រាជរដ្ឋាភិបាលសម្រេចកែសម្រួលឱ្យតម្លៃសាំងចុះតម្លៃមកត្រឹម ៣០៥០ រៀល ក្នុងមួយលីត្រ សម្រាប់តម្លៃសាំងធម្មតា ហើយសាំងស៊ុបពែរចុះមកត្រឹម ៣១៥០ រៀល ក្នុងមួយលីត្រ។ តាមអង្កេតឃើញថា ស្ថានីយប្រងសាំងមួយចំនួននៅភ្នំពេញចាប់ផ្ដើមអនុវត្តភ្លាមៗ ហើយ ស្ថានីយប្រេងសាំងខ្លះទៀត ចុះតម្លៃក្រោមតម្លៃដែលរដ្ឋាភិបាលដាក់ចុះនោះទៀត។
អ្នកសារព័ត៌មានរបស់វិទ្យុស្ដ្រី បានចុះជួបពួកគាត់នៅកន្លែងផ្សេងៗគ្នានៅរាជធានីភ្នំពេញ។ ពួកគាត់ជា សិស្ស និស្សិត អ្នករត់ម៉ូតូឌុប និងអ្នករត់រ៉ឺម៉ក់កង់បី។ ពួកគាត់បានសម្ដែងការសាទរ ចំពោះ វិធានការរបស់រដ្ឋាភិបាល ប៉ុន្តែក៏មានអ្នកខ្លះបារម្ភខ្លាច ការអនុវត្តមិនមានប្រសិទ្ធភាព យូរអង្វែង។
ព័ត៌មាននេះរាយការណ៍លម្អិតដោយ កញ្ញា ជុំ ជោគជាតា ៖
ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលតម្លៃលក់ប្រេងឥន្ធនៈ ឱ្យចុះទាបជាងមុន ដោយក្នុងនោះម្លៃប្រេងសាំងស៊ុបពែរ គឺពីតម្លៃ ៣៦៥០ រៀល ក្នុងមួយលីត្រ បាន ចុះមកត្រឹម ៣១៥០ រៀល។ រីឯប្រេងសាំងធម្មតា ពី ៣៣៥០ រៀល ក្នុងមួយលីត្រ ចុះត្រឹម ៣០៥០ រៀល ក្នុងមួយលីត្រ។ ជាមួយគ្នានេះ ប្រេងម៉ាស៊ូតពីតម្លៃ ៣១០០ រៀល ក្នុងមួយលីត្រ ចុះត្រឹម ២៧០០ រៀល ក្នុងមួយលីត្រ។
ហេតុផលនៃការកែសម្រួលរូបមន្ដតម្លៃប្រេងសាំង តាមរយៈក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងរ៉ែ និងថាមពល នៅពេលនេះ គឺដើម្បី ឱ្យស្ថានីយប្រេងឥន្ធនៈទាំងអស់ ត្រូវលក់តាមតម្លៃឡើងចុះនៃទីផ្សារអន្តរជាតិ។ ទន្ទឹមនឹងការធ្លាក់ថ្លៃប្រេងឥន្ធនៈនៅពេលនេះ ពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញមួយចំនួន បានសាទរ។

ចាប់អារម្មណ៍ជាមួយនឹងយុវជនមួយរូបដំបូងគេនោះគឺយុវជន ឡុន សុភៀង។ សុភៀង បានប្រាប់ឱ្យដឹងថា សព្វថ្ងៃលោកជានិស្សិតឆ្នាំទី៣ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកបម្រើការងារនៅក្រុមហ៊ុនឯកជនមួយកន្លែងក្នុងរាជធានីភ្នំពេញ។ យុវជន ឡុន សុភៀង និយាយថា សាំងដែលគេទើបតែចុះចាក់យានជំនិះនោះ មានតម្លៃ ៣០៥០ ក្នុង មួយលីត្រ ដែលគេអាចទទួលយកបាន។
លោក ឡុន សុភៀង៖ «ខ្ញុំបាទឈ្មោះ សុភៀង ខ្ញុំជានិស្សិតរៀននៅ សាកលវិទ្យាល័យ…..» បើ សិនជាអាចសាំងចុះបន្ដទៀតក៏ល្អដែរ ព្រោះអីខ្ញុំក្នុងម្ង៉ៃ ខ្ញុំចាក់សាំងអស់ ៣ លីត្រ ក្នុងមួយថ្ងៃ ចឹងខ្ញុំ ត្រូវចំណាយទឹកប្រាកអស់ច្រើន»។
មានចំណាប់អារម្មណ៍មិនខុសពីយុវជនខាងលើ កញ្ញា ប៊ុន ចាន់លីណា ដើរឈរមិនឆ្ងាយពី កន្លែងយុវជនខាងលើប៉ុន្មាន បាននិយាយថា តម្លៃសាំងដែលកញ្ញាបានចាក់មុននេះបន្ថិច គឺ បានធ្លាក់ថ្លៃ និងអាចទទួលយកបាន។ កញ្ញា ប៊ុន ចាន់លីណា៖ «ធ្លាក់ចុះ ទទួលយកបាន អត់អី »។

