ពាក្យមួយឃ្លានេះធ្លាប់ត្រូវបានមហាជនយកមកប្រើ ដើម្បីរំដោះខ្លួនចេញពីការជិះជាន់ដូចជាក្នុងរបបទាសភាពក្តី របបអាណានិគមក្តី ឬការដឹកនាំបែបផ្តាច់ការក្តី ។ ពាក្យនេះគឺជាសុភាសិត បុរាណ ។

ការតស៊ូរើបម្រះចេញពីការជិះជាន់សង្កត់សង្កិន មានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ ។ ក្នុងរបបទាសភាពក្រិចបុរាណ អ្នកទន់ខ្សោយតែងតែត្រូវបានអ្នកមានអំណាច មានទ្រព្យស្តុកស្តម្ភចាប់យកមកធ្វើជាទាសករ ។ ស្ត្រីត្រូវគេចាប់យកទៅលក់សម្រាប់បម្រើផ្លូវភេទ ឬធ្វើជាកញ្ជះគេ ។ ចំណែកបុរសៗដែលមានរាងកាយមាំមួនត្រូវគេកែនធ្វើទាហាន ឬជាកីឡាករប្រយុទ្ធគ្នាស្លាប់រស់ (gladiator) ក្នុងកីឡាដ្ឋានមួយដែលគេហៅថា Arena ។
កីឡាកររូបណាដែលចង់រួចផុតពីឈ្មោះជាទាសករត្រូវប្រយុទ្ធស្លាប់រស់ជាមួយកីឡាករផ្សេងទៀត រហូតលែងមានអ្នកហ៊ានតតាំង ។ ស្ប៉ាតាក (Spartacus) (១១១-៧១ មុន គ.ស.) ជាឈ្មោះរបស់បុរសម្នាក់ដែលត្រូវគេចាប់មកធ្វើជាកីឡាករប្រភេទនេះដែរ ហើយគាត់ជាមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្របស្ចិមលោកដែលហ៊ានងើបបះបោរប្រឆាំងនឹងរបបទាសភាព។ ទោះបីគាត់ត្រូវគេសម្លាប់ ហើយការបះបោររបស់គាត់មិនបានជោគជ័យក៏ដោយ តែគាត់បានចាប់អង្រួនរបបដឹកនាំក្រិចបុរាណឲ្យងាកមកគិតគូរពី សុខទុក្ខរបស់ប្រជារាស្ត្រឡើងវិញ ហើយកេរ្តិ៍ឈ្មោះរបស់គាត់ត្រូវបានមនុស្សជំនាន់ក្រោយចងចាំ និងចាត់ទុកជានិមិត្តរូបនៃការធ្វើបដិវត្តន៍នានា ។
ការបះបោរមួយទៀតដែលសំខាន់ក្នុងការផ្លាស់ប្តូរចរន្តពិភពលោក ក្រោយពេលរបបមូលធនបានកកើតនៅចុង ស.វ ទី១៨ និងដើម ស.វ ទី១៩ បន្ទាប់ពីយុគសម័យឧស្សាហកម្មបានរីកលូតលាស់គឺបដិវត្តន៍ខែតុលា ឆ្នាំ១៩១៧ នៅរុស្ស៊ី ដឹកនាំដោយ វ្លាឌីមៀរ លេនីន (Vladimir Lenin) ដើម្បីផ្តួលរំលំរបបសក្តិភូមិរបស់ស្តេចត្សារ (Tzar) ។ បដិវត្តន៍ដ៏ធំនេះបានជួយបំភ្លឺផ្លូវដល់បណ្តាប្រទេសនៅឧបទ្វីបស្កង់ឌីណាវ (Scandinavia) ឲ្យប្រកាន់យកប្រព័ន្ធសុខុមាលភាពសង្គម (social welfare) មុនដំបូងគេ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការរស់នៅឲ្យសមរម្យជាមនុស្ស ។
