ភ្នំពេញ៖រដ្ឋាភិបាលស៊ុយអែតបានប្រកាសឈប់ផ្តល់ជំនួយមកប្រទេសកម្ពុជាតទៅទៀតរហូតមានការប្រកាសសុពលភាពជាថ្មីលើកលែងតែជំនួយទៅលើវិស័យអប់រំនិងការសិក្សាស្រាវជ្រាវ។ការផ្តាច់ជំនួយមកកម្ពុជាទំនង់ជាឆ្លើយតបនិងសេចក្តីសម្រេចតុលាការកំពូលកម្ពុជារំលាយគណបក្សសង្រ្គោះជាតិនិងការធ្វើទុក្ខបុកម្នេញមកលើប្រព័ន្ធផ្សព្វផ្សាយនិងអង្គការក្រៅរដ្ឋាភិបាល។

តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ដោយសារ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិរងការរងចោទប្រកាន់ឃុបឃិតជាមួយ ជនបរទេសផ្តួលរលំរដ្ឋា ភិបាល។ អតីតមេបក្សប្រឆំាងរូបនេះកំពុងឃុំខ្លួនក្នុងពន្ធនាគារត្រពំាង ថ្លុងស្ថិតនៅខេត្តត្បូងឃ្មុំក្បែរព្រំដែនវៀតណាម។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គរដ្ឋទូតស៊ុយអែតប្រចំានៅទីក្រុងភ្នំពេញចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកានេះបញ្ជាក់ថារដ្ឋមន្រ្តីក្រសួងការបរទេសស៊ុយអែតលោកស្រី Margot Wallstromសម្តែងការព្រួយបារម្ភយ៉ាងខ្លំាងចំពោះស្ថានការណ៍នយោបាយនៅកម្ពុជា បរាជ័យក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។
ប្រទេសស៊ុយអែតមើលឃើញស្ថានភាពនយោបាយកម្ពុជាកាន់តែអវិជ្ជមាននំាឲ្យរដ្ឋាភិបាលស៊ុយអែតពិនិត្យឡើងវិញចំពោះកិច្ចសហប្រតិបត្តិការគំាទ្រដល់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
ប្រទេសស៊ុយអែតសម្រេចមិនបន្តកិច្ចព្រមព្រៀងផ្តល់ជំនួយជាថ្មីរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលទៀតទេ លើកលែងតែវិស័យអប់រំនិងការស្រាវជ្រាវ។ដូច្នេះរដ្ឋាភិបាលស៊ុយអែតមិនបន្តការគំាទ្រចំពោះកំណែទម្រង់វិមជ្ឈការបច្ចុប្បន្នទេ។
ការប្រកាសមិនផ្តល់ជំនួយនេះរហូតដល់មានការសម្រេចជាថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសស៊ុយអែតដែលផ្តោតលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៅកម្ពុជា។
ប្រទេសអ៊ុយអែតជាដៃគូកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏យូរអង្វែងជាមួយកម្ពុជាដែលបានធ្វើការក្នុងវិស័យសំខាន់ៗ៣គឺលិទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនិងសមភាពយេនឌ័រ ហើយក៏មាន វិស័យអប់រំនិងការបំរែបំរួលអាកាសធាតុ។ទោះបីយ៉ាងណាប្រទេសស៊ុយអែតនៅតែប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងដើម្បីរកមធ្យោបាយបន្តគំាទ្រការអភិវឌ្ឍប្រទេសកម្ពុជា។
បើតាមទីភ្នាក់ងារសារព័ត៌មានរ៉ូយទ័រឲ្យដឹងថាតាមការប៉ាន់ប្រមាណប្រទេសស៊ុយអែតបានផ្តល់ ជំនួយមកកម្ពុជាប្រហែល១០០លានដុល្លារក្នុងរយពេល៥ឆ្នំា៕
Post Views: 479