en     km
en     km

ប្រមូលផលសំរងដោយកាប់រំលំដើមជាទង្វើខុសច្បាប់ អាចប្រឈមនឹងជាប់ពន្ធនាគារ

Share

ដើមសំរងជារុក្ខជាតិតំបន់ត្រូពិចដែលមានវត្តមាននៅកម្ពុជា ដ្បិតអាកាសធាតុអំណោយផល ស្របពេលដែលមានការចូលរួមថែរក្សា។ តែយ៉ាងណាដើមនេះក៏កំពុងប្រឈមនឹងការគំរាមកំហែងយ៉ាងខ្លាំង និងស្ទើរតែជិតផុតពូជ ដោយសារតែមានករណីកាប់ដើមរលំយកផ្លែសំរងទៅលក់ ឬក្នុងចេតនាកាប់បំផ្លាញព្រៃឈើដែលធ្វើឱ្យដើមសំរងកាន់តែខ្សត់។ ក្នុងនោះ ក្រសួងបរិស្ថានថានឹងអន្តរាគមន៍ជនល្មើសដែលកាប់បំផ្លាញដើមឈើប្រភេទនេះទៅតាមផ្លូវច្បាប់។ កញ្ញា កែវ សុជាតា រាយការណ៍

 

 

ជារៀងរាល់ខែមីនា-មេសាជាពេលសំរងចេញផ្លែ គេតែងឃើញមានប្រជាសហគមន៍មួយចំនួនចូលព្រៃដើម្បីកាប់រំលំដើមសំរង ដើម្បីប្រមូលផល ដែលការណ៍នេះបានធ្វើឱ្យដើមប្រភេទស្ទើរតែផុតពូជ។ យោងតាមក្រសួងបរិស្ថានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ករណីកាប់រំលំដើមឬមែក បានបង្កឱ្យបាត់បង់ធ្ងន់ធ្ងរទៅដល់ពូជរុក្ខជាតិ ប្រភេទជីវៈចម្រុះ ពិសេសតម្លៃនៃការអភិរក្ស និងការរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។

អនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ តាមមាត្រា ៨៥០ ក្នុងចំណុច «គ» បានចែងថា ការកាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូចខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៥ និងទី៦ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី១០០ ០០០ ០០០(មួយរយលាន)រៀល ទៅ៥០០ ០០០ ០០០(ប្រាំរយលាន)រៀល។ ដោយឡែក តាមមាត្រា៨៥១ ក្នុងចំណុច «ខ» ចំពោះជនណា កាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូចខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដល់ទី៤ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ថា គិតមកទល់នឹងចុងខែមេសា ឆ្នាំ២០២៥នេះ មានករណីកាប់ដើមសំរងបាក់សង្កត់លើមនុស្សចំនួន ៤ករណីនៅទូទាំងប្រទេស ដែលក្នុងនោះមាន ៣ករណីកើតឡើងនៅក្នុងខេត្តកោះកុង បណ្តាលឱ្យមនុស្សចំនួន ៤នាក់ស្លាប់។ ករណីមួយផ្សេងទៀតកើតឡើងនៅក្នុងខេត្តបាត់ដំបង បណ្តាលឱ្យមនុស្សម្នាក់ស្លាប់។ ដើម្បីទប់ស្កាត់កុំឱ្យមានករណីនេះបន្តកើតមានឡើង លោក ខ្វៃ អាទិត្យា ថា ក្រសួងនឹងពង្រឹងច្បាប់ដាក់ទោសទណ្ឌទៅលើជនណាហ៊ានកាប់រលំដើមសំរងដោយអនាធិបតេយ្យ ពិសេសនឹងអប់រំផ្សព្វផ្សាយពីសារៈប្រយោជន៍នៃដើមនេះទៅដល់សាធារណជនបន្ថែម។

 

លោក ខ្វៃ អាទិត្យា៖ «យើងនឹងធ្វើការអប់រំផ្សព្វផ្សាយអំពីសារៈសំខាន់នៃធនធានធម្មជាតិ ដែលក្នុងនោះយើងមានការ ផ្សព្វផ្សាយច្បាប់ ពង្រឹងច្បាប់ផង ហើយនិងហាមឃាត់នៅតាមសហគមន៍ហ្នឹងដើម្បីឱ្យយល់ដឹងពីតម្លៃនៃធនធានធម្មជាតិរបស់យើង​​ ថាមិនមែនអាចតែមានប្រយោជន៍តែមួយថ្ងៃនេះទេ គឺយើងអាចទាញប្រយោជន៍ផ្សេងទៀតក្នុងពេលអនាគត»។