ស្រដៀងគ្នាដែរ របបអាណានិគមនិយម បានធ្វើទុក្ខបុកម្នេញដល់ប្រជាជននៃបណ្តាប្រទេសដែលស្ថិតក្រោមការគ្រប់គ្រងខ្លួន ដូចជាការកម្រិតពន្ធដារធ្ងន់ធ្ងរ ការជាប់កំណែនការងារហួសកម្លាំងតែបានទទួលប្រាក់កម្រៃតិច ការជាប់កំណែនយោធាក្នុងសង្គ្រាមពិភពលោក (លើកទី១ និងទី២) ធ្វើឲ្យប្រជាជនមិនអាចទ្រាំទ្រនឹងការឈឺចាប់ ហើយក៏ក្រោកឡើងបះបោរទាមទារឯករាជ្យមកវិញ ។
បច្ចុប្បន្ននេះទៀតសោត ទោះបីរបបទាសភាព ឬរបបសក្តិភូមិមូលធន ឬរបបអាណានិគមនិយមត្រូវបានកាត់បន្ថយ ឬលែងមានរូបរាងក្តី តែរូបភាពនៃការជិះជាន់បែបថ្មីអាចនៅមាននៅឡើយ ។ ហេតុនេះការក្រោកឡើងរើបម្រះក៏នៅតែបន្តកើតមាន ។
ជាលក្ខណៈធម្មជាតិ តម្រូវការចាំបាច់របស់មនុស្ស និងសត្វមិនសូវខុសគ្នាប៉ុន្មានទេ គឺមានអាហារបរិភោគគ្រប់គ្រាន់ និងទីជម្រកគត់ហ្មត់ ។ តែដោយសារមនុស្សមានវិចារណៈញ្ញាណលើសពីសត្វ នោះតម្រូវការរបស់មនុស្សក៏លើសពីសត្វដែរដូចជា ត្រូវមានសម្លៀកបំពាក់រុំបិទកាយា ត្រូវមានសិទ្ធិសេរីភាពក្នុងការរស់នៅសមរម្យជាមនុស្ស ការគិតការសម្តែងមតិ ចៀសផុតពីការធ្វើទុក្ខបុកម្នេញ ។ល។ ហេតុនេះ ពេលណាដែលមហាជនយល់ថា តម្រូវការចាំបាច់របស់ខ្លួនទាំងនេះបានបាត់បង់ ឬត្រូវបានគេរឹបអូសខុសពីឆន្ទៈរបស់ខ្លួន ពួកគេនឹងក្រោកឡើងតវ៉ាទាមទារមកវិញជាក់ជាមិនខាន ។
តើមានដំណោះស្រាយអ្វីដើម្បីបញ្ចៀសបញ្ហានេះឬទេ?
ពុទ្ធប្រវត្តិបានត្រួសត្រាយផ្លូវដល់ជនានុជនផងទាំងពួងដែរ ជាពិសេសក្នុងពេលដែលព្រះសិទ្ធត្ថ (៥៦៨-៤៨៣ មុន គ.ស.) ចេញសាងភ្នួស ព្រះអង្គតមមិនសោយអាហាររហូតស្គមស្គាំងរីងរៃ (ទុក្ខកិរិយា) អស់រយៈពេល៦វស្សា ។ ឃើញដូច្នេះ ព្រះឥន្ទ្រាធិរាជបាននិមិត្តជាអ្នកលេងពិណ្យមកលេងថ្វាយព្រះអង្គស្ដាប់ ។ ដំបូងព្រះឥន្ទ្ររឹតខ្សែពិណ្យតឹងពេករហូតដាច់ បន្ទាប់មកទ្រង់បន្ធូរខ្សែពិណ្យធូរពេក តែដេញមិនពីរោះ ទើបទ្រង់រឹតល្មមតែដេញបានពីរោះ ។
ក្រោយស្ដាប់ប្រស្នានេះហើយ ព្រះសិទ្ធត្ថទ្រង់ស្វែងពីអត្ថន័យថា មានតែជ្រើសរើសផ្លូវកណ្តាល (មជ្ឈិមាបដិបទា)ទេ ទើបព្រះអង្គអាចសម្រេចព្រះអរហត្ថបាន ។ ព្រះអង្គក៏ចាប់ផ្តើមសោយចង្ហាន់ឡើងវិញ រហូតបានត្រាស់ជាព្រះសម្មាសម្មពុទ្ធិញ្ញាណ ។