មកចាប់រម្មណ៍ជាមួយមតិយោបល់ អ្នករត់រ៉ឺម៉ក់កង់បី ឈរចាំដឹកអ្នកដំណើរនៅម្ដុំស្ថានីយប្រេងសាំង គឺលោក ជន ផល្លា។ លោក ជន ផល្លា បានឱ្យដឹងថា តម្លៃសាំងនៅលើ ទីផ្សាររាល់ថ្ងៃ គឺមានការចុះថ្លៃគួរទទួលយកបាន។ ប៉ុន្ដែលោកថា បើរាជរដ្ឋាភិបាលកំណត់បាន តម្លៃប្រេងសាំងឱ្យនៅត្រឹម ក្រោម ៣ពាន់រៀល ក្នុងមួយលីត្រ គឺលោក ថា ទាំងអ្នករត់រ៉ឺម៉ក់ កង់បី និងអ្នករត់ម៉ូតូទាំងអស់ គឺសប្បាយចិត្ត។ លោក ជន ផល្លា៖ «បើរាជរដ្ឋាភិបាលយើង បន្ទាបតម្លៃសាំងទៀតរឹតតែល្អ។ អ្នកខាងម៉ូតូ កង់បី អ្នករត់ម៉ូតូអី និយាយទៅ ទូទៅ គឺសប្បាយចិត្ត »។
តម្លៃសាំងមានការឡើងចុះជាញឹកញប់តែ ទោះជាយ៉ាងណាតម្លៃសាំង ៣០៥០ រៀល ក្នុង មួយលីត្រ នៅពេលនេះ គឺអាចទទួលយកបាន។ នេះជាការលើកឡើងរបស់លោក ចាន់ សាវុន អ្នករត់ម៉ូតូមួយរូបទៀត ដែលឈរមិនឆ្ងាយពីស្ថានីយចាក់ប្រេង។

លោក ចាន់ សាវុន៖ «ខ្ញុំចាក់សាំងពីរលីត្រ ៦១០០រៀល ប៉ុណ្ណឹងវាអត់អី ខ្ញុំអាចទប់បានប៉ុន្ដែ បើ តម្លៃសាំងលើសពីនេះ ខ្ញុំអត់អាចទទួលយកបានទេ ព្រោះអីដឹងស្រាប់ហើយ អ្នករត់ម៉ូតូ …»។
លោក គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ច និងជាសមាជិកក្រុមអ្នកស្រាវជ្រាវ រាជបណ្ឌិត្យសភា មានប្រសាសន៍ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រីថា ជាការពិត ចំណាត់ការរបស់រដ្ឋាភិបាល គួរឱ្យសាទរ ព្រោះជាផលប្រយោជន៍រួម។ ប៉ុន្តែ លោកឱ្យដឹងថានៅប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសវៀតណាម គឺតម្លៃប្រេងសាំង ប្រហែលជា ១៦០០ រៀល លុយខ្មែរ។
លោក គី សេរីវឌ្ឍន៍ ថា៖ «បើយើងគិតតាមតម្លៃ ខ្ញុំយល់ថា នៅទេ ព្រោះ អាទិត្យមុន ខ្ញុំទើបតែមកពីវៀតណាម។ ប្រេងសាំង ស៊ុបពែរ នៅវៀតណាម មួយលីត្រតែ ១ពាន់ប្រាំមួយរយ រៀលលុយខ្មែរទេ យើងនេះយើងថ្លៃជាងគេ ពីរដង។ ដោយសារយើងនាំចូល ចឹងកាលណាយើងនាំចូល ទីមួយ ប្រេងមានការបង់ពន្ធ ចំណែកឯនៅ វៀតណាម គេមានរោងចក្រផលិតប្រេងខ្លួនឯង ទីពីរ ដោយសារតែ ក្រុមហ៊ុនប្រេងនៅស្រុកខ្មែរ គឺសហការគ្នា គឺមានន័យថា មិនប្រកួតប្រជែងគ្នាកំណត់តម្លៃលក់ដូចគ្នា និងកាត់ចំណែកថ្លៃចំណេញ ស្មើៗគ្នា ដូចៗគ្នា»។
តាមការអង្កេត ស្ថានីយប្រេងសាំងនៅរាជធានៅភ្នំពេញ មានតម្លៃខុសៗគ្នាកន្លែងខ្លះ លក់ ក្នុងតម្លៃ ៣០៥០ រៀល និងសាំងស៊ុបពែរ ៣១៥០ រៀល ក្នុងមួយលីត្រ។ តែស្ថានីយខ្លះ ដាក់លក់ ត្រឹម ២៩០០ រៀល ទៅ ២៨០០ រៀល និងខ្លះទៀត ២៧៥០ រៀល ក្នុងមួយលីត្រ៕