ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានឱ្យដឹងនៅថ្ងៃពុធ ទី៣១ សីហានេះថា លោកត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីបញ្ហាមួយចំនួនមួយជាលោក បារ៉ាក់ អូបាម៉ា នៅពេលពួកគេជួបគ្នានៅក្នុងប្រទេសឡាវសប្តាហ៍ក្រោយនេះ ប៉ុន្តែលោកបន្ថែមថា លោកប្រធានា ធិបតីសហរដ្ឋអាមេរិកត្រូវតែស្តាប់លោកជាមុនសិន មុននឹងអូបាម៉ាចោទសួរពីបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសហ្វីលីពីននោះ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន សម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃការសម្លាប់មនុស្ស ដែលមានពាក់ព័ន្ធនឹងគ្រឿងញៀនចាប់តាំងពីលោក Duterte បានឡើងមកកាន់អំណាចជាប្រធានាធិបតី ជាងពីរខែកន្លងមកនេះ។ អ្វីដែលជាការព្រួយបារម្ភនោះ ព្រោះលោក Rodrigo Duterte បានសន្យានៅពេលស្បថចូលកាន់តំណែងថា លោកនឹងបោសសំអាតបញ្ហាគ្រឿងញៀនចេញពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ហើយលោក Duterte ក៏បានព្រមានដល់ពួកអ្នកជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនទាំងអស់ថា ពួកគេនឹងប្រថុយនិងការស្លាប់ ប្រសិនបើពួកគេមិនបានកែប្រែទេនោះ។
បន្ទាប់ពីការសន្យា លោក Duterte បានបញ្ចេញកណ្ដាប់ដៃដែករបស់ខ្លួនក្នុងយុទ្ធនាការបោសសំអាតគ្រឿងញៀន ដែលរហូតមកទល់ពេលនេះ អ្នកដែលជាប់ពាក់ព័ន្ធក្នុងករណីគ្រឿងញៀនប្រមាណ ២ពាក់ ហើយត្រូវបានប៉ូលិសបាញ់សម្លាប់ក្នុងប្រទេសហ្វីលីពីន។
កាលពីថ្ងៃទី០៦ ខែកញ្ញា អ្នកសារព័ត៌មានបានសួរលោក Duterte ថា តើលោកនឹងមានឆន្ទៈក្នុងការពិភាក្សាពីបញ្ហាសិទ្ធិមនុស្សនៅក្នុងកិច្ចប្រជុំជាមួយនឹងលោក អូបាម៉ា នៅក្រៅកិច្ចប្រជុំកំពូលអាស៊ីខាងកើតដែររឺទេ? លោក Duterte ឆ្លើយតបថា៖ «វាគឺអាស្រ័យទៅនឹងអ្វីដែលយើងបានព្រមព្រៀង»។
ប្រធានាធិបតីហ្វីលីពីនលោក Duterte និយាយថា៖«ពួកគេត្រូវតែយល់ពីបុព្វហេតុនៃបញ្ហាជាដំបូងសិន មុនពេលដែលយើងជជែកអំពីបញ្ហាសិទ្ធិមនុស្ស។ ខ្ញុំនឹងទទូចឱ្យស្ដាប់ខ្ញុំសិន នេះគឺជាអ្វីដែលជាបញ្ហា ដែលយើងអាចជជែកគ្នាបាន»។
គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើលោក Rodrigo Duterte នឹងយកអ្វីទៅជជែកការពារខ្លួនពីបញ្ហាសិទ្ធិមនុស្សនេះ ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ពោលគឺការបាញ់សម្លាប់មនុស្សដែលជាប់ទាក់ទិននឹងគ្រឿងញៀននាពេលកន្លងមក ស្របពេលដែលអង្គការសហប្រជាជាតិ បានទទូចឱ្យរដ្ឋាភិបាលក្រុង ម៉ានីល បញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ និងការសម្លាប់ជនសង្ស័យគ្រឿងញៀនផ្សេងទៀត។
យ៉ាងណាក្តី ប្រធានាធិបតីហ្វ៊ីលីពីនលោក Duterte បញ្ជាក់កាលពីពេលថ្មីៗនេះថា យុទ្ធនាការបង្ហូរឈាមប្រឆាំងនឹងគ្រឿងញៀនរបស់លោក ដែលសម្លាប់អ្នកជាប់ពាក់ព័ន្ធករណីគ្រឿងញៀនជាង ២ពាន់នាក់កន្លងមកនេះ គឺមិនមានជាប់ទាក់ទិននឹងអំពើប្រល័យពូជសាសន៍នោះទេ ហើយលោកថា លោកត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលទៅកាន់ពន្ធនាគារ ប្រសិនមានអ្នកដាក់ពាក្យប្តឹងលោកលើករណីប្រល័យពូជសាសន៍នេះ។
លោក Rodrigo Duterte ក៏ធ្លាប់ព្រមានដើរចេញពីអង្គការសហប្រជាតិផងដែរ បន្ទាប់ពីអង្គការមួយនេះ បានរិះគន់សង្គ្រាមគ្រឿងញៀនរបស់លោក ដែលមិនបានអនុលោមតាមច្បាប់អន្តរជាតិ។ ហើយប្រធានាធិបតីហ្វីលីពីនរូបនេះ ក៏ធ្លាប់បានបោះសម្តីថា លោកនឹងសួរទៅប្រទេសចិន និងប្រទេសនៃទ្វីបអាហ្វ្រិកមួយចំនួនដើម្បីបង្កើតអង្គការមួយផ្សេងទៀត៕ប្រភព៖CNA