en     km
en     km

នាយករដ្ឋមន្រ្តីកម្ពុជាមិនប្រកាន់ទោសអូសដំណើរប្រជាជនភូមាដែលដុតរូបថតសម្តេចចោល

Share

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាលើកឡើងថា សម្តេចមិនប្រកាន់ទោសអូសដំណើរប្រជាជនមីយ៉ាន់ម៉ា ដែលដុតរូបភាពសម្តេចចោលស្របពេលសម្តេច ហ៊ុន សែន បំពេញដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២។ នេះជាការថ្លែងរបស់សម្តេច ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

ប្រជាជនមីយ៉ាន់ម៉ាមួយចំនួនបានដុតរូបថតសម្តេច ហ៊ុន សែន និងខ្លះបានជាន់ឈ្លីរូបថតសម្តេចទៀតផង ជាកិច្ចស្វាគមន៍របស់ពួកគេក្នុងពេលដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ នេះជាការថ្លែងរបស់សម្តេច ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃនេះ។

តែយ៉ាងណា សម្តេចលើកឡើងថា សម្តេចមិនប្រកាសទោសអូសដំណើរនឹងប្រជាជនភូមាដែលធ្វើរឿងបែបនេះនោះទេ ខណៈសម្តេចបានប្រកាសពីសមិទ្ធផលធំធេងមួយដែលរដ្ឋាភិបាលយោធាយល់ព្រមប្រកាសបទឈប់បាញ់គ្នាមួយរយៈជាមួយក្រុមប្រដាប់អាវុធជនជាតិដើមភាគតិច។

 

កាលពីថ្ងៃទី០៧ និងទី០៨ ខែមករា ឆ្នាំ២០២២ សម្តេច ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីពិភាក្សាបញ្ហាទ្វេភាគី និងបញ្ហាក្នុងតំបន់មួយចំនួនឈានទៅដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ភូមាស្របពេលដែលកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ប្រទេសទាំងពីរ កម្ពុជា-មីយ៉ាន់ម៉ា ចេញផ្សាយកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២។

 

បើតាមសេចក្តីប្រកាសព័ត៌មាន ក្នុងជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងលោក មីន អោង ឡាំង នាយឧត្តមសេនីយ៍ជាប់ខ្ពស់ភូមានោះ មេដឹកនាំយោធាភូមាបានសម្រេចឱ្យរដ្ឋាភិបាលភូមាប្រកាសបទឈប់បាញ់គ្នាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចរយៈពេល ៥ ខែនិងសម្រេចពន្យារដល់ចុងឆ្នាំ២០២២។

ជុំវិញរឿងនេះដែរ លោក សម រង្ស៊ី ប្រធានអតីតគណបក្សសង្គ្រោះជាតិបានបញ្ចេញឃ្លីបវីដេអូខ្លីមួយលើទំព័រហ្វេសប៊ុករបស់លោក ដោយរិះគន់លទ្ធផលនៃជំនួបរបស់នាយករដ្ឋមន្រ្តីនិងមេដឹកនាំយោធាថា មិនអាចធ្វើឱ្យមានការបញ្ឈប់ហិង្សាផ្ទាល់ក្នុងប្រទេសភូមាបាន និងរិះគន់ថា នាយករដ្ឋមន្រ្តីកម្ពុជាមានភាពលម្អៀងដែលមិនបានទៅជួបលោកស្រី អ៊ុង សានស៊ូជី ដើម្បីបង្ហាញពីតុល្យាភាពគ្នាក្នុងនាមជាអ្នកសម្របសម្រួល។

 

តែយ៉ាងក្នុងសេចក្តីប្រកាសព័ត៌មានរួមបញ្ជាក់ថា មេដឹកនាំយោធាលោក មីន អោងឡាំង បានយល់ព្រមស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីចូលរួមកិច្ចពិភាក្សាអំពីបទឈប់បាញ់គ្នាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច។

អ្វីជាការកត់សម្គាល់ពិសេសនោះ ថ្នាក់ដឹកនាំទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា បានគាំទ្រឱ្យក្រុមការងារមួយដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជនភូមាដោយមិនប្រកាន់និន្នាការ និងគ្មានការរើសអើង ដោយផ្តោតលើពាក្យស្លោកថា«គ្មានអ្វីដែលសំខាន់ជាងការជួយសង្គ្រោះជីវិតមនុស្សនោះឡើយ»។

សូមរំលឹកថា ​ប្រទេសមីយ៉ាន់ម៉ា ឬភូមា នារយៈពេលចុងក្រោយនេះ បានជួបវិបត្តិផ្ទៃក្នុងប្រទេសជាច្រើន ជាពិសេសរដ្ឋប្រហារពីពួកមេយោធាដែលនាំឱ្យប្រទេសមួយនេះធ្លាក់ក្នុងជម្លោះដ៏រ៉ាំរ៉ៃ និងការកាប់សម្លាប់បង្ហូរឈាមផងដែរ។ អ្វីជាការកត់សម្គាល់ របបយោធាភូមាដឹកនាំដោយលោក មីន អ៊ុងឡាំង ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិ អនុម័តកាលពីពេលថ្មីៗនេះ ដោយសម្រេចទុកចោលសំណើរបស់របបយោធារយៈពេលមួយឆ្នាំឱ្យនៅក្រៅរង្វង់នៃភាពស្របច្បាប់។

ទាក់ទងបញ្ហានៅក្នុងប្រទេសភូមានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាធ្លាប់បង្ហាញមហិច្ឆិតារបស់ខ្លួនក្នុងការដោះស្រាយបញ្ហាប្រទេសភូមា នៅពេលកម្ពុជាដើរតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ៕​

 

                                            

Share

ព័ត៌មានទាក់ទង