ខេត្តកោះកុង៖ ស្រុកថ្មបាំង មានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង មានឃុំចំនួន៦ និងភូមិចំនួន១៨ មានផ្ទៃដីទំហំ ៣៤៤៦ គីឡូម៉ែត្រការ៉េ។ នៅទីនោះភាគច្រើនជាប្រភេទជាដីក្រហមមានជីវជាតិ ងាយស្រួលដល់ប្រជាពលរដ្ឋដាំដុះដំណាំ។ ទន្ទឹមគ្នានេះគេសង្កេតឃើញថា ក្រៅពីរបរឡើងភ្នំ ការដាំដុះដំណាំរបស់ពលរដ្ឋនៅទីនោះ ភាគច្រើនធ្វើស្រែចំការ ការដាំដំណាំបន្ទាប់បន្សំផ្សេងៗជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ តើមូលហេតុអ្វីបានជាពលរដ្ឋនៅតំបន់នោះ ភាគច្រើនដាំដំណាំជាលក្ខណៈគ្រួសារច្រើនជាជាងការដើម្បីការនាំចេញ? ជាបន្ដសូមអញ្ជើញស្ដាប់បទយកការណ៍ស្តីពីការប្រកបរបរកសិកម្មរបស់ប្រជាពលរដ្ឋនៅតំបន់នេះ ដែលរៀបចងក្រងដោយកញ្ញាជុំជោគជាតា មានសេចក្តីដូចតទៅ៖

ទីនេះ គឺជាស្រុកថ្មបាំងខេត្តកោះកុង ។ ស្រុកនេះ មានទេសភាពធម្មជាតិបំព្រង ប្រកបដោយដើមរុក្ខជាតិតូចធំបៃតងស្រស់។ ប្រជាពលរដ្ឋស្រុកថ្មបាំងមានជីវភាពសមល្មម ដោយអ្នករស់នៅទីនេះ ភាគច្រើនប្រកបរបរធ្វើស្រែចំការ ដាំដំណាំហូបផ្លែ បន្លែបង្កាធម្មជាតិ និងមុខរបរមួយទៀតគឺឡើងភ្នំប្រមូលអនុផលព្រៃឈើ។ ពលរដ្ឋនៅស្រុកនេះរីករាយចំពោះការប្រកបមុខរបរមួយ ព្រោះមិនមាន លក្ខណៈប្រកួតប្រជែងឡើយ។
អ្នកស្រី ម៉ន សាង រស់នៅភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ជាកសិករមួយរូបធ្វើស្រែ និងដាំដុះដំណាំជាលក្ខណៈគ្រួសារ។ អ្នកស្រីបាននិយាយថា ៖ « យើងដាំស្រូវ ដាំពោត ដាំល្ពៅ សម្រាប់តែទុកហូបតែប៉ុណ្ណោះ… ខ្ញុំធ្លាប់ឡើងព្រៃទៅបេះ ដូចជាសម្រង់ កកូរ… »។
អ្នកស្រី ម៉ន សាង បានប្រាប់ទៀតថា ដំណាំដែលអ្នកស្រីដាំ ព្រមទាំងអនុផលដែលដុះនៅតាមព្រៃភ្នំ គឺទុកសម្រាប់ហូបចុកក្នុងគ្រួសារខ្លួន និងចែកដល់ភូមិដូចគ្នាតែប៉ុណ្ណោះ ដោយផលដំណាំទាំងនោះ មិនមានឈ្មួញមកពីខាងក្រៅទិញនោះទេ ។ ស្រី្តរូបនេះបានឱ្យដឹងទៀតថា តាមរដូវកាល អនុផលព្រៃឈើដែលដើររកបានក្នុងព្រៃ ម្ដងម្កាលៗទុកសម្រាប់លក់ឱ្យឈ្មួញពីខាងក្រៅខ្លះដែរ ដែលឈ្មួញទាំងនោះមកទិញដល់ក្នុងភូមិ។ អ្នកស្រី ម៉ន សាង ៖ «ទិន្នផលព្រៃឈើ បេះយកមកលក់ ស្រុកយើងបេះតែប៉ុណ្នឹង… ផ្លែសម្រង់ ផ្លែកកូរ ឬផ្លែផ្ដាំ អ្នកភូមិលក់ក្នុងមួយគីឡូ បានតម្លៃ២ម៉ឺនប្រាំពាន់រៀលទៅ ៣ម៉ឺនរៀល… »។