បើយោងតាមរបាយការណ៍របស់អង្គការអភិរក្សអន្តរជាតិកម្ពុជា CI សំរងជា​ប្រភេទដើមឈើម្យ៉ាងដែលផ្តល់តម្លៃផ្នែកបរិស្ថាន និងសេដ្ឋជាតិ ពីព្រោះសំរងដើរតួយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ជាអាហារ និងជាឱសថដូចជាអាចយកទៅបញ្ចុះកម្តៅ ជួយក្រពះពោះវៀន តម្រងនោម និងក្រលៀនជាដើម។ ក្រៅពីនេះ សំរងក៏ផ្តល់ជាជម្រកដល់ជីវចម្រុះក្នុងតំបន់ និងគាំទ្រដល់ជីវភាពប្រជាពលរដ្ឋមូលដ្ឋានតាមរយៈការផ្តល់ជាប្រាក់ចំណូលតាមរដូវកាលដល់ប្រជាសហគមន៍ផងដែរ។ សំរងជារុក្ខជាតិតំបន់ត្រូពិចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ច្រើនដុះលូតលាស់នៅក្នុងតំបន់មានអាកាសធាតុក្តៅហើយសើម។

សម្រាប់នៅកម្ពុជា ដើមនេះឃើញមានដុះនៅតំបន់ជួរភ្នំក្រវាញកណ្តាល និងឧទ្យានជាតិវើនសៃ-សៀមប៉ាងជាដើម។ ទោះជាយ៉ាងណាក៏ដោយ ដើមសំរងកំពុងប្រឈមនឹងការគំរាមកំហែងយ៉ាងខ្លាំងរួមមានការប្រមូលផលដោយមិនមាននិរន្តរភាព តួយ៉ាងការកាប់រំលំដើម និងការកាប់បំផ្លាញព្រៃឈើដែលធ្វើឱ្យដើមសំរងកាន់តែខ្សត់។ ដើម្បីរួមចំណែកការពារស្របពេលអាចទាញយកផលប្រយោជន៍ពីដើមសំរងផង ប្រជាសហគមន៍អាចទុកផ្លែឱ្យទុំជ្រុះដោយធម្មជាតិសឹមប្រមូលផល ប្រមូលផលឱ្យទាបជាងពាក់កណ្តាលនៃចំនួនផ្លែសរុបក្នុងមួយដើមៗ ដើម្បីឱ្យដើមនិងផ្លែលូតលាស់បានល្អ ចូលរួមថែរក្សាដើមដែលទើបនឹងដុះ និងកៀរគរលើកទឹកចិត្តសហគមន៍ឱ្យមានការងារផ្សេងធ្វើដើម្បីកាត់បន្ថយការដាក់សម្ពាធលើធម្មជាតិ។

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចបានប្រទះឃើញប្តីប្រពន្ធពីរនាក់ដេកស្លាប់នៅក្រោមដើមសំរងនៅត្រង់ចំណុចភ្នំកំពង់ប្លូ ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយសមត្ថកិច្ចសន្និដ្ឋានជាបឋមថា ជនទាំងពីរនេះស្លាប់ដោយសារពួកគេកាប់ដើមសំរងដើម្បីប្រមូលយកផ្លែទៅលក់ តែជាអកុសលត្រូវដើមរលំសង្កត់រហូតដល់បាត់បង់អាយុជីវិត។ លោកវរៈសេនីយ៍ទោ យួត ហេងប៊ុនម៉ា អធិការនគរបាលស្រុកបូទូមសាគរ ខេត្តកោះកុង បានឱ្យដឹងថា ដំបូងឡើយជនទាំងពីរបានបាត់ដំណឹងជាច្រើនថ្ងៃ ដែលធ្វើឱ្យសាច់ញាតិបារម្ភពីសុខទុក្ខ ទើបសាច់ញាតិផ្តល់ព័ត៌មានដល់សមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។ បើយោងតាមសេចក្តីប្រកាសព័ត៌មានដដែល ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ច បានប្រគល់សាកសពទាំងពីរនាក់ប្តីប្រពន្ធជូនទៅគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីសាសនា៕

អត្ថបទដោយ កញ្ញា កែវ សុជាតា

អត្ថបទឧបត្ថម្ភដោយ៖ ក្រុមហ៊ុនក្រដាសអនាម័យ ម៉ាក់ MG (ស្វិត ទន់ គុណភាពល្មម)

Share

ព័ត៌មានទាក់ទង