en     km
en     km

បុគ្គលិកក្រុមហ៊ុន McDonald’s ទម្លាយរឿងរំលោភបំពានផ្លូវភេទនៅកន្លែងធ្វើការ

Share

ប្រភព៖ BBC ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣

 

បុគ្គលិកក្រុមហ៊ុនអាហារMcDonald’s នៅក្នុងប្រទេសអង់គ្លេសជាង១០០នាក់បានចោទប្រកាន់ករណីរំលោភបំពានផ្លូវភេទ ការយាយី ការរើសអើងជាតិសាសន៍ និងការសម្លុតគំរាមនៅកន្លែងធ្វើការពួកគេ។

 

យោងតាមBBC បានឱ្យដឹង​ថាបុគ្គលិក​ខ្លះ​មាន​អាយុ​ក្រោម១៧​ឆ្នាំ កំពុង​ត្រូវ​បាន​គេ​​បៀតបៀន​ស្ទើរ​តែ​ក្លាយជា​ទម្លាប់ប្រចាំថ្ងៃ។អង្គការសមធម៌ចក្រភពអង់គ្លេសបានសម្ដែង “ការព្រួយបារម្ភ” ចំពោះការរកឃើញរបស់សារព័ត៌មាន BBC ដែលបានផ្សព្វផ្សាយនៅពេលនេះ។

ក្រុមហ៊ុន McDonald’s បានសម្ដែងការ “សុំអភ័យទោស” និងបានបន្ថែមថា បុគ្គលិកទាំងអស់សមនឹងធ្វើការនៅកន្លែងប្រកបដោយសុវត្ថិភាព ទទួលបានការគោរព ទទួលបានប្រយោជន៍និងការចូលរួមដោយសមធម៌​។​BBC បានចាប់ផ្តើមស៊ើបអង្កេតលក្ខខណ្ឌការងារនៅក្រុមហ៊ុនអាហារ McDonald’s នៅខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហ៊ុននេះបានចុះកិច្ចព្រមព្រៀងជាមួយគណៈកម្មាធិការសមភាព និងសិទ្ធិមនុស្ស (EHRC) ដោយបានសន្យាការពារបុគ្គលិករបស់ខ្លួនពីការបៀតបៀនផ្លូវភេទ។នៅពេលនោះក្រុមហ៊ុន McDonald’s បានអះអាងថា “ក្រុមហ៊ុនមានចំណុចល្អទាំងនេះរួចស្រេចហើយ” ។ប៉ុន្តែការស៊ើបអង្កេតរបស់BBCបានបង្ហាញភាពខុសគ្នាយ៉ាងខ្លាំងពីការអះអាងរបស់ក្រុមហ៊ុន។

 

ការស៊ើបអង្កេតរបស់BBCរយៈពេលប្រាំខែ BBCបានទាក់ទងបុគ្កលិកក្រុមហ៊ុន McDonald’s ដើម្បីសួរអំពីបទពិសោធន៍ការងាររបស់ពួកគេនៅក្រុមហ៊ុន។ ក្នុងចំណោមបុគ្គលិកជាង១០០នាក់ ដែលBBCបានរកឃើញថាទទួលរងផលប៉ះពាល់មាន៣១នាក់ទទួលរងការរំលោភផ្លូវភេទ និង៧៨ទាក់ទងនឹងការបៀត​បៀនផ្លូវភេទ។BBCក៏បានឮការចោទប្រកាន់ចំនួន១៨ករណីអំពីការរើសអើងជាតិសាសន៍ ខណៈដែល៦ករណីទៀតទាក់ទងនឹងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា។

បុគ្គលិកជាច្រើនបានប្រាប់BBCថា អ្នកគ្រប់គ្រងក្រុមហ៊ុន McDonald’s នៅទូទាំងចក្រភពអង់គ្លេសត្រូវទទួលខុសត្រូវចំពោះការយាយី និងការរំលោភនេះ។ បុគ្គលិកក៏បានប្រាប់ BBC អំពីទំនាក់ទំនងផ្លូវភេទរវាងអ្នកគ្រប់គ្រង និងបុគ្គលិកថ្នាក់ក្រោមជាច្រើនទៀត ដែលផ្ទុយនឹងគោលការណ៍របស់ក្រុមហ៊ុន។បុគ្គលិកម្នាក់បាននិយាយថា នាងត្រូវបានមិត្តរួមការងារជាបុរសបានបៀតបៀននៅពេលនាងចាប់ផ្តើមការងារនៅ Nottingham ។ បុគ្គលិកជានារីជាច្រើនទៀតបានប្រាប់BBCថាពួកគេត្រូវបានអ្នកគ្រប់គ្រងបង្ខំឱ្យស្លៀកពាក់ឯកសណ្ឋានរឹតតឹងពេក។ យុវតីឈ្មោះ Shelby មានអាយុត្រឹមតែ១៦ឆ្នាំប៉ុណ្ណោះ ពេលនាងចាប់ផ្តើមធ្វើការនៅភោជនីយដ្ឋាន McDonald’s នៅ Berkshire កាលពីឆ្នាំមុន។នាង​បាន​និយាយ​ថា មិត្ត​រួម​ការងារ​ជា​បុរស​វ័យ​ចំណាស់​ ​បានប៉ះពាល់​មិន​សមរម្យលើបុគ្គលិកជាស្រី្តដោយមានលេសថានៅកន្លែងផ្ទះបាយចង្អៀត។នាង​បាន​និយាយ​ថា​«​ពួកគេ​ត្រូវប៉ះ​ពោះ ចង្កេះ​។នាងបន្ថែមថា “រាល់វេនខ្ញុំធ្វើការ យ៉ាងហោចណាស់មានរឿងកើតឡើងម្ដងដូចជាយកដៃច្រានមកលើខ្ញុំ ឬធ្ងន់ធ្ងរជាងនេះយកដៃចាប់ទ្រូងរបស់ខ្ញុំ ចាប់ត្រគាកជាដើម”។  ក្រុមហ៊ុនMcDonald’s គឺជាក្រុមហ៊ុនឯកជនដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស។ ក្រុមហ៊ុន​យក្ស​នេះ​មានបុគ្គលិក​ជាង១៧​ម៉ឺន​នាក់កំពុង​ធ្វើ​ការ​ក្នុង​ភោជនីយដ្ឋាន១៤៥០កន្លែង។បុគ្គលិកក្រុមហ៊ុនចំនួនបីភាគបួន មានអាយុចន្លោះពី១៦ទៅ២៥ឆ្នាំ ដែលភាគច្រើនជាការងារដំបូងរបស់ពួកគេ។បុគ្គលិកភាគច្រើនមិនត្រូវបានជួលដោយក្រុមហ៊ុនMcDonald’sដោយផ្ទាល់ទេ ដោយសារ McDonald’s បានលក់ Franchise ដែលមានន័យថាប្រតិបត្តិករម្នាក់ៗទទួលបានអាជ្ញាប័ណ្ណឱ្យដំណើរការបើកហាង និងជួលបុគ្គលិកដោយខ្លួនឯង៕

Share

ព័ត៌មានទាក់ទង