ភ្នំពេញ៖ធនាគាពិភពលោកបានចុះហត្ថលេខាជាមួយកម្ពុជា លើការផ្ដល់កម្ចី ដែលមានទឹកប្រាក់ចំនួន២០០ លានដុល្លារដល់កម្ពុជាសម្រាប់ កាលើកកម្ពស់ប្រព័ន្ធវិស័យអប់រំថ្នាក់ឧត្តមសិក្សា និងកែលម្អផ្លូវគមនាគមន៍នៅកម្ពុជា។ នេះបើតាមការប្រកាសព័ត៌មានរបស់ធនាគាពិភពលោក កាលពីថ្ងៃទី ១២ កក្កដា។
លោក សោម លាភ រាយការណ៍ !
ក្នុងសេចក្ដីប្រកាសនេះបញ្ជាក់ថា ទឹកប្រាក់ចំនួន ២០០លានដុល្លារសហរដ្ឋអាមេរិកនេះ សម្រាប់ចាប់ផ្តើមអនុវត្តគម្រោងវិនិយោគធំពីរគឺ៖
មានគោលដៅបង្កើនគុណភាពប្រព័ន្ធអប់រំសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម និងផ្តោតទៅលើការពង្រីកបណ្តាញផ្លូវគមនាគមន៍ពីមជ្ឈមណ្ឌលសេដ្ឋកិច្ចក្នុងរាជធានីភ្នំពេញ ទៅកាន់កំពង់ផែទឹកសមុទ្រជ្រៅតែមួយគត់របស់កម្ពុជា ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ។
សម្រាប់គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEICP) និងគម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ ជំហាន២ (RAMP II) បានទទួលការអនុម័តដោយក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក តាមលំដាប់លំដោយ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៨ និងថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៨។
តាមរយៈគម្រោងកែលម្អការអប់រំឧត្តមសិក្សា មានតម្លៃទឹកប្រាក់ ៩០លានដុល្លារអាមេរិកនេះ ធនាគារពិភពលោកនឹងជួយដល់ការខិតខំរបស់ប្រទេសកម្ពុជាក្នុងការបង្កើនគុណភាពប្រព័ន្ធអប់រំឧត្តមសិក្សា និងការស្រាវជ្រាវ និងដើម្បីពង្រីកឱ្យកាន់តែទូលាយថែមទៀតនូវលទ្ធភាពទទួលបានការអប់ឧត្តមសិក្សាសម្រាប់សិស្សក្រីក្រ។
គម្រោងដែលមានអាយុកាលប្រាំមួយឆ្នាំនេះនឹងផ្តោតទៅលើការកែលម្អមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតសាស្ត្រ និងកសិកម្មជាដើម។
គម្រោងនេះ នឹងបង្កើនចំនួនថ្នាក់រៀន និងមន្ទីរពិសោធន៍,ការសង់កន្លែងសម្រាប់និស្សិតក្រីក្រ និងនិស្សិតស្រ្តីស្នាក់នៅផងដែរ។ គម្រោងនេះនឹងពង្រឹងសមត្តភាពបង្រៀន ការស្រាវជ្រាវដល់គ្រឹះស្ថានឧត្តមសិក្សាមួយចំនួនដូចជា៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញសាកលវិទ្យាភូមិន្ទកសិកម្ម សាលកវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យបាត់ដំបង និងគ្រឹះស្ថានឯកជនមួយចំនួនទៀត។
យ៉ាងណាមិញ គម្រោងនេះ នឹងផ្ដល់ផលប្រយោជន៍ដល់និស្សិតសរុបប្រមាណ ១៦៣៥៦នាក់។
ចំណែកឯ គម្រោងនៃការពង្រីកបណ្តាញផ្លូវគមនាគមន៍វិញ មានទឹកប្រាក់ចំនួន ១១០លានដុល្លារអារមេរិក ដែលជាហិរញ្ញប្បទាន មានគោលដៅកែលម្អ សុវត្ថិភាព និងភាពធន់អាកាសធាតុរបស់ផ្លូវជាតិលេខ៤។
គម្រោងនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់បង្កើនគុណភាពបណ្តោយផ្លូវចម្ងាយជាង ២០០គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវពីបច្ចុប្បន្នទំហំ ៧ម៉ែត្រ ដល់ ១១ម៉ែត្រ និងអ៊ុតកៅស៊ូប្រភេទ Asphalt Concret –AC និងការរៀបចំកែលម្អចិញ្ចើមសងខាងផ្លូវដាក់លូបង្ហូរទឹក និងធ្វើស្ពានជាដើម។ ជាងនេះ ក៏មានការបង្កើនគុណភាពស្ថានីយថ្លឹងទម្ងន់រថយន្តប្រភេទធំៗ ដំឡើងសញ្ញាតំបន់ល្បឿនមានកម្រិត សញ្ញានាំផ្លូវ ប្រព័ន្ធភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ និងកាម៉េរ៉ាចាប់ល្បឿននៃការបើកបរ។
ការចុះហត្ថលេខាផ្ដល់ហិរញ្ញប្បទាននេះ បញ្ជាក់ថា ធនាគារពិភពលោកនៅបន្តភាពជាដៃគូអភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជា។
សូមបញ្ជាក់ថា កម្ចីដែលផ្ដល់ដល់កម្ពុជានេះ ជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ប្រទេសក្រីក្រជាងគេ។ ជំនួយទាំងនេះ មិនគិតការប្រាក់ទេ ។ តែតម្រូវឱ្យកម្ពុជាសងត្រឡប់គ្រប់ចំនួនទៅវិញរយៈពេល ៣៨ឆ្នាំ រួមមានក្នុងនោះរយៈពេលអនុគ្រោះប្រាំមួយឆ្នាំផង។
គួររំលឹកថា ធនាគារពិភពលោកបានផ្ដល់ឥណទានសហប្រតិបត្តិការសរុបប្រមាណ ១ ៧៣៤,៤៣លាន ក្នុងនោះឥណទានសម្បទានមានប្រមាណ ១ ១៤៨,៩៣ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងប្រមាណ ៥៨៥,៥០ លានដុល្លារអាមេរិក៕