នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះ តំណាងរាស្រ្តគណបក្សសង្រោះជាតិ លោក ម៉ៅ មុន្នីវណ្ណ កំពុងព្រាងលិខិតស្នើសុំអគ្គលេខាដ្ឋានរដ្ឋសភា ដើម្បីរៀបចំសន្និសីទកាសែតនៅសប្តាហ៍នេះ បំណងដើម្បីស្នើដល់រដ្ឋាភិបាលបង្ហាញពីផែនទីពិតស្តីពីការកំណត់ព្រំដែនកម្ពុជានិងប្រទេសវៀតណាម ដែលបានតម្កល់នៅអង្គការសហប្រជាជាតិ។ ការស្នើបែបនេះ គឺបន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពិនិត្យឃើញថា ទឹកដីកម្ពុជាតាមបណ្តោយព្រំដែន បានបាត់បង់ទៅភាគីវៀតណាមដោយសារតែរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ផែនទីខុស។
« គោលបំណងអត់មានអីច្រើនទេ សុំឲ្យបង្ហាញផែនទីជាផ្លូវការ ហើយបើលោកមិនបង្ហាញខ្ញុំប្រាប់ប្រជាពលរដ្ឋខ្មែរថា លោកបោះបង្គោលព្រំដែនកន្លងមក មិនមែនបោះតាមផែនទីដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិនោះទេ »។ នេះជាការលើកឡើងរបស់លោក ម៉ៅ មុន្នីវណ្ណ ប្រាប់អ្នកយកព័ត៍មានមណ្ឌលស្រ្តីកម្ពុជានៅព្រឹកថ្ងៃច័ន្ចនេះ។ លោកក៏បានបញ្ជាក់ទៀតថា បញ្ហាទឹកដីកម្ពុជាដែលបានបាត់បង់តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមកន្លងមក ក៏ដោយសារតែការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរធ្វើឡើងដោយផ្អែកលើផែនទីខុសដោយយោងតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។

តំណាងរាស្ត្រមណ្ឌលកំពង់ចាមរូបនេះ បានបន្តទៀតថា បញ្ហារឿងព្រំដែនគឺជាបញ្ហារបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដូច្នេះការបង្ហាញពីព្រំដែនគឺត្រូវតែធ្វើឡើងដោយបើកចំហជាសាធារណៈ មិនត្រូវធ្វើការបកស្រាយដោយម្នាក់ឯងនោះទេ។ « ប្រសិនបើការបង្ហាញផែនទីពីរដ្ឋាភិបាល ដូចផែនទីដែលបានតម្កល់នៅអង្គការសហប្រជាជាតិមែននោះ នោះប្រជាប្រិយភាពរបស់បក្សកាន់អំណាចកាន់តែល្អប្រសើរទៅវិញនោះទេ…។ ដូច្នេះ បង្ហាញផែនទីនោះមកដើម្បីឲ្យអស់សង្ស័យទាំងអស់គ្នា »។
លោក វ៉ា គឹមហុង កាលពីថ្ងៃទី១២ ខែមិថុនា ថ្មីៗនេះ បានបញ្ជាក់ថា សំណើសុំផែនទីរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានរដ្ឋាភិបាលបញ្ជាក់និងបង្ហាញជាសាធារណៈជាច្រើនលើកច្រើនសាររួចមកហើយតាមរយៈបទអន្តរាគមន៍របស់លោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីបញ្ហាសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងជុំវិញបញ្ហាព្រំដែនទឹករវាងកម្ពុជា-វៀតណាម នៅរដ្ឋសភាជាតិ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០០៥។
លិខិតរបស់លោក វ៉ា គឹមហុង បានបន្តថា រូបលោកបានចូលពន្យល់ដល់សភាពេញអង្គ ក៏ដូចជានៅគណៈកម្មាធិការនៃរដ្ឋសភាជាច្រើនដងរួចមកហើយ។ សារលិខិតនេះឲ្យដឹងផងដែរថា កាលពីឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញពីនីតិវិធីខណ្ឌសីមា បោះបង្គោលព្រំដែន ព្រមទាំងបង្ហាញផែនទីផ្លូវការដែលរដ្ឋាភិបាលយកមកប្រើប្រាស់ក្នុងការកំណត់ធ្វើព្រំដែនជាមួយប្រទេសវៀតណាមផងដែរ។
យ៉ាងណាក្តីលោក វ៉ា គឹមហុង បញ្ជាក់បន្ថែមទៀតថា ដើម្បីបញ្ជាក់ឲ្យបានច្បាស់ លោកសូមជម្រាបសារជាថ្មី ទៅ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិថា រាជរដ្ឋាភិបាលពុំមានផែនទីណាផ្សេង ខុសពីផែនទីផ្លូវការដែលបានបង្ហាញជូនជាសាធារណៈនោះទេ។ តែបើអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មានផែនទីដែលអះអាងថាត្រឹមត្រូវនោះ សូមយកមកប្រគល់ឲ្យរាជរដ្ឋាភិបាល ដើម្បីពិនិត្យផ្ទៀងផ្ទាត់ជាមួយនឹងផែនទីផ្លូវការដែលកម្ពុជាមានដោយឈរលើឧត្តមប្រយោជន៍ជាតិខ្ពស់បំផុត៕