃរបស់គណបក្សសង្គ្រោះជាតិ នៅស្នាក់ការកណ្ដាលគណបក្ស ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃពុធទី ២២មិថុនានេះ ។ លោកស្រីបានបញ្ជាក់ថា អំឡុងពេលលោកស្រីនៅបរទេស គឺលោកស្រីបានទៅទីក្រុងញូយ៉ក ដោយបានជួបអគ្គលេខាធិការរងអង្គការសហប្រជាតិ ហើយបានទៅប្រទេសកាណាដា និង អាមេរិក បានជួបជាមួយមន្ត្រីជាន់ខ្ពស់ប្រទេសទាំងនោះទៀតផង ។
ប៉ុន្តែនៅទីក្រុងវ៉ាស៊ិនតោន លោកស្រីបានជួបជាមួយសមាជិកសភាអាមេរិក ដែលស្រីអះអាងថា សភាប្រទេសមហាអំណាចមួយនេះ បានចេញដំណោះស្រាយមួយគឺលេខ ៧២៧ ដោយថ្លែងពីការទាមទារឱ្យ បក្សកាន់អំណាចនៅកម្ពុជា ដោះលែងអ្នកទោស «មនសិការ » ។ លោកស្រីបញ្ចាក់ថា អាមេរិកចង់ឱ្យកម្ពុជាមានបរិយាកាសអព្យាក្រឹត្យ និង គោរពសិទ្ធិសេរីភាព ពហុបក្ស នៅមុនការបោះឆ្នោតខាងមុខនេះ ។ លោកស្រី មួរ សុខហួរ៖«នៅក្នុងសភាសហរដ្ឋអាមេរិក គេបានធ្វើសេចក្តីសម្រេចចិត្តមួយលេខ ៧២៧ ក្នុងញត្តិថ្កោលទោស ក្នុងការសម្គាល់ចាត់វិធានការដោះលែងអ្នកទោសមនសិការ ឱ្យវិលត្រលប់នូវសភាពការនយោបាយ ដើម្បីរៀបចំឱ្យមានការបោះឆ្នោតត្រឹមត្រូវ សេរីនិងយុត្តិធម៌ខាងមុខនេះ »។

ថ្មីៗនេះ គេសង្កេតឃើញ សហគមន៍អន្តរជាតិជាច្រើន បាន ជំរុញឱ្យ កម្ពុជា ស្ដារសេរីភាព ពហុបក្ស និង លទ្ធិប្រជាធិបតេយ្យ ឡើយវិញ ។ តំណាងសហគមន៍អន្តរជាតិទាំងនោះ មានលោកបានគីមូនអគ្គលេខាធិការរង អង្គការសហប្រជាតិ សភាអឺរ៉ុប រដ្ឋមន្ត្រី សហប្រតិបត្តិការនិងអភិវឌ្ឍន៍ ប្រទេសអាល្លឺម៉ង់ ឯកអគ្គរដ្ឋទូត សហភាព អឺរ៉ុប បារាំង និង កាណាដា ។
ទោះជាយ៉ាងណា អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន្តមានប្រសាសន៍ជាមួយវិទ្យុស្ត្រីថា លោកសុខ ឥសាន្ត៖« មិនមែនតែរឿងថ្មីទេសម្រាប់ដំណោះស្រាយសភាអាមេរិក វាមានដូចមួយលើក ២ លើកមកហើយ ក៏ប៉ុន្តែខ្ញុំយល់ថាមិនមានឥទ្ធិពលអីក្របដណ្ដប់ទៅលើ ឯករាជ្យភាព និងអធិបតេយ្យភាព របស់កម្ពុជា ទេបាទ ។ ព្រោះកម្ពុជាអនុវត្តកម្ពុជា ហើយ កម្ពុជាមិនអាចយកច្បាប់ប្រទេសដទៃយកអនុវត្តបានទេ»។
កាលពីថ្ងៃទី ១៣ ឧសភា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅសហគមន៍អន្តរជាតិមួយចំនួន ដែល ជំរុញឱ្យមានការថយកំដៅនយោបាយនៅកម្ពុជាថា មិនមានមូលដ្ឋាន។ សម្ដេចថា ស្ថានការណ៍នយោបាយកម្ពុជា មិនមានអ្វីអាក្រក់ទេ។ សម្ដេចបន្ថែមថា អ្នករំលោភច្បាប់ គឺត្រូវតែមានទោស ។ យ៉ាងណាក៏ដោយ សម្ដេចចង់ឃើញតំណាងរាស្ត្របក្សប្រឆាំងវិលមកធ្វើការ ឬប្រជុំនៅសភាវិញ ខណៈសម្ដេច ទាត់ចោលការចរចាដើម្បីដោះលែងជនជាប់ចោទ។
លោក សំ គន្ធាមី នាយករដ្ឋប្រតិបត្តិអង្គការនិហ្វិច ដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បង្ហាញការគាំទ្រ ចំពោះសភាអាមេរិក ដែលចង់ឱ្យប្រទេសកម្ពុជា ធ្វើដំណើរទៅរកការបោះឆ្នោតដោយបរិយាកាស សេរី និងគ្មានការភ័យខ្លាច។
លោកពន្យល់ថា ដើម្បីធ្វើឱ្យបរិយាកាមួយអព្យាក្រឹត្យ គឺមុនការបោះឆ្នោតត្រូវតែមានការឯកភាពជាតិ និង អ្នកនយោបាយ ឈប់មានជំលោះជានឹងគ្នា ។ លោកសំ គន្ធាមី៖«សូមឱ្យគាត់ហ្នឹងវិលមករកវប្បធម៌សន្ទនាវិញ ហើយមានរឿងអីគាត់អាចនិយាយគ្នាទៅ ហើយដោះស្រាយគ្នាដោយសន្តិវិធីទៅ ហើយចូលរួមក្នុងការបោះឆ្នោតដោយប្រកួតប្រជែងដោយយុត្តិធម៌រៀងៗខ្លួនទៅ។ទី២ធ្វើយ៉ាងណាឱ្យប្រជាជនចូលរួមការបោះឆ្នោតដោយមិនមានភាពភ័យខ្លាច»។
លោក សំ គន្ធាមី ទទូចថា ការចុះបោះឆ្នោតខាងនេះក៏ត្រូវធ្វើឱ្យស្ថានការណ៍ ស្ងប់ស្ងាត់និង គ្មានការគំរាមកំហែងខាងនយោបាយ ដែរ។
ប្រទេសកម្ពុជា នឹងមានការបោះឆ្នោត២សំខាន់ៗ គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតសភា ឆ្នាំ២០១៨។ លោកសមរង្ស។ ប្រធានគណបក្សប្រឆាំង ដែល កំពុងនិរទេសខ្លួននៅក្រៅប្រទេស បានលើកឡើងថា បើស្ថាន ការណ៍ពេលនេះ មិនអាចវិលមករក ភាពប្រសើរ ឡើងវិញ គឺ ការបោះឆ្នោត ខាងនេះ នឹងមិនប្រព្រឹត្តទៅដោយ សេរី និងត្រឹម ត្រូវ ឡើយ ។ លោកអះអាងថា សហគមន៍អន្តរជាតិនឹងមិនបណ្ដោយឱ្យស្ថានការណ៍អាក្រក់នេះនៅបន្តដល់ពេលឃោសនា បោះឆ្នោតនោះឡើយ ៕