en     km
en     km

ពលរដ្ឋមួយគ្រួសារនៅស្រុកបាទី ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន យល់ព្រមបញ្ចប់វិវាទ

Share

អ្នកស្រី ម៉ិច សុវណ្ណរី និងស្វាមី។ រូបភាពពីអ្នកស្រី សុវណ្ណរី

ក្រោយពីមានការប្ដឹងផ្ដល់គ្នាកន្លងមកអំពីការទាមទារតម្លៃទិញ-លក់ដីរបស់ពលរដ្ឋមួយគ្រួសារនៅស្រុកបាទី ខេត្តតាកែវ ជាមួយតំណាងក្រុមហ៊ុនចិន ភាគីទាំងសងខាង បានយល់ព្រមសម្របសម្រួលគ្នាដោយសន្តិវិធី និងបានដកពាក្យបណ្ដឹងចេញរៀងៗខ្លួន ហើយព្រមទទួលយកការទូទាត់តម្លៃដី ដើម្បីបញ្ចប់វិវាទនេះ។ កញ្ញា ជា សុខនី រាយការណ៍

 

 

វិវាទដីធ្លីនេះ បានកើតឡើងដោយសារភាគីប្រជាពលរដ្ឋ ដែលជាម្ចាស់ដី មិនសុខចិត្តដែលភាគីតំណាងក្រុមហ៊ុនចិន មិនព្រមទូទាត់លុយតម្លៃដីទៅតាមកិច្ចសន្យាទិញ-លក់ដីដែលធ្វើចុងក្រោយ តែបែរជាយកកិច្ចសន្យាចាស់មកទូទាត់ឱ្យទៅវិញ។ ក្នុងកិច្ចសន្យាទិញ-លក់ដីនេះ តំណាងក្រុមហ៊ុនចិន បានឱ្យតម្លៃ ១៤,៣ដុល្លារក្នុងមួយម៉ែត្រការ៉េ កាលពីឆ្នាំ២០២៣។ ប៉ុន្តែបន្ទាប់ពីកិច្ចសន្យាខាងលើត្រូវបានផុតថ្ងៃកំណត់ ភាគីតំណាងក្រុមហ៊ុន បានមកចរចាជាមួយភាគីម្ចាស់ដី ដោយបានព្រមព្រៀងគ្នាធ្វើកិច្ចសន្យាថ្មីសម្រាប់ទិញ-លក់ដីនោះក្នុងតម្លៃ ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អ្នកស្រី ម៉ិច សុវណ្ណរី ជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយតំណាងក្រុមហ៊ុនចិន បានប្រាប់វិទ្យុស្ដ្រីថា វិវាទដីធ្លីរបស់អ្នកស្រី ត្រូវបានដោះស្រាយបញ្ចប់កាលពីខែមិថុនាកន្លងមកនេះ ក្រោមការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានជាច្រើនដងកន្លងមក ភាគីតំណាងក្រុមហ៊ុនចិន និងគ្រួសារអ្នកស្រី បានយល់ព្រមស្រុះស្រួលគ្នា ដោយធ្វើការដកពាក្យបណ្ដឹងចេញរៀងៗខ្លួន និងព្រមទទួលយកការទូទាត់តម្លៃដីពីតំណាងក្រុមហ៊ុនចិន ដែលបានប្រគល់លុយ ៦០% នៃការទាមទារលុយថ្លៃដី ១០០%។

អ្នកស្រី ម៉ិច សុវណ្ណរី ៖ «ប្អូនបានដោះស្រាយ និងទទួលសំណងបញ្ចប់រឿងទាំងសងខាងហើយបង អរគុណច្រើនហើយបង»។

ដោយឡែកលោក​ ព្រុំ ប៊ុនថន ​ប្រធាន​សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា ដែលបានជួយដោះស្រាយករណីនេះ បានប្រាប់វិទ្យុស្ដ្រីដែរថា វិវាទដីធ្លីនេះ ភាគីដើមបណ្ដឹងដែលជាអ្នកស្រី ម៉ិច សុវណ្ណរី បានដកពាក្យបណ្ដឹងប្ដឹងតំណាងក្រុមហ៊ុនចិន និងព្រមទទួលយកការទូទាត់លុយថ្លៃដីរបស់ខ្លួនពីតំណាងក្រុមហ៊ុនចិនផងដែរ។ ចំណែកតំណាងក្រុមហ៊ុនចិន ក៏បានយល់ព្រមដកពាក្យបណ្ដឹងរបស់ខ្លួនដែលបានប្ដឹងអ្នកស្រី សុវណ្ណរីកន្លងមកដែរ។

លោក ព្រុំ ប៊ុនថន ៖ «ដោយដើមបណ្ដឹង គាត់ទទួលប្រាក់ពីក្រុមហ៊ុនព្រមទូទាត់ជូនគាត់ គាត់ក៏សុខចិត្តដកពាក្យបណ្ដឹងវិញផងដែរ។ អញ្ចឹងមកដល់ពេលនេះ រឿងនេះត្រូវបានបញ្ចប់ជាស្ថាពរហើយ អត់មានផលប៉ះពាល់ជាបន្តទៀតទេ ដោយភាគីដើមបណ្ដឹងទទួលបានប្រាក់ ហើយភាគីក្រុមហ៊ុនក៏បានព្រមប្រគល់ប្រាក់ឱ្យ យើងក៏បានដកពាក្យបណ្ដឹងអីហើយអស់ហើយរឿងហ្នឹង»។

ដីដែលមានវិវាទនេះ មានទំហំ ២,២០៥ម៉ែត្រការ៉េ ស្ថិតនៅភូមិត្រពាំងគៀប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលតំណាងក្រុមហ៊ុនចិន បានមកទិញដីរបស់អ្នកស្រីសុវណ្ណរី និងពលរដ្ឋដទៃទៀត ក្នុងគោលបំណងធ្វើការអភិវឌ្ឍ ដើម្បីសាងសង់ជារោងចក្រ៕

 

Share

ព័ត៌មានទាក់ទង