នៅមិនឆ្ងាយពីអ្នកស្រី ម៉ន សាង ប៉ុន្មាន ស្រ្ដីម្នាក់ទៀតមានសម្បុរខ្មៅស្រអែមនិងទឹកមុខស្នាមញញឹម គឺនាង សួន សោ អាយុ១៩ឆ្នាំ រស់នៅក្នុងឃុំជំនាប់ ភូមិជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង បាននិយាយប្រាប់ថា របរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់នាង ក៏ដូចគ្នាអ្នកភូមិរស់នៅទីនេះដែរ។ « ខ្ញុំឡើងភ្នំ ក្រៅពីឡើងភ្នំ រកស៊ីដាក់ត្រី ដូចគេ ដូចឯង…»។
ជាអ្នកម្ដាយវ័យក្មេងដែលមានកូនស្រីអាយុ ២ឆ្នាំម្នាក់នៅក្បែរខ្លួន សោ បានប្រាប់បន្ដថា អ្នកភូមិនៅទីនេះភាគច្រើនពឹងផ្អែកលើដំណាំលក្ខណៈគ្រួសារ ច្រើនជាងការដើរព្រៃរកអនុផលព្រៃឈើ។
កាលបើទៅកាន់ទឹកដីស្រុកថ្មបាំង គឺគេត្រូវតែងនឹកគិតទៅដល់តំបន់អារ៉ែង ដែលជាដែនជម្រកព្រៃដ៏ស្រស់ត្រកាល មានបរិស្ថានគួរឱ្យគនគន់។ លោក វ៉ែន អែត ជាអ្នកភូមិច្រកឬស្ស៊ី ឃុំជំនាប់ ស្រុកថ្មបាំង និងជាអ្នកមើលការខុសត្រូវភ្ញៀវទេសចរដែលមកលេងកំសាន្ដនៅក្នុងតំបន់អារ៉ែងនេះ បាននិយាយថា អ្នកភូមិនៅទីនេះ តាមទម្លាប់គឺនាំគ្នាធ្វើស្រែចំការ និងចូលព្រៃឡើងភ្នំ ឬរកត្រីជាដើម។ ពេលមានភ្ញៀវទេសចរមកលេង អ្នកភូមិក៏មានការងារបន្ថែមមួយទៀត គឺការរៀបចំម្ហូបអាហារ ធ្វើបាយសម្លសម្រាប់ភ្ញៀវទេសចរ អ្នកខ្លះទៀតដឹកភ្ញៀវទេសចរដើរកំសាន្ដ ហើយក៏ជាអ្នកនាំផ្លូវជូនភ្ញៀវទេសចរផងដែរ។
តាមលោក វ៉ែន អែត រដូវកាលដែលភ្ញៀវទេសចរមកកំសាន្ដច្រើនជាងគេនៅតំបន់អារ៉ែង គឺ នៅខែមេសា និងរដូវប្រាំង ហើយប្រភពចំណូលដែលបានមកពីភ្ញៀវទេសចរ គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់អ្នកភូមិ ព្រោះមិនចាំបាច់នាំគ្នាចូលព្រៃ។
«… និយាយអោយចំទៅ វាគឺបូកផ្សំគ្នា បើសិនជាគាត់គិតតែភ្ញៀវទេសចរណ៍ទាំងអស់ពេកទៅ ក៏វាពិបាកដែរ អីចឹងទាល់តែគាត់មានចំការផង បូកផ្សំនឹងគាត់រៀបចំខាងទេសចរណ៍ផង ទើបវាអាចម្រើន។ ការដាំស្លសម្រាប់ភ្ញៀវទេសចរ គឺកាត់បន្ថយបានមួយកម្រិត ត្រង់ថា គាត់មិនបាច់ចាំឡើងព្រៃ »។
ចំណែកអ្នកជំនាញនាំផ្លូវឱ្យភ្ញៀវ ម្នាក់ទៀតគឺលោក សុខ មាំ ។ លោកនិយាយមានសំនៀងរដឺន មានអាយុ ៥៣ឆ្នាំ ជាជនជាតិជង ។ លោក សុខ មាំ បានឱ្យដឹង បន្ដថា ក្រៅពីការងារជាអ្នកនាំព្រៃ លោកក៏ជាអ្នកដើរព្រៃរកជ័រដើម្បីយកទៅលក់ផងដែរ។ «មានស្អី មានតែចូលព្រៃ មុខរបរយើងមានតែចូលព្រៃ រកជ័ររុង យកទៅលក់ »។

បុរសជនជាតិជង សញ្ជាតិខ្មែរលោក សុខ មាំ អ្នកជំនាញដើរព្រៃ និងជាចាស់ទុំមួយរូបក្នុងតំបន់នេះ បានប្រាប់បន្ដនិយាយទៀតថា សម្រាប់ជ័ររុងមួយគីឡូ តម្លៃ ២ម៉ឺន ទៅ ២ម៉ឺនប្រាំបីពាន់រៀល ហើយក្នុងមួយថ្ងៃគាត់រកជ័ររុងបានប្រាំគីឡូក្រាម ។ ជ័រដែលរកបានយកទៅលក់នៅព្រំប្រទល់ខេត្តពោធិ៍សាត់ ដោយក្នុងមួយជើងមានចំណុះ ៣០គីឡូ។
