ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងហូរមកពីព្រំដែនថៃក្នុងខេត្តបន្ទាយមានជ័យបានដឹកជញ្ជូនឥវ៉ាន់ និងសត្វពាហនៈចូលទៅរស់នៅក្នុងលំនៅឋានវិញ បន្ទាប់ពីស្ថានភាពជំនន់ទឹកភ្លៀងស្រកចុះ។

លំនៅឋានប្រជាពលរដ្ឋជាង៤០០ខ្នងក្នុងចំណោមលំនៅឋាន១៥០០ខ្នងក្នុងឃុំចំនួន៥នៅខេត្តបន្ទាយមានជ័យរងផលប៉ះពាល់ជន់លិចដោយសារជំនន់ទឹកភ្លៀងនិងទឹកភ្លៀងហូរពីអូរព្រំដែនថៃកាលពីដើមសប្តាហ៍នេះ ទឹកបានស្រក់អស់ហើយនៅរសៀលថ្ងៃទី៤ ខែតុលា។
អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី៥ ខែតុលានេះថា ប្រជាពលរដ្ឋដែលជម្លៀសទៅរកទីទួលមានសុវត្ថិភាពគេចចេញពីជំនន់ទឹកភ្លៀងបានដឹកជញ្ជូនសម្ភារៈនិងសត្វពាហនៈចូលទៅរស់នៅក្នុងលំនៅឋានរបស់ពួកគេវិញហើយកាលពីរសៀលម្សិលមិញ។
លោក សួន បវរ បានបញ្ជាក់ថាប្រជាពលរដ្ឋជាង៤០០ខ្នងបានងរងផលប៉ះពាល់ខ្លំាងជាងគេនៅក្នុងឃុំអូរសុព័រ ឃុំអូស្រឡៅ ឃុំបឹងបេង ឃុំម៉ាឡៃ និងឃុំទួលពង្រ។លោកថា ជំនន់ទឹកភ្លៀងនេះបានធ្វើឲ្យប៉ះពាល់ដំណាំដំឡូងមីប្រជាពលរដ្ឋប្រមាណ៣ហិកតា តែមិនប៉ះពាល់ដល់សុខភាព និងជីវិតមនុស្ស និងសត្វពាហនៈទេ។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ស្ថានភាពទឹកភ្លៀងនឹងបន្តធ្លាក់រាយប៉ាយនៅទូទំាងប្រទេសនៅថ្ងៃទី៧ ខែតុលា។ខណៈដែលស្ថានភាពទឹកភ្លៀងថមថយបន្តិចនៅថ្ងៃទី៥និង៦នេះ។
លោក ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលបានចុះទៅពិនិត្យផ្ទាល់បានឲ្យដឹងថាស្ថានភាពទឹកស្រក់អស់ហើយនៅខេត្តបន្ទាយមានជ័យ។
លោក ញឹម វណ្ណដា បញ្ជាក់ថាចំពោះស្ថានភាពទឹកភ្លៀងជន់លិចខេត្តសៀមរាបដោយផ្នែកៗគឺមិនទាន់ស្រកអស់នៅឡើយទេ។ប៉ុន្តែទឹកស្រកអស់នៅថ្ងៃស្អែក។
លោកអះអាងថាកត្តាដែលនំាឲ្យទឹកជន់លិចខេត្តសៀមរាបដោយសារស្ទះលូទឹកនិងប្រឡាយ ទឹក។ប៉ុន្តែលោកថាករណីនេះអាជ្ញាធរខេត្តកំពុងស្តារលូនិងប្រឡាយទឹកហើយ។
ក្នុងអំឡុងពេលចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅជុំវិញខេត្តជាប់បឹងទន្លេសាប លោក ញឹម វណ្ណដា បានឲ្យដឹងថាប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់បង្កបង្កើនផលស្រូវ។
បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបង្ហាញថាក្នុងរយៈ៩ខែឆ្នំា២០១៧នេះគ្រោះមហន្តរាយកើតមានចំនួន១៥៩លើកក្នុងខេត្តរាជធានី២៣។
គ្រោះមហត្តរាយនេះបានសម្លាប់មនុស្ស៦នាក់និងរបួស៥០នាក់។លំនៅឋាន៥៥៦ខ្នងរលំនិងខូចខូចខ្លំាងនិងខូចខាតមធ្យម៣៤៧៤ខ្នង៕