ភ្នំពេញ ៖ លោក សម រង្ស៊ី បានប្រកាសលាលែងពីប្រធានគណបក្សសង្គ្រោះជាតិ និងលាឈប់ពីសមាជិកភាពនៃគណបក្សប្រឆាំងនេះ កាលពីថ្ងៃសៅរ៍ទី ១១ ខែកុម្ភៈ។ ការលាលែងស្របពេលដែលតំណាងរាស្ត្រមកពីគណបក្សកាន់អំណាចសំរេចបញ្ជូនការធ្វើវិសោធនកម្មច្បាប់ ស្តីពី គណ បក្សនយោបាយនៅព្រឹកថ្ងៃចន្ទ័ទី១៣ កុម្ភៈ ទៅកាន់គណកម្មការនិតិកម្មពិនិត្យ។
សេចក្តីស្នើវិសោធនកម្មដើម្បីហាមប្រាមពិរុទ្ធជនដឹកនាំគណបក្ស ហើយបើសិនពិរុទ្ធជននោះមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរ ប្រហែលជាអាចនឹងរំលាយគណបក្សផង។
អ្នកវិភាគជឿថា ការដកខ្លួនពីការដឹកនាំគណបក្សប្រឆាំងនៅពេលនេះផ្តល់ផលល្អដល់គណបក្សនេះ ប៉ុន្តែការលាចាកពីនយោបាយនេះ អាចនឹងធ្វើឲ្យគណបក្សប្រឆាំងប្រឈមនឹងបញ្ហាខ្លះ ខណៈការបោះឆ្នោតមូលដ្ឋានខិតជិតមកដល់។
បើគេគ្រាន់តែពិនិត្យមើលការវិវត្តនយោបាយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នោះការលាលែងពីនយោបាយរបស់មេដឹកនាំគណបក្ស ប្រឆាំងទំនងជាមានអ្វីជាប់ពាក់ពន្ធ័នឹងការធ្វើវិសោធនកម្មច្បាប់នេះ។ ដ្បិតច្បាប់នេះនឹងដាក់អ្នកនយោបាយណា ដែលជាប់ទោសតាមផ្លូវតុលាការឲ្យនៅក្រៅការដឹកនាំនយោបាយ ពោលគឺហាមប្រាមមិនឲ្យធ្វើជាប្រធាន ឬអនុប្រធានគណបក្សនយោបាយ។
ហើយកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតប្រសិនបើអ្នកនយោបាយរូបនោះត្រូវកត់សំគាល់ថាមានទោសធ្ងន់ធ្ងរនោះ មិនត្រឹមតែមិនអាចដឹកនាំគណ បក្សនយោបាយមិនបាននោះទេ ប៉ុន្តែថែមទាំងអាចនឹងប្រឈមនឹងការរំលាយគណបក្សនយោបាយរបស់បុគ្គលរូបនោះចោលទៀតផង។
បើយ៉ាងដូច្នេះការស្ថិតនៅបន្តក្រាញរក្សាតួនាទីជាមេដឹកនាំបក្សសង្គ្រោះជាតិនោះ ហានិភ័យចំពោះគណបក្សសង្គ្រោះជាតិកាន់តែខ្ពស់ ពោលគឺដោយសារតែមេបក្សនេះមានទោសកាន់តែច្រើន វាអាចប្រើជាមូលហេតុថា មេបក្សនេះមានកំហុសធ្ងន់ធ្ងរហើយគណបក្សសង្គ្រោះជាតិនឹងប្រ ឈមនឹងការរំលាយចោល។
ដូច្នេះចង់ ឬមិនចង់លោក សម រង្ស៊ី អាចក្លាយជាគោលដៅមួយក្នុងក្របខណ្ឌ័នៃការធ្វើវិសោធនកម្មច្បាប់នេះ។
សរុបមកវិញការសម្រេចចិត្តលាលែងពីភាពជាអ្នកដឹកនាំគណបក្សប្រឆាំងរបស់លោក សម រង្ស៊ី មិនខុសអ្វីពីពាក្យដែលខ្មែរយើងនិយាយបែបសាមញ្ញថា«ដកថយមុនដល់ពេលសត្រូវវាយសង្គ្រប់»។ វាគឺជាការសម្រេចចិត្តដែលមានភាពបត់បែនដើម្បីបញ្ចៀសគ្រោះថ្នាក់ធំសំរាប់គណបក្សរបស់លោក។ ហើយប្រហែលជាលោកអាចបញ្ជ្រាបផ្នត់គំនិតនយោបាយផ្សេងៗតាមរបៀបនៅខាងក្រោយវាំងនន។
ហេតុដូចនេះប្រសិនបើលោក សម រង្ស៊ី ដកខ្លួនចេញពីនយោបាយឲ្យផុតនិងរក្សាភាពស្ងប់ស្ងាត់ពីមជ្ឈដ្ឋាននយោបាយនោះ ផលប៉ះពាល់ជាអវិជ្ជ មានប្រាកដជាកើតមាន។
ផ្ទុយទៅវិញប្រសិនបើគេក្រឡេកមើលមួយជ្រុងទៀត ដោយសារតែលោក សម រង្ស៊ី ស្ថិតក្នុងការដឹកនាំបក្សតាមបែបអ្នកនយោបាយនិរទេស នោះប្រសិទ្ធិភាពនយោបាយក៏មិនសូវពេញលេញ។ ហេតុនេះការលាចាកពីនយោបាយនេះពេលនេះក៏ជាការកាត់ឲ្យជ្រះស្រឡះពីភាពប្រទាក់ប្រទាញស្រងេមស្រងាមនេះ។
ហេតុនេះហើយ ការផ្តាច់ខ្លួនពីនយោបាយប្រឆាំងនៅពេលនេះ គឺជាដំណោះស្រាយដ៏ល្អសំរាប់គណបក្សសង្គ្រោះជាតិផង និងសំរាប់លោក សម រង្ស៊ី ជាលក្ខណៈបុគ្គលផង។
ប៉ុន្តែកិច្ចការបន្តដែលបក្សប្រឆាំងត្រូវយកចិត្តទុកដាក់នោះ គឺថាតើត្រូវដោះស្រាយបែបណាខណៈដែលមេដឹកនាំបក្សប្រឆាំងដែលមានប្រជាប្រិយរបស់ខ្លួនត្រូវបាត់បង់។ ហើយថាតើធ្វើយ៉ាងណាដើម្បីរក្សាលំនឹងនយោបាយផ្ទៃក្នុងនិងលំនឹងប្រជាប្រិយភាព ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតមកដល់៕