យ៉ាងណាមិញ ក្នុងការដឹកនាំប្រទេសក៏ដូចគ្នាដែរ ប្រសិនណាជាគេដឹកនាំបែបធូរលុង នោះនឹងធ្វើឲ្យប្រទេសមានភាពអាណាធិបតេយ្យ ពួកឱកាសនិយមកេងប្រវ័ញ្ចបំផ្លាញជាតិ បង្កើតជាប្រព័ន្ធបក្សពួកនិយម រំលោភច្បាប់ បំពានសិទ្ធិសេរីភាពជាមូលដ្ឋានរបស់មហាជន ។ ដើម្បីការពារអំណាចរបស់ខ្លួន មេដឹកនាំមួយចំនួនជ្រើសរើសការបង្ក្រាបទៅលើរាស្ត្រក្រីក្រទន់ខ្សោយ ដែលជាការលើកទឹកចិត្តដល់បក្សពួកដែលនាំប្រយោជន៍ដល់ក្រុមខ្លួន ជាជាងប្រយោជន៍សង្គមទាំងមូល ។
នៅក្នុងសៀវភៅ “Why Nations Fail?: The Origins of Power, Prosperity, and Poverty” (“ហេតុអ្វីបានជាប្រទេសខ្លះបរាជ័យ? ៖ ប្ញសកែវនៃអំណាច វិបុលភាព និងភាពក្រីក្រ”) របស់អ្នកនិពន្ធ Daron Acemoglu និង James Robinson បោះពុម្ពឆ្នាំ២០១៣ បានឲ្យឈ្មោះការដឹកនាំបែបនេះថាជា “Extractive Political/Economical Institutions” (“ប្រព័ន្ធនិស្សារណកម្ម”)។
ផ្ទុយពីការដឹកនាំបែបគាបសង្កត់អ្នកតូច លើកស្ទួយអ្នកធំ មានប្រព័ន្ធមួយដែលបម្រើផលប្រយោជន៍សង្គមទូទៅ ទាក់ទាញការចូលរួមពីមហាជន និងកាត់បន្ថយរវាងគម្លាតអ្នកមាននិងអ្នកក្រគឺ “Inclusive Institutions” (“ប្រព័ន្ធបរិយាប័ណ្ណ”) ។
ឧទាហរណ៍ ក្រោយយុគសម័យឧស្សាហកម្មរីកចម្រើននៅស.វទី១៩ បណ្តាប្រទេសនានាជាច្រើនជួបប្រទះនូវភាពវឹកវរ ការបះបោរ បដិវត្តន៍ ចំណែកប្រទេសអង់គ្លេសអាចចៀសផុតពីវិបត្តិអស់ទាំងនេះ ដោយសារប្រទេសនេះបានវិវត្តខ្លួនប្រែក្លាយពីប្រទេសរាជានិយមផ្តាច់ការ ហើយប្រកាន់យកប្រព័ន្ធប្រជាធិបតេយ្យមានការជ្រើសរើសតំណាងរាស្ត្រ និងប្រែក្លាយពីប្រព័ន្ធនិស្សារណកម្ម មកបរិយាប័ណ្ណវិញ ។
ឧទាហរណ៍ប្រៀបធៀបមួយទៀត នៅទ្វីបអាមេរិកទាំងមូលសុទ្ធសឹងតែធ្លាប់ឆ្លងកាត់របបអាណានិគមដូចគ្នា តែបណ្តាប្រទេសជាច្រើននៅអាមេរិកឡាទីន នៅតែប្រកាន់យកការគ្រប់គ្រងបែបបក្សពួកនិយម និងមិនបានយកប្រយោជន៍សង្គមជាគោល ។ ប្រជាជនភាគច្រើនក៏កំពុងតែរស់នៅស្ថិតក្នុងភាពក្រីក្រលំបាកលំបិនដដែល គឺផ្ទុយពីប្រជាជននៅអាមេរិកខាងជើង (ស.រ.អា និងកាណាដា) ដែលស្គាល់វិបុលភាព និងការរីកចម្រើន ។ ឧទាហរណ៍ជាក់ស្តែងមួយទៀត គឺស្ថានភាពនៅប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង ។
