en     km
en     km

ភាគីពាក់ព័ន្ធចង់ឃើញច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានអនុម័តឱ្យបានឆាប់

Share

ភ្នំពេញ៖ ប្រទេសកម្ពុជាមិនទាន់មានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានទេ។ រយៈពេលជាង១០ឆ្នាំកន្លងមក ច្បាប់នេះ គឺស្ថិតនៅក្នុងសេចក្តីព្រាងនៅឡើយ ហេតុនេះភាគីពាក់ព័ន្ធរួមមានតំណាងអង្គការសង្គមស៊ីវិល រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ យុវជន ជនមានពិការភាព និងសហគមន៍ប្រមាណជាង៣០០នាក់បានមកជួបជុំគ្នាអបអរសាទរទិវាអន្តរជាតិសម្រាប់ទិវាសិទ្ធិដឹងជាសកលឆ្នាំ២០២៤ ក្រោមប្រធានបទ«ច្បាប់ស្តីពីសិទ្ធទទួលព័ត៌មានជាគន្លឹះសំខាន់ក្នុងការជំរុញការវិនិយោគ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា »កាលពីពេលថ្មីៗនេះក្នុងគោលបំណងបង្កើនការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃសិទ្ធិទទួលព័ត៌មាន និងចូលរួមយុទ្ធនាការឱ្យមានការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ឱ្យបានឆាប់ ។ អ្នកស្រីវ៉ាយ វត្តីជូនសេចក្តីរាយការណ៍

ដោយសារតែច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ស្ថិតនៅក្នុងសេចក្តីព្រាងនៅឡើយ  លោក សៅ ចន ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ តំណាងឱ្យជនមានពិការភាពមកពីអង្គការជនពិការកម្ពុជា បានសំណូមពរឱ្យរាជរដ្ឋាភិបាល ឬអង្គការដៃគូពាក់ព័ន្ធទៅលើសេចក្តីព្រាងច្បាប់នេះ ជួយពន្លឿន នឹងសម្រេចដាក់អនុវត្តន៍ឱ្យបានលឿនដើម្បីឱ្យប្រជាពលរដ្ឋ ពិសេសជនមានពិការភាព ជនងាយរងគ្រោះ ងទទួលបានសិទ្ធិទទួលព័ត៌មាន។ លោកយល់ថា សិទ្ធិទទួលព័ត៌មាន សម្រាប់ជនមានពិការភាពគឺមានសារៈសំខាន់ច្រើនដូចជាឱកាសការងារជាដើម។

លោក សៅ ចន៖​«កន្លងមកបងប្អូនប្រជាពលរដ្ឋមួយចំនួនគាត់មិនសូវខ្វាយខ្វល់ជាមួយជនមានពិការភាពទេ ឧទាហរណ៍ថាដាក់សេចក្តីប្រកាសអ្វីគាត់មិនបានយកចិត្តទុកដាក់ជនមានពិការភាព អ៊ីចឹងធ្វើឱ្យជនមានពិការភាព គាត់មិនបានទទួលព័ត៌មានពេញលេញឬមិនដឹងពីព័ត៌មានអ្វីទេ។ ​ជាក់ស្តែង​​​​ជនពិការភាពមានពិការភ្នែក​យើងចេញជាខិត្តប័ណ្ណ ឬក៏​ផ្សព្វផ្សាយ ឬក៏ជ្រើសរើសជាលក្ខណៈខិត្តប័ណ្ណគឺគាត់មិនអាចមើលឃើញ មិនដឹងទេថាតើហ្នឹងជាស្អី​​​ទាល់តែគេប្រាប់ អ៊ីចឹងគឺជាការបាត់បង់ព័ត៌មានមួយហើយ មួយទៀតពាក់ព័ន្ធនឹងបងប្អូនមានពិការភាពផ្នែកគថ្លង់នៅពេលយើងប្រកាសផ្សព្វផ្សាយ ឬជ្រើសរើសបុគ្គលិក​​ គឺយើងផ្សព្វផ្សាយតាមរយៈវីដេអូ​​​​ យើងនិយាយថាអង្គការនេះឬក្រុមហ៊ុននេះ ឬស្ថាប័ននេះគាត់ជ្រើសរើសបុគ្គលិក ប៉ុន្តែអត់មានភាសាសញ្ញាដាក់ឱ្យគាត់អ៊ីចឹងធ្វើឱ្យគាត់មើលឃើញតែវីដេអូហ្នឹងគេដាក់ហើយ តែមិនដឹងថាវីដេអូហ្នឹងគេនិយាយអំពីអ្វី អ៊ីចឹងធ្វើឱ្យបាត់បង់ព័ត៌មានគាត់ហើយ»។

