ក្នុងការជ្រើសរើសជំនាញសម្រាប់សិក្សានៅឧត្តមសិក្សា អ្នកជំនាញស្រាវជ្រាវកត់សម្គាល់ឃើញថា ភាគច្រើនសិស្សជ្រើសរើសជំនាញតាមមិត្តភក្ត្រ ឬក៏ជ្រើសរើសតាមទីផ្សារ ជាជាងតាមទេពកោសល្យដែលខ្លួនមាន ដែលជាហេតុធ្វើឱ្យសិស្សរើសជំនាញមិនចំគោលដៅដែលខ្លួនប្រាថ្នាចង់បាន។ ដើម្បីតម្រង់ទិសដល់សិស្សក្នុងការជ្រើសរើសយកនូវមុខជំនាញឱ្យបានត្រឹមត្រូវ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាតុមូលស្តីពីការជ្រើសរើសជំនាញនៅឧត្តមសិក្សា នេះដើម្បីជាទុនដល់សិស្សក្នុងការសម្រេចចិត្តថាតើខ្លួនមានចំណង់ចំណូលចិត្ត និងទេពកោលស្យអ្វីខ្លះក្នុងការសិក្សាបន្តនៅឧត្តមសិក្សា ។អ្នកស្រី វ៉ាយ វត្តីជូនសេចក្តីរាយការណ៍
«ថ្ងៃនេះខ្ញុំបានមកចូលរួមសិក្ខាសាលានៅរាជបណ្ឌិត្យសភាកម្ពុជា វាក៏បានផ្តល់ផលប្រយោជន៍ដូចជាឱ្យខ្ញុំស្វែងយល់មុខជំនាញ ផ្សេងៗទៀតដែលកាលនៅវិទ្យាល័យខ្ញុំអត់បានមានឱកាសស្វែងយល់ពីវា ហើយដឹងពីផលប្រយោជន៍ថាយើងរៀនអាហ្នឹង យើងបានផលប្រយោជន៍អីខ្លះក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ សម្រាប់ការខ្ញុំរើសជំនាញ ខ្ញុំរើសតាមចិត្តខ្លួនឯងដោយសារ គ្រួសារគាត់មិនមានដាក់សម្ពាធអីទេ គាត់ថា បើយើងស្រលាញ់អីចង់ធ្វើអី្វរៀនហ្នឹងទៅ»
នេះជាការលើកឡើងរបស់ កញ្ញា អេង ច័ន្ទសុខលៀង ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គ្រោងនឹងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបន្តទៀត ក្នុងឱកាសដែលកញ្ញាចូលរួមក្នុងកិច្ចពិភាក្សាតុមូលស្តីពីការជ្រើសរើសមុខជំនាញនៅឧត្តមសិក្សា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នៅរាជបណ្ឌិត្យសភាកម្ពុជា។ កញ្ញា អេង ច័ន្ទសុខលៀង បានឱ្យដឹងទៀតថា មុខជំនាញដែលនាងស្រលាញ់មានចំនួន ៣ គឺទី១ fashion Design ទី២ បុរាណវិទ្យា និងទី៣ នាងក៏ចង់ក្លាយជាអ្នកនិពន្ធផងដែរ។
កញ្ញា អេង ច័ន្ទសុខលៀង៖«សម្រាប់ខ្ញុំ មុខជំនាញខ្ញុំមាន៣ស្រលាញ់ទី១Fashion Design សម្រាប់បុរាណវិទ្យាមួយទៀត និងខ្ញុំបានដាក់អាហារូបករណ៍ដែរ តែមិនទានដឹងលទ្ធផលយ៉ាងម៉េចដែរ និងសម្រាប់មួយទៀតខ្ញុំចង់ក្លាយជាអ្នកនិពន្ធផងដែរ»។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាថ្លែងកត់សម្គាល់ឃើញថា ការជ្រើសរើសមុខជំនាញរៀននៅថ្នាក់ឧត្តមសិក្សារបស់សិស្សដែលទើបប្រឡងជាប់បាក់ឌុប លោកសង្កេតឃើញមាន ៥ ចំណុចធំៗ ទី១ ជ្រើសរើសតាមទីផ្សារ ទី២ ជ្រើសរើសតាមមិត្តភក្រ្ត ទី៣ ជ្រើសរើសដើម្បីបន្តវេន ទី៤ ជ្រើសរើសតាមអ្នកបង្គាប់ និងទី៥ ជ្រើសរើសតាមទេពកោសល្យ។ ក្នុងចំណោម ៥ ចំណុចនេះ លោកបណ្ឌិត សុខ ទូច ជំរុញឱ្យសិស្សទាំងអស់ត្រូវជ្រើសរើសជំនាញរៀនតាមទេពកោសល្យដែលខ្លួនមាន ទើបអាចធ្វើឱ្យមនុស្សជោគជ័យ និងអាចក្លាយទៅជាភាពជាអ្នកដឹកនាំ។
លោក បណ្ឌិត សុខ ទូច ៖« ជ្រើសរើសតាមទីផ្សារ ជ្រើសរើសតាមមិត្តភក្រ្ត ជ្រើសរើសតាមបន្តវេន និងការជ្រើសរើសតាមអ្នកបង្គាប់ និងជ្រើសរើសតាមទេពកោសល្យ ចំណុចទាំង៥នេះមានតែចំណុច៥ទេ ដែលជោគជ័យមនុស្សក្លាយទៅជាភាពជាអ្នកដឹកនាំ ក្លាយជាម្ចាស់ជោគវាសនារបស់ខ្លួនឯង»
យុវសិស្ស ឱ វឌ្ឍដាណេ ដែលបានចូលរួមស្តាប់ការធ្វើបទបង្ហាញស្តីពីការជ្រើសរើសមុខជំនាញនៅឧត្តមសិក្សា បានចាប់អារម្មណ៍ថា នេះជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្លួន ដែលទទួលបានការចែករំលែកពីការជ្រើសរើសជំនាញ សម្រាប់ថ្ងៃអនាគតដែលចង់ក្លាយជាវិស្វករអគ្គីសនី។
យុវសិស្ស ឱ វឌ្ឍដាណេ៖ «ពេលដែលខ្ញុំបានស្តាប់បទបង្ហាញរបស់គាត់ហើយខ្ញុំមានអារម្មណ៍ថាជាបទពិសោធន៍ថ្មី១ដែលគាត់ជួយចែករំលែកពីការជ្រើសរើសជំនាញ និងការស្រលាញ់របស់យើង សម្រាប់ថ្ងៃអនាគត ខ្ញុំចង់ក្លាយទៅជាអ្នកវិស្វករអគ្គីសនី»។
ចំណែកឯ កញ្ញា កែវ សុខពិសី បានចាប់អារម្មណ៍ថា ក្រោយពីរៀនចប់ថ្នាក់ទី១២ កញ្ញាមានបំណងរៀនខាងផ្នែកជំនួញ ព្រោះកញ្ញាចូលចិត្តខាងរកស៊ី បើទោះបីជាឪពុកម្តាយចង់ឱ្យកញ្ញា រៀនខាងពេទ្យ តែកញ្ញាថាធ្វើតាមក្តីស្រមៃរបស់ខ្លួនឯង៕
រូបភាពៈវត្តី