ជួនកាល ការកាន់អំណាចបែបតឹងរ៉ឹងប្រើកណ្តាប់ដៃដែកបន្តិចនៅតែអាច ទទួលយកបាន ដរាបណាប្រព័ន្ធនោះផ្តល់វិបុលភាពដល់មនុស្សទូទៅ ។ ឧទាហរណ៍ បច្ចុប្បន្ន ប្រទេសសឹង្ហបុរីនៅតែត្រូវបានចាត់ទុកថាមានការដឹកនាំបែបផ្តាច់ការនៅឡើយដែរ តែប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋម្នាក់ៗដល់ទៅរាប់ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ ។ ហេតុនេះប្រជាពលរដ្ឋសឹង្ហបុរីនៅតែសប្បាយចិត្តនិងការដឹកនាំបែបនេះ ។
របបប្រជាធិបតេយ្យ
ប្រជាធិបតេយ្យភាវូបនីយកម្ម (Democratization) ក្នុងការដឹកនាំគឺជាជម្រើសតែមួយគត់ដែលបន្តស្ថិរភាពយូរអង្វែងក្នុងការដឹកនាំ និងសម្រាប់ការរស់រានដោយសុខសាន្តរបស់ប្រជាជនបាន។ ឧទាហរណ៍ គណបក្សប្រជាធិតេយ្យសេរីនិយម (LDP) របស់ជប៉ុនត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៣មក ។ មកទល់នឹងពេលនេះ បក្សនេះបានដឹកនាំប្រទេសជប៉ុនជាង ៥០ ឆ្នាំហើយ ចំណែកបក្សផ្សេងមានឱកាសកាន់អំណាចតិចតួចណាស់ ។
ភាពជោគជ័យរបស់បក្សនេះមិនមែនកំណត់ដោយបុគ្គលណាតែម្នាក់ជាអ្នកគូសបន្ទាត់ទេ តែបក្សនេះប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យ ពោលគឺថា៖ ១.រក្សាបានកំណើនសេដ្ឋកិច្ច និងជំនឿទុកចិត្តពីពលរដ្ឋ និង ២.ផ្លាស់ប្តូរមេដឹកនាំដែលលែងទាក់ទាញបានការគាំទ្រ (រយៈពេលជាង ៥០ ឆ្នាំ បក្សនេះបានជ្រើសរើសនាយករដ្ឋមន្ត្រី ២៣ រូបមកហើយ (ជាមធ្យម ២ ឆ្នាំសម្រាប់បុគ្គលម្នាក់) ។
ការបន្តកាន់អំណាចស្នងត្រកូលពុំមែនជាឧបសគ្គធំក្នុងការកំណត់ពីភាគជោគជ័យ ឬបរាជ័យនៃការដឹកនាំនៅក្នុងប្រទេសមួយទេ ។ នៅជប៉ុនក្តី នៅកូរ៉េខាងត្បូងក្តី អាមេរិកក្តី អង់គ្លេសក្តី ឬសឹង្ហបុរីក្តី ថ្នាក់ដឹកនាំបច្ចុប្បន្នក៏មានសែស្រឡាយពីថ្នាក់ដឹកនាំមុនៗដែរ តែអ្នកជំនាន់ក្រោយបានទទួលការគាំទ្របែបប្រជាធិបតេយ្យ ហើយម្ចាស់ឆ្នោតក៏ពេញចិត្តនឹងបុគ្គលនោះដែរ ។ សូម្បីតែលោក លី ក្វាន់យូ (Lee Kuan Yew) (១៩២៣-២០១៥) ឬ លោកមហាធា មហាម៉េដ (Mahathir Mohamad) (១៩២៥- ) ក៏ជ្រើសរើសពេលវេលាមួយឈប់សម្រាកពីការដឹកនាំដែរ ហើយទុកឱកាសឲ្យក្មេងជំនាន់ក្រោយម្តង ។