ជាមួយគ្នានេះដែរ អ្នកស្រី ព្រំ គាត​ ប្រធានសហគមន៍អ្នកផ្ទុកមេរោគអេដស៏ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ យល់ថា ការទទួលបានព័ត៌មានមានសារៈសំខាន់ណាស់ ទាក់ទងនឹង ការថែទាំសុខភាព បរិស្ថាន អាកាសធាតុ និងថវិកាអភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក ខេត្តជាដើម។ ​អ្នកស្រីបន្តថា កន្លងមក ក្នុងសហគមន៍អ្នកស្រី ជាអ្នកផ្ទុកមេរោគអេដស៏ ដូច្នេះពួកគាត់មិនសូវមានភាពក្លាហានដូចអ្នកទូទៅនោះទេ។ ហេតុនេះអ្នកស្រីគិតថា សិទ្ធិទទួលព័ត៌មានសំខាន់ណាស់ សម្រាប់អ្នកស្រីយកទៅចែករំលែកដល់សហគមន៍បន្ត។

អ្នកស្រី ព្រំ គាត ៖« ពួកខ្ញុំខាងអ្នកជំងឺគាត់មិនសូវជាមានភាពក្លាហាន ដូចជាអ្នកទូទៅទេ ដូច្នេះគាត់កាន់តែខ្លាច តែក្រោយពីយើងបានព័ត៌មាន យើងយកទៅពង្រឹងដល់សហគមន៍របស់ខ្ញុំ ឱ្យគាត់បានដឹងពីសិទ្ធិរបស់គាត់ សំណូមពរថាយ៉ាងណារៀបចំធ្វើសេចក្តីសម្រេចហ្នឹងឱ្យបានឆាប់ៗទៅ បានចែកព័ត៌មានជូនទៅដល់ប្រជាពលរដ្ឋបានទាំងអស់គ្នា»។

ក្នុងនាមជាយុវជនមួយរូប កញ្ញា ហូ ម៉ូនីតា ក៏បានលើកឡើងអំពីសារៈសំខាន់នៃសិទ្ធិទទួលបានព័ត៌មាន ក្នុងការលើកកម្ពស់នូវតម្លាភាពនិងគណនេយ្យភាពក្នុងសង្គម។ កញ្ញាថា សិទ្ធិទទួលព័ត៌មាននឹងជំរុញឱ្យស្ថាប័នសាធារណៈបំពេញកាតព្វកិច្ច ផ្សព្វផ្សាយនឹងផ្តល់ជូនព័ត៌មានដល់សាធារណជនជាអតិប្បរមាដោយឱ្យសាធារណជនយល់ដឹងអំពីតួនាទី សកម្មភាពសហប្រតិបត្តិការ សេចក្តីសម្រេចទាំងឡាយរបស់រាជរដ្ឋាភិបាល ព្រមទាំងអាចកសាងបានការងាររបស់ស្ថាប័នសាធារណៈដើម្បីធានាថាមូនិធិសាធារណៈត្រូវបានចំណាយទៅតាមផែនការដែលបានគ្រោងទុក។

កញ្ញា ហូ ម៉ូនីតា៖«ការដែលសាធារណជនអាចដឹង អំពីព័ត៌មាននានា អំពីសកម្មភាពមូលដ្ឋានរស់នៅ ភូមិ ឃុំ សង្កាត់ ដែលខ្លួនរស់នៅដូច្នេះជាចំណុចវិជ្ជមានដែលជួយជំរុញឱ្យមានការបើកចំហ ឥតលាក់លៀម និងជួយកសាងទំនុកចិត្តរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលដោយការលើកកម្ពស់ ព្រមទាំងពង្រឹងគណនេយ្យភាពសង្គមឱ្យបានទូលំទូលាយទូទាំងប្រទេស ក៏ជាយន្តការដ៏សំខាន់ មួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់អភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋានផងដែរ»។

