ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញរបាយការណ៍កាលពីថ្មីនេះ ដោយមើលឃើញថា សេរីភាពជាមូលដ្ឋានបញ្ចេញមតិ និងការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាមានភាពរឹតត្បិតខ្លាំងទៅៗ។ ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលបដិសេធទៅនឹងរបាយការណ៍នេះថា មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៅកម្ពុជា។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញរបាយការណ៍ប្រចាំខែសីហា ដោយបានបង្ហាញពីស្ថានភាពធ្លាក់ចុះនៃសិទ្ធិមនុស្ស ដែលរបាយការណ៍នេះបានផ្សព្វផ្សាយជាសាធារណៈនៅពីថ្ងៃទី០១ ខែកញ្ញា។ របាយការណ៍នេះ ប្រាប់អំពីទិដ្ឋភាពមួយចំនួន ដែលទាក់ទងទៅនឹងការបង្ក្រាបក្រុមអ្នកប្រមូលប្រផ្តុំ តវ៉ា បញ្ចេញមតិ ដូចជាការបង្ក្រាបលើអ្នកធ្វើ "យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ" ដោយមានការឃាត់ខ្លួនមនុស្សមួយចំនួនជាបន្តបន្ទាប់ តែត្រូវបានដោះលែងមកវិញ។ ក្នុងនោះក៏មានឃាត់ខ្លួនជនបរទេសដែលចូលរួមក្នុងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅផងដែរ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បដិសេធរបាយការណ៍របស់មជ្ឈ មណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ថាមិនឆ្លុះបញ្ជាំងអំពីការពិតនៅកម្ពុជាឡើយ។
នៅក្នុងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានបង្ហាញអំពីការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខាផងដែរ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានចាត់ទុកថា ករណី លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិគឺជាប្រព្រឹត្តិល្មើសច្បាប់របស់មេបក្សប្រឆាំងផ្ទាល់ខ្លួនប៉ុណ្ណោះ។ លោក សុខ ឥសាន្ត៖«ពាក់ព័ន្ធនិងលោក សម រង្ស៊ី និង កឹម សុខា តើគាត់អត់ប្រព្រឹត្តិខុសគេទៅរំលោភគាត់ឬមួយយ៉ាងម្ត៉េច។ ជាក់ស្តែងគឺគាត់អ្នកល្មើសច្បាប់ បញ្ហាសំខាន់ត្រង់សម័យជនដែលប្រព្រឹត្តិល្មើសច្បាប់មិនទទួលខុសត្រូវមុខច្បាប់»។

លោក សួន ប៊ុនស័ក្តិ អគ្គលេខាធិការនៃអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា CHRAC យល់ឃើញថា ពិតជាមានការរំលោភសិទ្ធិមនុស្សដូចទៅនិងរបាយការណ៍នេះមែន ព្រោះលោកអង្កេតឃើញថា ការសម្តែងមតិរបស់ប្រជាពលរដ្ឋមានភាពរអាក់រអួលច្រើនដែលនាំឲ្យមានការរឹតត្បឹតសេរីភាពបញ្ចេញមតិ។ លោក សួន ប៊ុនស័ក្តិ៖«ខ្ញុំឃើញតាំងពីដើមគឺអាជ្ញាធរតែងតែបដិសេធអញ្ចឹង តាមពិតទៅជាប្រការល្អក្នុងបំពេញកត្តប្បកិច្ចផ្នែកសិទ្ធិមនុស្ស រដ្ឋាភិបាលគោលគួរនិយាយថា ខ្ញុំនិងយកមកពិចារណា និងធ្វើការស្រាវជ្រាវ យើងគួរនិយាយថា យ៉ាងនេះទៅវិញ ប្រសើរជាងយើងទាត់ចោសទាំងស្រុង»។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងរយៈពេល ១៥ លើកនៃ"យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ" ត្រឹមថ្ងៃទី១៥ ខែសីហា មានការចាប់ខ្លួនសកម្មជនបឹងកក់ពីរនាក់ គឺអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ឲ្យជាប់ពន្ធនាគាររយៈពេល ៦ថ្ងៃ ពីបទញុះញង់ និងប្រមាថ៕