ភ្នំពេញ ៖ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះអង្គប៊ុត ប៊ុន តិញ មានថេរដីកាថា ព្រះអង្គនឹងនិមន្តទៅបំភ្លឺនៅសាលា ដំបូងរាជធានីភ្នំពេញព្រឹកថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៦ លើករណីដែលអ្នកនយោបាយម្នាក់បានចោទប្រកាន់ព្រះអង្គថា បានបរិហារកេរ្តិ៍ឈ្មោះជាសាធារណៈ។ ព្រះអង្គមានថេរដីការដូចនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការកោះហៅនិមន្តព្រះអង្គជាលើកទី ២ ឱ្យចូលព្រះកាយបំភ្លឺករណីបរិហាកេរ្តិ៍ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ នៅព្រឹកថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៦។

ព្រះអង្គប៊ុត ប៊ុន តិញ បានសរសេរនៅទំព័រហ្វេសប៊ុកព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម នៅថ្ងៃទី ២៦ ខែ កញ្ញានេះយ៉ាងដូចច្នេះថា៖« អាត្មានឹងនិមន្តទៅតាមការកោះរបស់អស់លោក ហើយដីការកោះនេះអាត្មាទទួលបានតាមរយៈទំនាក់ទំនងបណ្ដាញសង្គមវ៉តសាប់ (WhatApp)»។
ព្រះអង្គមានថេរដីកាបន្តថា រឿងចាញក្តីនៅតុលាការមិនសំខាន់ តែរឿងយុត្តិធម៌ពិតជាមានសារៈសំខាន់ណាស់សម្រាប់ព្រះអង្គ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ព្រះអង្គប៊ុត ប៊ុន តិញ៖«បើហ៊ានប្រើពាក្យនិមន្តតែម៉ាត់ អាត្មានឹងនិមន្តទៅតុលាការភ្លាមដោយមិនមានការភ័យខ្លាចនោះទេ។ រឿងចាញ់ក្ដីនៅតុលាការមិនសំខាន់ តែរឿងយុត្តិធម៌ពិតជាមានសារៈសំខាន់ណាស់ សំរាប់អាត្មា និងញាតិញោមខ្មែរគ្រប់រូប»។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបដិសេធមិននិមន្តទៅបំភ្លឺនៅចំពោះមុខតុលាការលើកទី ១ នៅព្រឹកថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦ បន្ទាប់ពីលោក ម៉ម សូណង់ដូ បានប្ដឹងពីបទបរិហាកេរ្តិ៍ថា ព្រះអង្គបានចោទ មេបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរូបនេះថា បង្កើតគណបក្សថ្មី ដើម្បីបំផ្លាញគណបក្សសង្គ្រោះជាតិ ព្រោះទៅចរចាសុំតំណែងពីគណបក្សសង្គ្រោះជាតិតែមិនបាន។
លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ធ្លាប់បានប្រាប់វិទ្យុស្ត្រីថា អ្វីដែលនាំឱ្យលោកប្ដឹងគឺ ដោយសារតែថេរដីការបស់ព្រះអង្គ ប៊ុត ប៊ុនតិញ បានប៉ះពាល់ខ្លាំងដល់កិត្ដិយសរបស់លោក ក៏ដូចជាគណបក្សលោកផ្ទាល់ ព្រោះអាចនឹងបាត់បង់ការគាំទ្រពីពលរដ្ឋព្រោះ ថេរដីការបស់ព្រះអង្គ ជាការមូលបង្កាច់ទាំងស្រុង។ លោកបន្តថាប្រសិនបើព្រះតេជគុណ ប៊ុត ប៊ុនតិញ មិនព្រមបកស្រាយបំភ្លឺទេ លោកនៅតែបន្ដប្ដឹងព្រះអង្គពីបទបរិហាកេរ្ដិ៍ដដែល។ លោកថា បើព្រះអង្គ ប៊ុត ប៊ុនតិញ សុំទោស លោក នឹងដកពាក្យបណ្តឹងវិញ។
លោក ម៉ម សូណង់ដូ៖«ប្រសិនគាត់ហ៊ានសរសេរលិខិតមកសុំទោសហើយការនិយាយទាំងអម្បាលន្មានអត់មានការពិតទេ ហើយការនិយាយរបស់គាត់កន្លងមកគឺមានការឆ្គាំឆ្គងមែនទែន បញ្ជាក់តែប៉ុណ្ណឹងមកបានហើយខ្ញុំអត់មានចង់បានអីទេ»។
ករណីដែលប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ប្ដឹងស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យនេះដែរ ត្រូវបានអ្នកវិភាគយល់ឃើញថា លោក ម៉ម សូណង់ដូ គួរបើកចិត្ដឲ្យទូលាយដើម្បីទទួលយកការរិះគន់ ព្រោះខ្លួនជាបុគ្គលសាធារណៈ។ លើកពីនេះអ្នកវិភាគយល់ថា ប្រសិនបើលោក ម៉ម សូណង់ដូ ខ្លាចការរិះគន់គឺមិនគួរធ្វើនយោបាយទេ៕