ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានថ្លែងថា បើសិនជាលោក ចុះហត្ថលេខាលើកលែងទោស ដល់អ្នកទោសនយោបាយរូបណាបន្ដទៀត លោកនឹងកាត់ដៃស្ដាំរបស់លោកចោល។ ការថ្លែងរបស់ សម្ដេច ហ៊ុន សែន នាពេលនេះត្រូវបានអ្នកវិភាគនយោបាយលើកឡើងដូចៗគ្នាថា នេះជាការបង្ហាញពីការបែកបាក់គ្នារវាងអ្នកយោបាយខ្មែរ និងខ្មែរ ហើយនាយករដ្ឋមន្ដ្រី ពុំគួរមានសារដែលមានលក្ខណៈធ្ងន់ធ្ងរបែបនេះនោះទេ។
អ្នកវិភាគថា អ្នកនយោបាយគួរបញ្ឈប់ការវាយប្រហារគ្នាដើម្បី ការចំណេញនយោបាយតទៅទៀតហើយគួរតែងាកមករកគន្លិះនៃការកសាងជាតិ ដើម្បីឱ្យពលរដ្ឋខ្មែរបានផលចំណេញវិញ វាជាការប្រសើរជាង។
ការលើកឡើងរបស់អ្នកវិភាគ ធ្វើឡើងក្រោយពេលសម្ដេច ហ៊ុន សែន បានថ្លែងសារនយោបាយ មួយនៅព្រឹកថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០១៥ នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។
សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ បើសិនជាលោកព្រមចុះហត្ថលេខាលើកលែងទោសឱ្យអ្នកណាបន្ដទៀត លោកនិងកាត់ដៃស្ដាំលោកបោះចោល។ លោកបន្ថែមថា៖« ខ្ញុំប្រកាស បើខ្ញុំនៅចុះហត្ថលេខាលើកលែងទោសឱ្យអ្នកណា ខ្ញុំនិងកាត់ដៃស្ដាំខ្ញុំចោល»។

ទាក់ទងនឹងប្រសាសន៍ខាងលើនេះ សាស្ដ្រាចារ្យ វិទ្យាសាស្ដ្រនយោបាយ លោក រស់ រ៉ាវុធ បានមានប្រសាសន៍ ជាមួយវិទ្យស្ដ្រី FM 102 នៃ WMC នៅថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០១៥ នេះថា វាជារឿងធ្ងន់ធ្ងរ ដែលអ្នកនយោបាយគួរចៀសវាង មិនគួរធ្វើការលើកឡើងយ៉ាងដូច្នេះឡើយ។
លោកសាស្ត្រាចារ្យ រស់ រ៉ាវុធ បន្ថែមថា ការថ្លែងចេញបែបនេះក៏មិនមែនជាលើកទីមួយ ដែលសម្ដេច ហ៊ុន សែន បានលើកឡើងពីការសន្យារផ្សេងៗ ដូចជា កាត់ក ប្រសិនជាធ្វើអ្វីមួយមិនបាន ដូចជា ការអនុវត្ដទៅលើព្រៃសម្បទានព្រៃឡង់មិនបាន។
លោកសាស្ត្រាចារ្យបន្ដថា ការថ្លែងបែបនេះគឺជាសញ្ញាបញ្ជាក់ពីការចុះអន់ថយសាមគ្គីភាពរបស់អ្នកនយោបាយខ្មែរ នាពេលបច្ចុប្បន្ននេះ។ មួយវិញទៀត លោកថា បើអ្នកនយោបាយខ្មែរ នៅតែបន្ដមានជម្លោះជាមួយគ្នាជាបន្ដទៀត គឺគ្មានផលចំណេញអ្វីទាំងអស់ដល់អ្នកនយោបាយទាំងពីរ។ មិនតែប៉ុណ្ណោះទំនាស់នេះ និងបង្កឱ្យបរទេស មើលងាយមកប្រទេសកម្ពុជាទៀតផង។
