ភ្នំពេញ ៖ និស្សិតស្រីភាគតិចណាស់ដែលមានឱកាសបន្ដការសិក្សានៅថ្នាក់បរិញ្ញាបត្រ ហើយក៏មាន និស្សិតស្រីតិចដែរ សម្រេចបន្ដការសិក្សានៅមុខវិជ្ជាច្បាប់ ដើម្បីបំពេញមហិច្ឆតារបស់ខ្លួននៅពេលអនាគត។ ប៉ុន្ដែនៅពេលនេះ និស្សិតស្រីមួយចំនួនដែលកំពុងសិក្សា នៅតាមសាកលវិទ្យាល័យនានា នៅក្នុងរាជធានីភ្នំពេញ ពួកគេក៏សម្រេចចិត្តសិក្សានៅថ្នាក់បរិញ្ញាបត្រច្បាប់ ស្របពេលដែលវិស័យមួយនេះ ភាគច្រើនមិនសូវចាប់អារម្មណ៍សិក្សា។ ចង់ដឹងថា និស្សិតស្រីទាំងនោះ សម្រេចចិត្តសិក្សាថ្នាក់បរិញ្ញាបត្រមុខវិជ្ជាច្បាប់ ព្រោះមូលហេតុអ្វី ហើយអ្វីជាក្ដីស្រមៃ និងមហិច្ឆតារបស់ពួកគេ? ជាបន្ដសូមអញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ជុំ ជោគជាតា ដូចតទៅ ៖

និស្សិតស្រីសិក្សាមុខវិជ្ជាច្បាប់ មួយចំនួន រៀននៅសាកលវិទ្យាល័យនានាដែលមណ្ឌលព័ត៌មានស្ត្រីបានចុះជួប ពួកគាត់បានឱ្យដឹងថាគេចាប់យកមុខវិជ្ជាច្បាប់ ក៏ព្រោះតែចង់ផ្លាស់ប្ដូរផ្នត់គំនិតសង្គម និងបំពេញក្ដីស្រមៃរបស់ខ្លួន ដែលអ្នកខ្លះថា ចង់ធ្វើជាចៅក្រម ព្រះរាជអាជ្ញា និងមេធាវី និងអ្នកខ្លះចង់ក្លាយជាអ្នកនយោបាយគឺដើម្បីជួយសង្គមមានយុត្តិធម៌។ ក្នុងចំណោម ពួកគេជានិស្សិតស្រីគឺកញ្ញា ឈិត វិសាល និស្សិតច្បាប់ឆ្នាំទី៣ នៅសាកលវិទ្យាល័យបៀលប្រាយ ។កញ្ញា ឈិត វិសាល បានប្រាប់ថា មូលហេតុដែលកញ្ញារៀនផ្នែកច្បាប់ ពីព្រោះ កញ្ញា ចង់ មានការកំណែទម្រង់ ទៅលើប្រព័ន្ធច្បាប់នៅកម្ពុជា។
កញ្ញា ឈិត វិសាល ៖ «ពីព្រោះ ដោយ ខ្ញុំមានចំណង់ចំនូលចិត្តលើវិស័យច្បាប់តាំងពីតូចមក ពីព្រោះចង់មានការវិវត្តន៍ ឬក៏មានការកំណែទម្រង់ទៅលើប្រព័ន្ធច្បាប់នៅកម្ពុជា ពីព្រោះ ប្រព័ន្ធច្បាប់ និងការអនុវត្តច្បាប់ គឺ មានភាពធូរលុងនៅឡើយ»។
កញ្ញា ឈិត វិសាល បានប្រាប់ទៀតថា នៅថ្ងៃអនាគត នាងចង់ ធ្វើកំណែទម្រង់ពិសេសមួយ នៅក្នុងជួរការងារមន្ដ្រីរាជការក្នុងវិស័យសេវារដ្ឋបាលសារធារណៈ និង ជួរតុលាការក្នុងវិស័យច្បាប់ ។
ចំណែក នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច កញ្ញា គង់ ស្រី លាភ និស្សិតច្បាប់ ឆ្នាំទី២បានប្រាប់ឱ្យដឹងថា មូលហេតុដែលកញ្ញាសម្រេចជ្រើសរើសមុខវិជ្ជា ច្បាប់ សិក្សា ដោយសារតែ កញ្ញា មានបំណងជួយ ដល់ ពលរដ្ឋខ្មែរ តាមរយៈតួនាទីជាចៅក្រម ដែលនាងស្រមៃទុកហើយនេះ ។
