សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តសវនាការជំនុំជម្រះករណីសមាជិកព្រឹទ្ធសភា គណបក្សសម រង្ស៊ី លោក ហុង សុខហួរ ទៅសប្តាហ៍ក្រោយបន្តទៀត ពាក់ព័ន្ធនឹងបទចោទប្រកាន់ប្រើឯកសារក្លែងក្លាយលើបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។ នេះបើតាមមេធាវីការពារក្តីលោក ហុង សុខហួរ ដែលបានប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សវនាការនៅថ្ងៃទី០២ខែតុលានេះ។

លោកមេធាវី ជួង ជូងី បានប្រាប់ក្រុមអ្នកកាសែតក្រោយបញ្ចប់សវនាការនៅថ្ងៃទី០២ ខែតុលានេះថា ក្នុងបន្ទប់សវនាការកាលពីព្រឹកមិញ តុលាការបានបង្ហាញវីដេអូឃ្លីបរយៈពេល ១១ នាទី របស់លោក ហុង សុខហួរ ដោយក្នុងនោះលោក ហុង សុខហួរ បានលើកយកបញ្ហារឿងផែនទីមកបកស្រាយ។ លោកជួង ជូងីបន្តថា វីដេអូឃ្លីបនោះ គឺជាមូលដ្ឋានតុលាការធ្វើការចោទប្រកាន់កូនក្តីរបស់លោក។
លោក ជួង ជូងី បញ្ជក់ថា លោកនឹងស្នើដល់តុលាការ ឱ្យចាក់វីដេអូឃ្លីបនោះជាថ្មីទៀត ដើម្បីពិនិត្យឱ្យបានច្បាស់លាស់ពីបំណងនៃការបង្ហោះវីដេអូឃ្លីបរបស់កូនក្តីលោក ផ្ទៀតផ្ទាត់ទៅនឹងការចោទប្រកាន់របស់តំណាងអយ្យការ។ លោក ជួង ជូងី៖ «ខ្ញុំបានមើលវីដេអូឃ្លីបហ្នឹងហើយ ប៉ុន្តែខ្ញុំនៅតែត្រូវការឱ្យតុលាការបង្ហាញមួយសាឬពីរសាទៀត ព្រោះខ្ញុំទើបតែបានឃើញមួយលើកដូច្នេះ ខ្ញុំមិនទាន់បានវិនិច្ឆ័យច្បាស់លាស់ដើម្បីផ្ទៀងផ្ទាត់ទៅនឹងលក្ខណៈ ឬក៏ខ្លឹមសារ ឬក៏បំណងនៃការបង្ហោះក្នុងវីដេអូឃ្លីបនោះទៅ នឹងការចោទប្រកាន់របស់តុលាការ។
មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូលោក អំ សំអាត ដែលបានចូលរួមពិនិត្យដំណើរការសវនាការដែរនោះបានលើកឡើងថា នៅក្នុងវីដេអូឃ្លីបដែលតុលាការបានបង្ហាញនោះ លោកសង្កេតឃើញថា លោក ហុង សុខហួរ គឺមិនមានចេតនាណាមួយបង្កឱ្យមានភាពចលាចល ទាក់ទងនឹងបញ្ហាព្រំដែនដូចការចោទប្រកាន់របស់តុលាការនោះទេ។ លោក អំ សំអាត៖ «អញ្ចឹងយើងមើលចេតនានៅក្នុងការនិយាយ ក្នុងវីដេអូឃ្លីបហ្នឹង គឺគ្មានចេតនាណាមួយក្នុងការក្លែងឯកសារ បង្កឱ្យមានចលាចលទាក់ទងទៅនឹងបញ្ហាព្រំដែននោះទេ។ ផ្ទុយទៅវិញគឺមានតែមួយទេ គឺសូមឱ្យមានការសិក្សាឱ្យមានភាពច្បាស់លាស់ ហើយហ្នឹងមានការជជែកពិភាក្សាគ្នាទៅលើផែនទី និងសន្ធិសញ្ញាទាំងអស់នោះផងដែរ»។
