ភ្នំពេញ៖វេជ្ជបណ្ឌិតឯកទេសផ្នែកចិត្តសាស្ត្រពន្យល់ថាមនុស្សវ័យចាស់ចាប់ពីអាយុ៦០ឆ្នាំឡើងទៅនឹងប្រឈមមុខចំពោះជំងឺវង្វេងវង្វាន់ព្រោះកោសិកាសេរីរាង្គមនុស្សវ័យចាស់ចាប់ផ្តើមមានភាពទ្រុឌទ្រោម។ស្របពេលនេះអង្គការសុខភាពពិភពលោករកឃើញថាអ្នកកើតជំងឺវង្វេងនឹងកើនឡើងបីដងចាប់ពី៥០លាននាក់ដល់១៥២លាននាក់នៅត្រឹមឆ្នាំ២០៥០។

ជំងឺវង្វេងវង្វាន់ឬភ្លេចភ្លាំងជាជំងឺមួយប្រភេទដែលធ្វើឲ្យសមត្ថភាពចង់ចាំធ្លាក់ចុះនិងអាកប្បកិរិយារបស់មនុស្សមានភាពអសកម្មក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
បើយោងតាមអង្គការសុខភាពពិភពលោក(WHO)បង្ហាញថាអ្នកកើតជំងឺវង្វេងជិត៧០០០នាក់ ដែលជិតស្មើនឹងពាក់កណ្តាលអ្នកកើតជំងឺទឹកនោមផ្អែមជាង១៥០០០នាក់នៅក្នុងឆ្នាំ២០១៦។អ្នកកើតជំងឺវង្វេងនឹងកើនឡើងបីដងចាប់ពី៥០លាននាក់ដល់១៥២លាននាក់នៅត្រឹមឆ្នាំ២០៥០។
លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសចិត្តសាស្ត្រអះអាងថាមនុស្សវ័យ៦០ឆ្នាំអាចនឹងប្រឈមមុខកើតជំងឺភ្លេចភ្លាំងឬជំងឺវង្វេងវង្វាន់ពី១៥ទៅ២០ភាគរយនិងអាយុ៨០ឆ្នាំប្រឈមកើតជំងឺនេះ៥០ភាគរយ។«គេសង្កេតឃើញថាជំងឺចាស់វង្វេងចាប់ពីអាយុ៦០ឆ្នាំទៅអាចមានពី១៥ទៅ២០ភាគរយទៅលើដែលមានអាយុកាលប៉ុណ្ណេះ។រីឯអាយុដល់៧០ទៅ៨០គេសង្កេតឃើញអាចនឹងមាន៥០ភាគរយ។មានន័យថាចាស់ស៊ុតតែវង្វេងទេ។»
បើតាមលោកវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសចិត្តសាស្ត្រពន្យល់ថាមូលហេតុបណ្តាលឲ្យកើតជំងឺវង្វេងវង្វាន់ឬភ្លេចភ្លាំងដោយសារកោសិកាសេរីរបស់មនុស្សមានវ័យចំណាស់ចាប់ផ្តើមមានសភាពទ្រុឌទ្រោមនិងបណ្តាលមកពីខ្លាញ់រុំក្នុងសរសៃឈាមខួរក្បាល។ទោះបីយ៉ាងណាលោកវេជ្ជបណ្ឌិតអះអាងថាជំងឺវង្វេងអាចព្យាបាលឲ្យមានស្ថានភាពធូរស្រាលនិងវិលមករកស្ថានភាពដើមវិញ។«គឺបណ្តាលមកពីកោសិកាខ្លួនឯកផ្ទាល់ត្រូវទ្រុឌទ្រោមព្រោះយើងដឹងហើយកោសិកោទាំងឡាយទៅលើសេរីរាង្គវិវត្តន៍ទៅតាមអាយុកាល។កោសិកាខួរក៏វិវត្តន៍ដូចកោសិកាស្បែក សាច់ដទៃទៀតចាស់រីករិល។»
លោកវេជ្ជបណ្ឌិត សុបុត្រា បានព្រមានថាអ្នកប្រើប្រាស់គ្រឿងញៀននិងគ្រឿងស្រវឹងក៏អាចកើតជំងឺវង្វេងនេះមុនអាយុផងដែរ។«ជំងឺចាស់វង្វេងមុនអាយុអ្នកខ្លះប្រើប្រាស់គ្រៀងញៀន អ្នកខ្លះប្រើប្រាស់គ្រឿងស្រវឹងដែលកើតឡើងដោយសារធាតុគីមីទៅចូលពីខាងក្នុងឬវង្វេងដោយសារជំងឺប្រចាំកាយផ្សេងទៀតៗដូចជាជំងឺទឹកនោមផ្អែម ជំងឺស្លាប់មួយជំហៀកខ្លួន។»
ការស្រាវជ្រាវមួយរបស់អង្គការសុខភាពពិភពលោកបង្ហាញថា៩០ភាគរយមានជំងឺវង្វេងវង្វាន់ស្ថិតនៅក្នុងបណ្តាប្រទេសប្រាក់ចំណូលទាបនិងមធ្យមនិងភាគច្រើនស្ត្រីប្រឈមខ្ពស់ជាងបុរសកើតជំងឺវង្វេង។
តែយ៉ាងណាលោកវេជ្ជបណ្ឌិតសុបុត្រសង្កេតឃើញថាអ្នកកើតជំងឺវង្វេងស្ត្រីនិងបុរសមានចំនួនប្រហាក់ប្រហែលគ្នា។លោកថាអ្នកកើតជំងឺវង្វេងមកព្យាបាលនៅឃ្លីនិចរបស់លោកជាមធ្យមពី១៥ទៅ២០នាក់ក្នុងរយៈមួយខែ។
អង្គការសុខភាពពិភពលោកបញ្ជាក់ថាមនុស្សជិត១០លាននាក់កើតជំងឺវង្វេងវង្វាន់ជារៀងរាល់ឆ្នាំនិង៦លាននាក់ក្នុងប្រទេសមានប្រាក់ចំណូលទាបនិងមធ្យម។គេប៉ាន់ប្រមាណថាការចំណាយប្រាក់ទៅលើការព្យាបាលជំងឺវង្វេងវង្វាន់ជាសាកលប្រចាំឆ្នាំ៨១៨ពាន់លានដុល្លារដែលស្មើនឹង១ភាគរយនៃផលិតផលសរុបលើពិភពលោក។
គិតត្រឹមឆ្នាំ២០៣០ការចំណាយនេះគេរំពឹងថានឹងកើនទ្វេដងរហូតដល់២ពាន់ពាន់លានដុល្លារអាមេរិកដែលការចំណាយនេះនឹងប៉ះពាល់ដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនិងជះឥទ្ធិពលដល់សេវាសុខភាពនិងសង្គមនិងប្រព័ន្ធថែទាំសុខភាពក្នុងរយៈពេលវែង។
លោកវេជ្ជបណ្ឌិត យឹម សុបុត្រា បន្ថែមថាជាទូទៅរោគសញ្ញានៃអ្នកកើតជំងឺវង្វេងគឺងាយភ្លេចឬមិនអាចចង់ចាំអ្វីដែលទើបនឹងកើតឡើងក្នុងបច្ចុប្បន្នកាលចន្លោះពី១០នាទីទៅ១៥នាទី។ម្យ៉ាងទៀតអ្នកជំងឺមានអារម្មណ៍ឆេវឆាវនិងអារម្មណ៍រវើលរវាយជាដើម៕