យើងបានជួបពលរដ្ឋមួយរូបទៀតក្នុងឃុំជំនាប់ ភូមិច្រកឬស្ស៊ី ស្រុកថ្មបាំង ខេត្តកោះកុងដែលបានដឹកភ្ញៀវទេសចរធ្វើដំណើរតាមគោយន្ដ។ លោកសុខ ផាន់ អាយុ ២៩ឆ្នាំ មានគ្រួសារ និងមានកូនប្រុសស្រី ៣នាក់ក្នុងបន្ទុក។ ជីវភាពរស់នៅរបស់គ្រួសារលោក ពឹងផ្អែកទៅលើរបរធ្វើស្រែចំការ និងការដឹកអ្នកដំណើរតាមគោយន្ដ។
លោក សុខ ផាន់ មានដីសម្រាប់ធ្វើស្រែចំការ ២–៣ហិកតា ប៉ុន្ដែដីដាំដុះរបស់លោកត្រឹមតែ ២ ហិកតា ប៉ុណ្ណោះ។ «ខ្ញុំដាំស្ពៃ ដាំសណ្ដែក បានម៉ាហូបៗ … ដោយសារព្រៃពេក ហើយណាមួយខ្ញុំមានគោយន្ដផង ទើបដីដែលនៅសល់មិនបានដាំអី… ការដាំដុះរបស់អ្នកភូមិ គឺដាំតាមបែបធម្មជាតិ ហើយការដាំដុះភាគច្រើនគឺជាលក្ខណៈគ្រួសារ»។
សុខ ផាន់ ៖« ដាំដុះ ! យើងដាំតាមធម្មតា ដាំតាមធម្មជាតិ តាមរុក្ខជាតិ ខ្លះណាក៏គេដាំឱ្យបានច្រើន ចែកចាយក្នុងភូមិទៅ ដូចយើងដឹងស្រាប់នៅទីនេះផ្លូវពិបាក អត់មានផ្លូវមានអី មិនដឹងយកទៅលក់នៅណាទេ… »។
ជុំវិញស្ថានភាពរស់នៅរបស់ពលរដ្ឋសហគមន៍នេះ មេភូមិជំនាប់ លោក ហាស់ ម៉ន ក៏បានលើកឡើងមិនខុសពីអ្នកភូមិរបស់គាត់ដែរ។ លោកថា អ្នកភូមិភាគច្រើនគឺនាំគ្នាដាំបន្លែ និងធ្វើស្រែចំការ ត្រឹមជាលក្ខណៈគ្រួសារប៉ុណ្ណោះ បើទោះជាដីនៅតំបន់នោះមានជីវជាតិក៏ដោយ។

លោកមេភូមិថា ប្រសិនជាមានឈ្មួញចូលមកទិញដំណាំពីអ្នកភូមិ នោះអ្នកភូមិអាចនឹងនាំគ្នាប្ដូរពីការដាំដំណាំជាលក្ខណៈគ្រួសារ ប្រែទៅជាដាំដំណាំមានលក្ខណៈនាំចេញវិញ។ លោក ហាស់ ម៉ន ៖ «ខ្ញុំថាបើសិនជាមានទីផ្សារ ឬឈ្មួញ និងអង្គការនានាប្រមូលទិញ នោះប្រជាពលរដ្ឋគាត់នឹងមានកម្លាំងធ្វើ… »។
មេភូមិរូបនេះបានឱ្យដឹងថា ប្រជាពលរដ្ឋក្នុងមួយគ្រួសារមានដីធ្វើស្រែចំការតិច ៥ហិកតា ហើយការដាំដុះរបស់អ្នកភូមិមានដូចជា ដាំផ្លែធុរេន សាវម៉ៅ ចេក មង្ឃុត ខ្នុរ ត្របែក និងល្ពៅ ក្រៅពីនេះ គឺមាន ដំណាំស្រូវ ។
តាមការបញ្ជាក់បន្ថែមពីលោកមេភូមិ ការដាំដំណាំសម្រាប់តែផ្គត់ផ្គង់ក្នុងគ្រួសារ ដោយសារតែ ទីមួយផ្លូវធ្វើដំណើរមានការលំបាក, ទីពីរខ្វះឈ្មូញទិញផលដំណាំ , និងទីបីខ្វះការពិភាក្សានិងព័ត៌មានពីអ្នកជំនាញកសិកម្ម។ ទន្ទឹមគ្នានេះ លោកបានអំពាវនាវ ឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយសម្រួលសម្រួលបញ្ហានេះ ដើម្បីអភិវឌ្ឍជីវភាពអ្នកភូមិរបស់លោកឱ្យបានប្រសើរ។
លោក ហាស់ ម៉ន ៖ « សុំអំពាវនាវឱ្យអង្គការ គ្រប់ស្ថាប័ន ឬក៏វិស័យឯកជន ឬឈ្មួញជួយវិនិយោគ ជួយទិញដំណាំប្រជាពលរដ្ឋដែលដាំបាន»៕
អត្ថបទ៖ ជុំ ជោគជាតា