រូបភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
តាមរយៈទស្សនវិស័យ របស់ក្រសួងកសិកម្ម ដែលមានរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងអង្គការដៃគូ ជាអ្នកអនុវត្តផ្ទាល់ ចំនួនសត្វផ្សោតពណ៌ផ្កាឈូកនៅសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត បានកើនឡើងដល់ ៧០ក្បាល រីឯផ្សោតក្បាលត្រឡោកពុំទាន់អាចកំណត់ចំនួនបាន និងសត្វជ្រូកទឹកស្នាក់នៅអចិន្ត្រៃយ៍ចំនួន ១ក្បាល។ កញ្ញា ងិន ស៊ាងលីម រាយការណ៍
បើតាមប្រភពពីក្រសួងកសិកម្ម តាមរយៈការផ្សព្វផ្សាយ ពីសំណាក់ក្រសួង ស្ថាប័នសារព័ត៌មាន និងក្រុមអ្នកបង្កើតមាតិកាបណ្ដាញសង្គម (Influencers) ចំនួនភ្ញៀវទៅកម្សាន្ត ជិះទូកមើលផ្សោតពណ៌ផ្កាឈូក មានកំណើនគួរឲ្យកត់សម្គាល់។ លោក អ៊ុក សុវណ្ណារិទ្ធ ប្រធានសហគមន៍នេសាទព្រែកត្នោត គូសបញ្ជាក់ថា ភ្ញៀវទេសចរមួយចំនួនដែលមានបំណងទៅទស្សនាសត្វផ្សោតពណ៌ផ្កាឈូក និងសត្វផ្សោតក្បាលត្រឡោក ត្រូវកក់ទូកមុនយ៉ាងហោចណាស់ ២ថ្ងៃ ពីព្រោះទូករបស់សហគមន៍នៅមានកម្រិត ខណៈភ្ញៀវទេសចរដែលចង់ទស្សនាសត្វផ្សោតមានចំនួនច្រើន។
រូបភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
តាមឯកសារស្ដីពីថនិកសត្វក្នុងសមុទ្រ ភិនភាគផ្សោតពណ៌ផ្កាឈូកដែលទើបនឹងកើតពេញជំទង់មានពណ៌ប្រផេះក្រម៉ៅ និងមានពណ៌ផ្កាឈូកលាយសនៅពេលដែលមានវ័យចំណាស់។ វាមានព្រុយខ្នងដែលមានរាងដូចបូកសត្វគោ និងមានចំពុះតូចល្មម។ កូនកើតភ្លាមមានប្រវែង១ម ពេញវ័យ ២,៤៩-២,៧៩ម និងទម្ងន់ទើបកើតមានទម្ងន់ ១៤ គ.ក ពេញវ័យមានទម្រង់ ១៧០-២៦០គ.ក។ ឯការរស់នៅរបស់ពួកវាវិញ គឺរស់នៅជាក្រុមតូចៗ ក្បែរឆ្នេរ លេងតាមឆ្នេរខ្សាច់ មាត់ទន្លេ មាត់ពាម វាមិនលោតលេងលើផ្ទៃទឹក និងមិនហែលដេញតាមក្បាលទូកឡើយ ហើយរកចំណីនៅតាមផ្ទាំងថ្ម។
ផ្សោតផ្កាឈូកនេះត្រូវបានចុះបញ្ជីក្រហម IUCN ជាសត្វដ៏កម្រជិតផុតពូជ និងជាសត្វដែលងាយរងគ្រោះ។ សត្វផ្សោតដ៏ចម្លែកនេះវាមានវត្តមាននៅទូទាំងអាស៊ីអាគ្នេយ៍ រួមទាំងនៅឆ្នេរសមុទ្រអាហ្វ្រិកខាងត្បូង ប្រទេសចិន និងហុងកុង៕
អត្ថបទដោយ៖ កញ្ញា ងិន ស៊ាងលីម