ប្រភព៖ C N A ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៣
ប្រទេសឥណ្ឌា៖ ប៉ូលិសឥណ្ឌាបាននិយាយថា ពួកគេបានចាប់ខ្លួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ៧៤នាក់កាលពីថ្ងៃចន្ទ ទី២៤ ខែកក្កដា ពីបទរស់នៅ “ខុសច្បាប់” នៅក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេស។
ប៉ូលីសឥណ្ឌាបាននិយាយថាសមាជិកនៃសហគមន៍មូស្លីមរ៉ូហ៊ីងយ៉ាត្រូវបានឃុំខ្លួននៅទីក្រុងចំនួន៦នៅក្នុងរដ្ឋ Uttar Pradesh ហើយក្នុងចំណោមជនភៀសខ្លួនទាំងនោះមាន១០នាក់គឺជាអនីតិជន។ ក្រុមសិទ្ធិមនុស្សរ៉ូហ៊ីងយ៉ា បានថ្លែងថា មនុស្សដែលត្រូវបានឃុំខ្លួនទាំងនោះបានរស់នៅក្នុងប្រទេសឥណ្ឌាប្រហែល១០ឆ្នាំហើយ បន្ទាប់ពីបានភៀសខ្លួនដោយការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Sabber Kyaw Min នាយកអង្គការសិទ្ធិមនុស្សបាននិយាយថា ជនភៀសខ្លួនរ៉ូហីងយ៉ាជាច្រើនធ្វើការងារដោយប្រើកម្លាំងដូចជាការប្រមូលសំរាមជាដើម។ លោកបានបន្ថែមថា៖ «ពួកគេគ្រាន់តែចង់បានកន្លែងជ្រកកោនប៉ុណ្ណោះ។ “អង្គការសិទ្ធិមនុស្សកំពុងស្នើសុំបញ្ចប់ការឃុំឃាំង” ។
ជនជាតិរ៉ូហ៊ីងយ៉ារាប់សែននាក់បានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសនានារួមទាំងបង់ក្លាដែសដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា។ យោធាមីយ៉ាន់ម៉ាបដិសេធថាខ្លួនមិនបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនោះទេ។
ប្រទេសឥណ្ឌាមិនបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិឆ្នាំ ១៩៥១នោះទេ ដែលអនុសញ្ញានេះចែងពីសិទ្ធិជនភៀសខ្លួន និងការទទួលខុសត្រូវរបស់រដ្ឋហត្ថលេខី។បើយោងតាមអង្គការ Rohingya Human Rights Initiative គិតត្រឹមដើមឆ្នាំ២០២១មានជនជាតិរ៉ូហ៊ីងយ៉ាប្រហែល១៨.០០០នាក់រស់នៅក្នុងប្រទេសឥណ្ឌា៕