ភ្នំពេញ៖ ក្រោយ ពី តុលាការរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មានទោសរយៈពេល៥ខែ តាមក្រមព្រហ្មទណ្ឌ មាត្រា៥៣៨ ករណីមិនចូលខ្លួនតាមដីកាកោះ។
ជុំវិញ បញ្ហានេះគណបក្សសង្គ្រោះជាតិនៅថ្ងៃទី ១២ កញ្ញា ឆ្នាំ២០១៦ បានចេញសេចក្តីប្រកាសព័ត៌មានថា នឹងរៀបចំធ្វើមហាបាតុកម្មប្រឆាំង នឹងសាលក្រមដែល បានសម្រេចផ្តន្ទាទោសលោក កឹម សុខា និង ទាមទា ឲ្យមាការដោះលែងមន្ត្រីសិទ្ធិមនុស្ស ព្រោះរឿងទាំងនោះជារឿងនយោបាយ។
កាលពីយប់មិញម៉ោងប្រមាណ ៨និង១២នាទី សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបង្ហាញសារនៅលើបណ្ដាញសង្គម ហ្វេសប៊ុក លោកថា៖ «បញ្ជាដល់គ្រប់កម្លាំងមានសមត្ថកិច្ចត្រៀមខ្លួនកំចាត់រាល់សកម្មភាពខុសច្បាប់ទាំងអស់ ដើម្បីការពារនូវភាពសុខសាន្តរបស់ប្រជាជន។ ដោយតម្លៃណាក៏ដោយ គឺត្រូវការពារស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យខានតែបាន ព្រោះ វាជាតម្រូវការរបស់ជាតិ និងប្រជាជន»។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថាលោកសោកស្ដាយណាស់ដែលយប់មិញនេះ មានការចល័តកំលាំងប្រដាប់អាវុធនៅខាងមុខទីស្នាក់ការបក្ស។ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថាមិនមែនជាជម្រើសល្អទេក្នុងការធ្វើមហាបាតុកម្មតែដោយសារគ្មានជម្រើស។
លោកថាកន្លងមកគណបក្សសង្គ្រោះជាតិ បានរង់ចាំការវិលមករក តុចរចារតែមិនឃើញមានដំណោះស្រាយណាមួយសោះ។ លោកបានបញ្ជាក់ថា មហាបាតុកម្មនេះគ្មានបំណងអ្វីផ្សេងពីនេះនោះទេ។
ដើម្បីជ្រាបកាន់តែច្បាស់ តទៅនេះសូមស្ដាប់បទសម្ភាសន៍រវាង កញ្ញា ច្រឹកស្រីអូន និង លោកលោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដូចតទៅ៖