ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សចំនួន ១៧នាក់មានអាការៈពុលដោយមានរោគសញ្ញា ចុកពោះ រាក ក្អួត បន្ទាប់ពីទទួលទានផ្សិតជុំគ្នាកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ បើតាមក្រសួងសុខាភិបាលដែលចេញសេចក្តីប្រកាសនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា អ្នកទាំង១៧នាក់នោះមានទីលំនៅនៅភូមិឡុំ ឃុំប៉ក់ញែ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពនិងមន្ទីរពេទ្យ។
បន្ទាប់ពីកើតមានករណីនេះ ខាងមន្ទីរសុខាភិបាលខេត្តរតនគិរី បានសហការជាមួយក្រុមការងារមានអាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធផ្សេងទៀត ដើម្បីអង្កេតស្រាវជ្រាវយ៉ាងសកម្មលើករណីពុលនេះ និងធ្វើការណែនាំដល់ប្រជាពលរដ្ឋនៅទីនោះជៀសវាងទទួលទានប្រភេទផ្សិតដែលសង្ស័យ។
ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី
ផ្អែកតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល បញ្ជាក់ថាក្នុងចំណោមផ្សិតរាប់ពាន់ប្រភេទ មានផ្សិតប្រហែល ១០០ប្រភេទ ដែលអាចបណ្តាលឱ្យពុលពេលបរិភោគ។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល ស្នើដល់ប្រជាពលរដ្ឋគួរចៀសវាងបរិភោគផ្សិតដែលមានជាតិពុលដ្បិតអាចបង្កគ្រោះថ្នាក់បាត់បង់ជីវិត។
តាមរយៈករីណពុលផ្សិតនេះ ក្រសួងណែនាំបន្ថែមថា មុននឹងយកផ្សិតមកចម្អិនជាម្ហូបត្រូវស្គាល់ប្រាកដថា ផ្សិតនោះមិនពុល ឬត្រូវចម្អិនផ្សិតដែលមិនពុលឱ្យបានត្រឹមត្រូវ និងឆ្អិនល្អមុនបរិភោគ និងប្រកាន់អនាម័យមុនចាប់កាន់អាហារ និងទទួលទានចំណីអាហារ។
ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី
ជាការណែនាំចំពោះមុខនេះ ក្រសួងក៏បានបង្ហាញពីរោគសញ្ញាខ្លះនៃការពុលផ្សិត។ ក្នុងនោះ គឺអាចមានអាការៈចុកពោះ រាក ក្អួត បែកញើស រីកប្រស្រីភ្នែក ដង្ហើមញាប់ និងពិបាកដកដង្ហើម ក្រោមទទួលទាន់រយៈពេល២ ទៅ ៦ម៉ោង។ ជាងនេះអ្នកពុលផ្សិតអាចឈានដល់ស្ថានភាពឡេះឡះរហូតអាចស្លាប់ក្នុងរយៈពេលណាមួយទៅតាមជាតិពុលក្នុងផ្សិត។
ជាងនេះទៀត ជាតិពុលខ្លះបង្កផលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ តម្រងនោម ឬថ្លើម ជួនកាលច្រើនថ្ងៃ ឬច្រើនសប្តាហ៍បន្ទាប់ពីបរិភោគ។ ចំពោះមុខនេះ អ្នកពុលត្រូវប្រញាប់ស្វែងរកការជួយសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតផ្ទះបំផុត ដោយស្ថានភាពអ្នកពុលតម្រូវឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានពីគ្រូពេទ្យជាចាំបាច់៕