ភ្នំពេញ៖ អតីតអ្នកភូមិបុរីកីឡាប្រមាណ ១០០នាក់ តំណាងឱ្យពលរដ្ឋ ១៤០ គ្រួសារនាថ្ងៃទី ០៥ ខែមេសានេះ បានធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីទទូចដល់ស្ថាប័នពាក់ព័ន្ធជួយរកទីតាំងថ្មីសម្រាប់រស់នៅ និងស្នើសុំសំណងបន្ថែម។ ការស្នើនេះ បន្ទាប់ពីអ្នកភូមិ ០៤ នាក់ បានស្លាប់ជាបន្តបន្ទាប់ដោយសារបរិយាកាសរស់នៅមិនល្អ និងមានជីវភាពខ្វះខាតយ៉ាងខ្លាំង។
អ្នកភូមិដែលមកទាមទារថ្ងៃនេះ បច្ចុប្បន្នកំពុងរស់នៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ក្នុងខេត្តកណ្តាល ឬជើងភ្នំបាត បន្ទាប់ពីពួកគាត់បានយល់ព្រមទទួលសំណងទៅរស់នៅទីនោះ ក្រោយពីក្រុមហ៊ុន ផានអ៊ីម៉ិច រំលោភឈូសឆាយកំទេចលំនៅដ្ឋាន កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១២ កន្លងទៅ។
តើអតីតពលរដ្ឋបុរីកីឡា ដែលព្រមទទួលយកសំណងចាកចេញទៅរស់នៅភ្នំបាត ជួបប្រទះការលំបាកអ្វីខ្លះ? ហើយសព្វថ្ងៃនេះ តើពលរដ្ឋទាំងនោះប្រកបកិច្ចការអ្វីដើម្បីទ្រទ្រង់ជីវភាព?
ដើម្បីជ្រាបឱ្យកាន់តែច្បាស់ពីបញ្ហានេះ សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលរៀបរៀងដោយ លោក កែវ សុខា អ្នកសារព័ត៌មានវិទ្យុស្ត្រីអែសអឹម ១០២ ដូចតទៅ៖