បន្ថែមពីលើនេះកញ្ញា ហូ ម៉ូនីតា ថា សិទ្ធិទទួលព័ត៌មានជាសិទ្ធិមួយរបស់ប្រជាពលរដ្ឋ ដែលជំរុញឱ្យពួកគាត់អាចប្រើប្រាស់សិទ្ធិរបស់ខ្លួនបានពេញលេញនៅក្នុងសកម្មភាព ឬជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ កញ្ញាថា  សិទ្ធិនេះបានលើកកម្ពស់ការចូលរួមជាសាធារណៈពីសំណាក់ប្រជាពលរដ្ឋ គ្រប់វិស័យទាំងអស់ ទាំងវិស័យនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេស តាមរយៈសកម្មភាពការចូលរួមស្តាប់រាល់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដឹងពីផែនការ ការដេញថ្លៃ ការចំណាយនានានៅក្នុងភូមិ ឃុំ ដែលគាត់រស់នៅ។

កញ្ញា ហូ ម៉ូនីតា ៖«នាងខ្ញុំតំណាងឱ្យយុវជនទាំងអស់ សូមសំណូមពរទៅកាន់រាជរដ្ឋាភិបាល និងស្ថាប័នដែលពាក់ព័ន្ធទាំងអស់ សូមធ្វើការពន្លឿននីតិវិធីក្នុងការអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធទទួលព័ត៌មានឱ្យទៅជាច្បាប់ដែលមានវិសាលភាព ក្នុងការអនុវត្តទូទាំងព្រះរាជាណាចក្រកម្ពុជាដើម្បីលើកកម្ពស់សិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ លើកកម្ពស់អភិបាលកិច្ចល្អ និងការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងជំរុញការវិនិយោគ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជាផងដែរ»។

លោក ឡាំ សុជាតិ នាយកប្រតិបត្តិអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API) បានឱ្យដឹងថា ដោយសារតែមិនទាន់មានច្បាប់សិទ្ធិទទួលព័ត៌មាន ទើបយើងមិនដឹងថាព័ត៌មានបែបណាជាព័ត៌មានសាធារណៈ និងព័ត៌មានបែបណាជាព័ត៌មានសម្ងាត់ របស់ជាតិ​ ហើយអ្នកផ្តល់ព័ត៌មានក៏មានការស្ទាក់ស្ទើរក្នុងការផ្តល់ព័ត៌មានដល់សាធារណៈជនផងដែរ ។​​ លោកថាកន្លងមក ប្រជាពលរដ្ឋ ធ្លាប់តែទៅសុំសេវាសាធារណៈ សេវាសុខាភិបាល សេវាអប់រំ ឬសុំថវិកាផ្សេងៗ ជាដើម មិនទាន់មានទម្លាប់ទៅសុំព័ត៌មាននោះទេ មានតែអ្នកសារព័ត៌មានទើប ទៅសុំព័ត៌មានពីរដ្ឋ។ ប៉ុន្តែបើមានច្បាប់សិទ្ធិទទួលព័ត៌មាន លោកថា ពលរដ្ឋដែលជាបុគ្គលក៏អាចទៅសុំព័ត៌មានដោយផ្ទាល់ដោយមិនឆ្លងកាត់អ្នកសារព័ត៌មានទេ ហើយអាចសុំឯកសារគ្រប់ទម្រង់ពីរដ្ឋដែរ ជាពិសេសសិស្ស-និស្សិត រួមទាំងអ្នកវិនិយោគថែមទៀត។​

លោក ឡាំ សុជាតិ៖«សិទ្ធិទទួលព័ត៌មានសំខាន់​មិនសម្រាប់តែសិស្ស និស្សិត គឺ​សំខាន់សម្រាប់អ្នកវិនិយោគ ដែលមុននឹងសម្រេចរកស៊ីអី វិនិយោគអីត្រូវចំណេញជោគជ័យទាំងអ្នកវិនិយោគក្នុងស្រុកនិងអន្តរជាតិមកប្រទេសកម្ពុជាថាយើងមកវិនិយោគស្រុកខ្មែរលើវិស័យអី សំណួរហ្នឹងសួរធំហើយគាត់ចំណាយលុយអស់រាប់ម៉ឺន លានដុល្លារដើម្បីសិក្សាស្រាវជ្រាវមុននឹងសម្រេចចិត្តវិនិយោគសុទ្ធតែដើម្បីចង់បានព័ត៌មានច្បាស់លាស់ ហើយព័ត៌មានទាំងអស់ហ្នឹងភាគច្រើនទៅតាមអាទិភាពផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល រយៈពេលខ្លី មធ្យម និងរយៈពេលវែង»។

លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) បានពន្យល់ពីភាពខុសគ្នារវាងច្បាប់សិទ្ធិទទួលព័ត៌មាន និងច្បាប់របបសារព័ត៌មាន។ លោកលើកឡើងថា​ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានជាទូទៅពលរដ្ឋអាចទៅស្នើសុំព័ត៌មានសាធារណៈពីស្ថាប័នរដ្ឋ រីឯច្បាប់ស្តីពីរបបសារព័ត៌មានគឺប្រើប្រាស់សម្រាប់តែអ្នកសារព័ត៌មាន។

លោក ណុប វី ៖« ច្បាប់ស្តីពីរបបសារព័ត៌មានបច្ចុប្បន្នកំពុងស្ថិតនៅក្នុងការពិចារណាក្នុងការធ្វើវិសោធនកម្មឬមួយតាក់តែងឡើងវិញដោយក្រសួងព័ត៌មាន ហើយសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានក៏នៅក្នុងការសម្របសម្រួល​របស់ក្រសួងព័ត៌មានដែរ។ ជាការពិតគ្រប់គ្នាគឺត្រូវទទួលបានផលប្រយោជន៍ពីច្បាប់សិទ្ធិទទួលព័ត៌មានរួមទាំងយុវជនដែរ»។

ជុំវិញនឹងការពន្លឿនច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ លោក ទី សុគន្ធ តំណាងគណៈកម្មការទី៥នៃរដ្ឋសភាជាតិ ក៏បានលើកឡើងអំពីសារៈសំខាន់នៃព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ដែលនាំឱ្យគ្រោះថ្នាក់ដល់ខ្លួនឯង និងប្រទេសជាតិផងដែរ។ ទន្ទឹមនឹងនេះ លោកបានគាំទ្រឱ្យមានការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ព្រោះប្រទេសមួយដែលអាចរីកចម្រើនជឿនលឿនទៅបានដោយឈរលើការណ៍គោរព  ច្បាប់។

លោក ទី សុគន្ធ ៖« យើងគាំទ្រឱ្យមានការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ ពីព្រោះអ្វីៗទាំងអស់អាចធ្វើឱ្យមានការរីកចម្រើន អភិវឌ្ឍន៍ទៅដោយមានសណ្តាប់ធ្នាប់គឺត្រូវឈរលើច្បាប់ មិនអាចធ្វើទៅដោយគ្មានច្បាប់ទម្លាប់ ធ្វើទៅដោយអនាធិបតេយ្យទេ នេះគឺជារឿងពិត»។

គួររំលឹកថា សិទ្ធិទទួលព័ត៌មាន ត្រូវបានគេស្គាល់ថាជាច្បាប់សិទ្ធិទទួលព័ត៌មាន ឥឡូវនេះត្រូវបានអនុម័តជាច្បាប់ ឬគោលនយោបាយជាង១២០ប្រទេស។ ដោយទទួលស្គាល់ពីសារៈសំខាន់នៃសិទ្ធិទទួលព័ត៌មាន មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ក្នុងខែតុលាឆ្នាំ២០១៩ បានប្រកាសយកថ្ងៃទី២៨ ខែកញ្ញា ជាទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មាន។

ជុំវិញសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ​ លោក  ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី៨ ខែតុលាឆ្នាំ២០២៤ នេះថា ក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀតកំពុងតែពិនិត្យនិងរៀបចំកិច្ចការងារនេះដែរ។

លោក  ទេព អស្នារិទ្ធ  «រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន ក៏ដូចជាតួអង្គពាក់ព័ន្ធទាំងអស់សុទ្ធសឹងតែបានទទួលស្គាល់និងផ្តល់សារៈសំខាន់កិច្ចការនេះ ក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀតកំពុងតែពិនិត្យនិងរៀបចំកិច្ចការងារនេះ»៕

 

Share

ព័ត៌មានទាក់ទង