ចំណែកភរិយាលោក ហុង សុខហួរ គឺលោកស្រី គន្ធ លំអង និយាយថា អ្នកស្រីមានការសោកស្តាយ ដែលតុលាការបានធ្វើការចោទប្រកាន់ និងចាប់ខ្លួនប្តីអ្នកស្រីដាក់ពន្ធធនាគារ ទាំងមិនទាន់រកឃើញកំហុសនៅឡើយ។ លោកស្រីស្នើដល់រដ្ឋាភិបាលឱ្យអនុញ្ញាតឱ្យលោក ហុង សុខហួរ បាននៅក្រៅឃុំបណ្ដោះអាសន្ន ព្រោះការឃុំខ្លួនដោយមិនទាន់រកឃើញកំហុសបែបនេះ គឺខុសនឹងនីតិវិធីច្បាប់ដែលមិនអាចទទួលយកបាន។
លោកស្រី គន្ធ លំអង៖ «យើងដឹងស្រាប់ហើយថា មនុស្សដែលអត់មានកំហុស ហើយជាពិសេសគាត់ជាសមាជិកព្រឹទ្ធសភាដែលបានជាប់ឆ្នោតដោយប្រជាពលរដ្ឋ និងតែងតាំងដោយព្រះមហាក្សត្រស្រាប់តែយក គាត់ទៅដាក់គុកទាំងមានអភ័យឯកសិទ្ធិ។ តើយើងគួរពិចារណាមើល! អ្វីដែលរដ្ឋាភិបាល និងតុលាការកំពុងតែធ្វើហ្នឹងតើត្រូវច្បាប់ឬក៏ខុសច្បាប់។
សូមជម្រាបថា កាលពីព្រឹកមិញនេះដែរ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ក៏មានប្រជាពលរដ្ឋប្រមាណ១០០នាក់ បានមកទាមទារតវ៉ាសូមឱ្យតុលាការដោះលែងលោក ហុង សុខហួរ ជាបន្ទាន់ផងដែរ ។
ពលរដ្ឋមួយរូប កញ្ញា មាស លក្ខិណា និយាយថា កញ្ញា និងប្រជាពលរដ្ឋឯទៀត ដែលបានមកជួបជុំគ្នានៅមុខតុលាការនៅថ្ងៃនេះ គឺដើម្បីសុំឱ្យតុលាការលើកលែងបទចោទប្រកាន់លើលោកហុង សុខហួរ និងត្រូវដោះលែងលោក ហុង សុខហួរ ឱ្យមានសេរីភាពឡើងវិញ។កញ្ញាមាស លក្ខិណាបន្តថា តុលាការមិនមានភាពយុត្តិធម៌នោះទេ ដែលបានចាប់លោក ហុង សុខហួរ ដោយគ្រាន់តែយកតួនាទីជាសមាជិកព្រឹទ្ធសភា មកធ្វើការបកស្រាយរឿងផែនទីរវាងកម្ពុជា និងវៀតណាមតែប៉ុណ្ណោះ។
កញ្ញាមាស លក្ខណា៖ «យើងត្រូវការយុត្តិធម៌ ដូច្នេះយើងមិនអាចនៅស្ងៀមដេកចាំឱ្យគេគៀបសង្កត់អ្នកដែលមានភាពត្រឹមត្រូវនោះទេ។ អញ្ចឹង! អាដែល អយុត្តិធម៌យើងត្រូវតែទាមទារសម្រាប់ជនស្លូតត្រង់ចាប់ពីពេលនេះរហូតតទៅមុខទៀត»។
សូមរំឭកថាលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឱ្យចាប់ខ្លួន ដោយចោទថាក្លែងឯកសារសន្ធិសញ្ញាកម្ពុជា និងវៀតណាមនៅឆ្នាំ១៩៧៩។ ប៉ុន្តែគណបក្សសង្គ្រោះជាតិបានចាត់ទុកករណីនេះជារឿងនយោបាយ មិនមែនជាបទល្មើសជាក់ស្តែង និងជាការសម្តែងមតិរបស់សមាជិកព្រឹទ្ធសភា។ សង្គមស៊ីវិលមួយចំនួន និងគណបក្សសង្គ្រោះជាតិចាត់ទុកករណីនេះជារឿងនយោបាយ។
បច្ចុប្បន្នលោក ហុង សុខហួរ កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស តាមការចោទប្រកាន់ ៣ ករណី គឺបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