លោកបន្ថែមថា៖« ក្នុងករណីដែលខ្មែរបែកបាក់ គឺគ្មានផលចំណេញអ្វីសោះសម្រាប់ខ្មែរ ទាំងគណបក្សកាន់អំណាច ទាំងគណបក្សប្រឆាំង គឺតែងតែនិយាយថាស្នេហាជាតិ អញ្ចឹងពាក្យថា ស្នេហាជាតិរបស់អ្នកនយោបាយនៅត្រង់ណា ឬក៏គ្រាន់តែនិយាយ គ្រាន់តែថាឱ្យល្អមើល សម្រាប់បោកប្រាស់រាស្ដ្រ។ អញ្ចឹងទេ ចំណុចត្រង់កន្លែងនេះ យើងគួរតែពិចារណាឡើងវិញ ថាតើខ្មែរគួរបង្រួបបង្រួមយ៉ាងណា ដើម្បីកសាងជាតិ ដើម្បីជួយប្រជាពលរដ្ឋ ដើម្បីជួយប្រទេសខ្មែរយើង ដើម្បីឱ្យមានភាពរីកចម្រើន ចៀសផុតពីការមើលងាយពីបរទេស»។

ចំណែកអ្នកវិទ្យាសាស្ដ្រនយោបាយ លោក សូ ចន្ថា ក៏បានលើកឡើងដែរថា ការថ្លែងសារបែបនេះមិនគួរកើតមានទេ គួរណាតែខ្មែរនិងខ្មែរចរចាគ្នា ឈានទៅរកការឯកភាពជាតិ ដើម្បីកសាងជាតិឱ្យរីកចម្រើន និងកុំឱ្យបរទេសចេះតែឈ្លានពាន ហើយក៏ជានយោបាយបង្រួបបង្រួបជាតិផង។
លោកសាស្ត្រាចារ្យ សូ ចន្ថា បានបញ្ជាក់ដែរថា ការថ្លែងសារនយោបាយរបស់សម្ដេច ហ៊ុន សែន គឺជាវិធីសាស្ដ្រក្នុងការរុញប្រធានគណបក្សប្រឆាំង ពិសេសឯកឧត្ដម សម រង្ស៊ី ឱ្យចេញពីឆាក
នយោបាយ ក៏ដូចជាការបំបែកមេបក្សប្រឆាំងចេញអាចទទួលបានជោគជ័យ បូករួម និងការគ្រោងធ្វើច្បាប់ស្ដីពីសញ្ជាតិតែមួយរបស់មេគណបក្ស ដែលបង្កឱ្យគណបក្សប្រឆាំងកាន់តែទាល់ច្រកបន្ថែមទៀត។
លោកបន្ថែថា៖ «ខ្ញុំមើលទៅ សារនយោបាយរបស់ លោក ហ៊ុន សែន នាពេលនេះ គឺចង់រុញ គណបក្សប្រឆាំង ពិសេស មេបក្សប្រឆាំងគឺលោក សម រង្សី ឱ្យចេញពីឆាកនយោបាយ ហើយជាត្ដាមួយដែលលោកអាចផ្ដួលដៃគួប្រគួត របស់លោក មុនការប្រគួតទៅទៀត ហើយជាក៏ជាបំបែកមេដឹកនាំបក្សសង្គ្រោះជាតិអាចទទួលជោគជ័យ ជាងនេះទៅទៀតខ្ញុំឃើញថា ការគ្រោងបង្កើតធ្វើច្បាប់ប្រធានគណបក្សមានសញ្ជាតិតែមួយ ដែលជាសម្ពាធបន្ថែមទៀតដល់គណបក្សប្រឆាំង»។
សូមជម្រាបថា នៅក្នុងឱកាសប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច កាលពីព្រឹកមិញនេះ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាក់ឱ្យមន្ដ្រីដែលចូលរួមទាំងអស់ ត្រូវជួយចាំលោកផង សម្រាប់ការថ្លែង ថានិងកាត់ដៃស្ដាំរបស់លោកចោល បើសិនលោកចុះហត្ថលេខាលើកលែងទោស ដល់ឧក្រិដ្ឋជនណាមួយទៀត៕