ដោយសារតែមើលឃើញ ថា ច្បាប់ គឺជា វិស័យមួយដែលចាំបាច់នៅក្នុងសង្គម និងអាចជួយប្រយោជន៍ទៅដល់សង្គម កញ្ញា ស្រី លាភ ក៏ប្ដេជ្ញា ថា និងធ្វើខ្លួនឱ្យក្លាយទៅជាបុគ្គល ម្នាក់ដែល គោរពច្បាប់ពិតប្រាកដ ។ កញ្ញា ជឿថា នៅពេលដែលសង្គមមួយ មានការគោរពច្បាប់ពិតប្រាកដ និងអាចជួយអោយសង្គមនោះមានការ ការអនុវត្តបែបនីតិរដ្ឋ ធ្វើអោយប្រទេសមានការរីកចំរើន គឺសង្គមមានយុត្តិធម៌។
ចាប់អារម្មណ៍ជាមួយនឹងនិស្សិតច្បាប់មួយរូបទៀត មកពី សាកលវិទ្យាល័យពុទិ្ធកៈព្រះសីហមុនីរាជា គឺ កញ្ញា នៅ សំណាង ។នៅ សំណាង បានឱ្យដឹងថា នាងរៀនច្បាប់ក៏មានគោលបំណង និងក្ដីស្រមៃ មិនខុស ពី និស្សិតស្រីផ្សេងទៀតដែរគឺមិនខុសត្រង់ថា ពួកគេ មានឆន្ទៈ ស្រឡាញ់ ភាពត្រឹមត្រូវ និងយុត្តិធម៌ដូចគ្នា។
តាមរយៈការស្រឡាញ់ភាពត្រឹមត្រូវ និងយុត្ដិធម៌នេះដែរ ក៏បានជំរុញឱ្យ កញ្ញា នៅសំណាង មានក្ដីប្រាថ្នា ធ្វើការនៅក្នុងវិស័យតុលាការ ទោះជាថ្ងៃខាងមុខ ស្ថានភាពនយោបាយនៅក្នុងប្រទេស ក្លាយជាបែបណាក៏ដោយ។
កន្លងមកកញ្ញា ក៏បានដឹង និងលឺរឿងខ្លះៗ មុននឹងចូលមកសិក្សាក្នុងវិស័យច្បាប់។ កញ្ញា នៅ សំណាងនិយាយថាសង្គមពុករលួយ គឺគេមិនត្រូវស្រមៃ ធ្វើធំទេ បើ ជាអ្នកក្រីក្រគឺគ្មានសំណាងបានធ្វើធំធ្វើចៅក្រមរដ្ឋអាជ្ញាឬមេធាវីទេ។ បើបែបនេះក្ដី កញ្ញានៅតែផ្ដោតអារម្មណ៍ថា ចង់បំរើសង្គមដោយជំរុញសង្គមមាននីតិរដ្ឋត្រឹមត្រូវ។
កាលពីដើម គេថាមនុស្សស្រី មិនត្រូវរៀនខ្ពង់ខ្ពស់ពេកទេ ព្រោះត្រូវជួយម្ដាយ និងគ្រួសារ ដាំស្ល ឬគេ ហៅថា វិលចង្ក្រានមិនជុំ ។ នេះជា ការផ្ដល់គំនិត មួយដែលគេថាចាស់គំរិល ឬមិនជឿនលឿន ។ ប៉ុន្តែសម័យនេះ គឺផ្សេង មនុស្សស្រី មានឈ្មោះបោះសំឡេងដូចមនុស្សប្រុសដែរ គឺពួកគេ មានទាំងក្នុង ជួររដ្ឋាភិបាល តំណាងរាស្ត្រ និង ខ្លះជាក្រុមប្រឹក្សា ឃុំសង្កាត់ ទៀតផង ។ តាមការអង្កេត កាលពី ១០ឆ្នាំមុន ស្ត្រី ចូលធ្វើជាគ្រូបង្រៀន និងពេទ្យ ឆ្មប តែពេលនេះ គឺ ផ្សេង។
លោកកែមឡី អ្នកស្រាវជ្រាវពីបញ្ហាសង្គម និយាយថា តាមការស្រាវជ្រាវរបស់ លោក គឺ បច្ចុប្បន្ននេះ ស្រី ចាប់យកចំណេះ វិជ្ជា គ្រប់យ៉ាងដើ់ម្បី ជីវិតរបស់ពួកគេ ប្រសើ គឺខុសពី មួយទសវត្សមុន ដែលស្រី្ត ច្រើនតែធ្វើជាគ្រូនៅសាលាបឋមសិក្សា ឬ ការងារ តូចតាច ។ លោកបន្តថា ស្ត្រីរៀនច្បាប់ គឺពិតជាជួយសង្គមឱ្យមានការភាពប្រសើរ និងមានសមភាព សង្គមមួយ ដែលមានការផ្លាស់ប្ដូរ។
មិនមានតួលេខណាមួយ ផ្លូវការ បញ្ជាក់ថា និស្សិតស្រី រៀនមុខវិជ្ជាច្បាប់ ចំនួនប៉ុន្មាននាក់ ឬប៉ុន្មានភាគរយនៃនិស្សិត ប្រុសនេះទេ ប៉ុន្តែ នៅរយៈពេលចុងក្រោយនេះ គេសង្កេត យុវតីរៀនគ្រប់មុខវិជ្ជាគឺសូម្បី មុខវិជ្ជាពេទ្យ មុខវិជ្ជា បច្ចេកទេស ព័ត៌មានវិទ្យា ឬ សំណង ស៊ីវិល ក៏មាននិស្សិតស្រីរៀនដែរ ៕