ចរន្តពិភពលោក និងរបត់នយោបាយមានការប្រែប្រួលហើយ
សូម្បីតែបណ្តាប្រទេសកុម្មុយនីស្តបែបជឿនលឿននិយម (Progressive Communism) ក៏ធ្វើការផ្លាស់ប្តូរមេដឹកនាំជាទៀងទាត់ដែរ ។ ឧទាហរណ៍ វៀតណាម និងចិន បានផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំរដ្ឋរវាង ១០ ឆ្នាំម្តង ដើម្បីឲ្យប្រជាជនបានភពប្រសប់នឹងរសជាតិថ្មី និងមុខមាត់ថ្មីទាំងនៅក្នុងប្រទេសផង និងនៅលើឆាកអន្តរជាតិផង ។
គោលបំណងជាមូលដ្ឋានរបស់មហាជនគឺចង់បានអ្នកដឹកនាំ ដែលមានទសពិធរាជធម៌ (ធម៌សន្ដោសទាំង ១០ ប្រការរបស់អ្នកដឹកនាំ) ពោលគឺ៖ ១.ទាន ការធ្វើអំណោយ (ដែលមានស្ថិរភាព មិនមែនមួយដងមួយយាម) ២.សីល (ប្រកបដោយសេចក្តីថ្លៃថ្នូរ គ្មានល្បិចកល សម្ដីពីរោះពិសា) ៣.នេក្ខរកម្ម (មានធម៌ក្នុងខ្លួនដូចអ្នកបួស) ៤.បញ្ញា (ការដឹងច្បាស់នូវសេចក្តីពិត និងចេះទទួលស្គាល់ការពិត) ៥.វីរយៈ (ការព្យាយាមជួយមនុស្សទន់ខ្សោយ មិនប្រកាន់បក្សពួក) ៦.ខន្តី (មានសេចក្តីអត់ធន មិនច្រឡោតខឹងដោយសារពាក្យចាក់ដោតរបស់បក្សពួក) ៧.សច្ចៈ (ការប្រកាន់ពាក្យពិត មិនក្រឡិចក្រឡុច) ៨.អធិដ្ឋាន (ការបង្ហាញឲ្យឃើញនូវប្រយោជន៍ពិតនៃទង្វើរបស់ខ្លួនដល់មហាជន) ៩.មេត្តា (ការផ្សាយសេចក្តីរាប់អានចំពោះសព្វសត្វមិនរើសមុខ មិនប្រកាន់បក្សពួក) និង ១០.ឧបក្ខា (ការប្រកាន់ចិត្តជាកណ្តាល) ។
មេដឹកនាំរដ្ឋដែលប្រតិបត្តិ ប្រការទាំង១០នេះបាន គឺកម្រទទួលរងការ ស្ដីបន្ទោស វាយប្រហារ ត្មិះដៀល ពីពលរដ្ឋខ្លួន ឬអ្នកក្រោមឱវាទ ហើយតែងតែដឹកនាំប្រទេស សម្បូរ សប្បាយ មានសន្តិភាព គឺជាមេដឹកនាំ ប្រកាន់សច្ចៈធម៌ មានសីលក្នុងខ្លួន។
ប៉ុន្តែដរាបណាជីវភាពរបស់មហាជននៅតែមានសភាពដុនដាប ដរាបណាគម្លាតរវាងអ្នកមាននិងអ្នកក្រនៅឆ្ងាយពីគ្នាដូចមេឃនិងដី ដរាបណា មហាជននៅតែញាំញីដោយភាពអយុត្តិធម៌ហើយអ្នកមានលុយនិងអំណាចអង្គុយលើច្បាប់ ដរាបណាច្បាប់នៅតែត្រូវបានគេយកមកបកស្រាយដើម្បីការពារផលប្រយោជន៍ខ្លួនដោយមិនឆ្លុះបញ្ចាំងពីរបត់សង្គម ដរាបនោះការតស៊ូរើបម្រះពីការជិះជាន់នៅតែមានមិនចេះចប់មិនចេះហើយ ៕