en     km
en     km

បេក្ខជននាយករដ្ឋមន្ត្រីថៃកំពុងព្យាយាមស្វែងរកការគាំទ្រសម្រាប់ការបោះឆ្នោតនៅសភាម្ដងទៀត

Share

ប្រភព៖ C N A ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២៣

បាងកក៖ បេក្ខជននាយករដ្ឋមន្ត្រីថៃ បាននិយាយកាលពីថ្ងៃចន្ទទី១៧ ខែកក្កដាថា លោកកំពុងស្វែងរកការគាំទ្រក្នុងការបោះឆ្នោតនៅសភាម្ដងទៀត បន្ទាប់ពីសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធាមិនបានគាំទ្រលោកដើម្បីក្លាយជានាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៣កក្កដាកន្លងទៅ។

 

កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតរដ្ឋាភិបាលបានជាប់គាំងដោយសភាមិនបានអនុម័តយល់ព្រមបេក្ខភាព លោក Pita Limjaroenrat ដែលជាប្រធានគណបក្ស Move Forward ឬ MFP។សមាជិកសភាដែលមិនគាំទ្រលោកបានចាត់ទុកគោលនយោបាយរបស់គណបក្ស Move Forward ឬMFPដែលចង់ធ្វើវិសោធនកម្មច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រថាជាបន្ទាត់ក្រហម ដែលមិនអាចទទួលយកបាន។

 

លោក Pita បាននិយាយថា សម្ព័ន្ធគណបក្សទាំងប្រាំបីបានយល់ព្រមតែងតាំងលោកម្តងទៀតសម្រាប់ការបោះឆ្នោតលើកទីពីរនៅថ្ងៃពុធទី១៩ កក្កដា ឆ្នាំ២០២៣។លោក Pita បានបន្ថែមថាលោកកំពុងស្ទាបស្ទង់មតិសមាជិកព្រឹទ្ធសភាដែលបានបោះឆ្នោតបដិសេដបេក្ខភាពរបស់លោកនៅក្នុងជុំទីមួយ។លោក បាន​​​ប្រាប់អ្នកយកព័ត៌មានថា “យើងកំពុងតែចរចាដើម្បីស្វែងរកការគាំទ្របន្ថែមទៀត”។លោក​បាន​បន្ត​ថា​ «​មាន​សមាជិកសភា​មួយ​ចំនួន​​ខក​ខាន​មិន​បាន​ទៅ​បោះឆ្នោត​ដោយ​សារ​មានធុរៈ​ផ្សេងៗ​។ «វា​នៅ​តែ​អាច​ទៅ​រួច​ដែល​ពួក​គេ​អាច​នឹង​បោះ​ឆ្នោតគាំទ្រ»។

សូមរំលឹកផងដែរថាគណបក្សចលនាឆ្ពោះទៅមុខ MFP បានឈ្នះការបោះឆ្នោតជិត៤០ភាគរយកាលពីខែឧសភា ប៉ុន្តែការប៉ុនប៉ងរបស់លោក Pita ក្នុងការបង្កើតរដ្ឋាភិបាលត្រូវបានរារាំងដោយសមាជិករដ្ឋសភានិងព្រឹទ្ធសភាមួយចំនួន។សមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធាបានជំទាស់នឹងគោលនយោ​បាយ​​របស់គណបក្ស MFP ក្នុងការកែច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រ ដែលអ្នកល្មើសច្បាប់នេះអាចជាប់គុករហូតដល់១៥ឆ្នាំ។មានសមាជិកព្រឹទ្ធសភា​តែ១៣នាក់ប៉ុណ្ណោះ​ក្នុងចំណោម​ចំនួន២៥០នាក់​បាន​បោះឆ្នោតគាំទ្រលោក Pita ​កាល​ពី​សប្តាហ៍​មុន។

 

ជាមួយគ្នានេះផងដែរតុលាការធម្មនុញ្ញថៃក៏អាចបើកសវនការនៅថ្ងៃពុធទី១៩ កក្កដានេះផងដែរ លោកសំនុំរឿងដកអភ័យឯកសិទ្ធិលោកPita ដោយសារការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលរដ្ឋធម្មនុញ្ញថៃបានហាមឃាត់សម្រាប់សមាជិកសភា។លោកPita បាននិយាយថាភាគហ៊ុននេះលោកទទួលមរតកពីឪពុករបស់លោក ហើយប្រព័ន្ធផ្សព្វផ្សាយនេះមិនបានដំណើរការតាំងពីឆ្នាំ ២០០៧មកម្ល៉េះ។លោក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទទី១៧ កក្កដា​ថាលោក​មិន​បានបិទបាំង​រឿង​នេះទេ។លោក​បាន​ថ្លែង​ថា​៖ «​វា​មិន​ប៉ះពាល់​ដល់​បេក្ខភាព​របស់​ខ្ញុំ​សម្រាប់​តំណែងនាយក​រដ្ឋមន្ត្រី​ទេ។

ជាមួយគ្នានេះដែរតុលាការក៏បានទទួលយកសំណុំរឿងចោទប្រកាន់អំពីយុទ្ធនាការឃោសនារបស់គណបក្ស MFPរបស់លោកPita ដែលចង់ធ្វើវិសោធនកម្មច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រ គឺស្មើនឹងមានផែនការ “ផ្តួលរំលំ” របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ រឿងរ៉ាវនៅក្នុងប្រទេសថៃនេះបានទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិរួមទាំងពីទីក្រុងវ៉ាស៊ីនតោនផងដែរ។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller បានប្រាប់អ្នកយកព័ត៌មានថា “យើងកំពុងឃ្លាំមើលយ៉ាងដិតដល់នូវការវិវឌ្ឍន៍ក្រោយការបោះឆ្នោតនៅប្រទេសថៃ ដោយរាប់បញ្ចូលទាំងការវិវឌ្ឍន៍ថ្មីៗនៅក្នុងប្រព័ន្ធច្បាប់ដែលគួរឱ្យបារម្ភ” ។លោក​បាន​បន្ថែម​ថា​៖ «​យើង​ជឿ​ថា​ពេល​នេះ​ជា​ឱកាស​សម្រាប់​ប្រទេស​ថៃ​ដើម្បី​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​»៕

Share

ព័ត៌មានទាក់ទង