តុលាការរដ្ឋធម្មនុញ្ញ នៃប្រទេស ហ្សិមបាវ៉េ នៅថ្ងៃពុធនេះ បានចាប់ផ្ដើម បើកការជំនុំជម្រះក្ដី បណ្ដឹងគណបក្សប្រឆាំង ដែលចោទថា លទ្ធផលបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃ៣០ ខែកក្កដា មានការបន្លំតួលេខឬបំប៉ោង តួលេខ ទៅឲ្យបក្សកាន់អំណាច Zanu -PF ដឹកនាំដោយ លោក ម៉ាក់ ណាន់ហ្គាវ៉ា។
លោក លៀ ស៊ីណា រាយការណ៍
តាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅជុំវិញបរិវេណ តុលាការជាន់ខ្ពស់នេះ មានការរឹតបន្តឹងកងសន្តិសុខជាខ្លាំង។
នៅក្នុងការបោះឆ្នោតប្រធានាធិបតី លោក ប្រធានាធិបតីកំពុងកាន់តំណែង ម៉ាណាន់ហ្គាវ៉ា ត្រូវបានស្ថាប័នបោះឆ្នោត ប្រកាសថា លោកជាអ្នកឈ្នះក្នុងការបោះឆ្នោតនេះ ដោយបានសំឡេង ៥០,៨ភាគរយ ហើយបេក្ខជន បក្សប្រឆាំង លោក នេសុន ឆាមីសា ទទួលបាន៤៤,៣ភាគរយ។ តែលទ្ធផលនេះ ត្រូវបានលោក ឆាមីសា ច្រាន់ចោល ហើយប្រកាសប្ដឹងសុំរាប់ឡើងវិញ។ ក្នុងដែនយុត្តាធិការរបស់ខ្លួន តុលាការរដ្ឋធម្មនុញ្ញ ដែលមានភារកិច្ច ដោះស្រាយវិវាទការបោះឆ្នោត បានបង្គាប់ ឲ្យបក្ស Zanu-PF និង ពិធីការរបស់វិមានប្រធានាធិបតី ផ្អាការធ្វើពិធីស្បថចូលកាន់តំណែង របស់លោក ម៉ាក់ណាន់ហ្គាវ៉ា ដោអោយរង់ចាំ ការជំនុំជម្រះក្ដី។
លោក ម៉ាក់ណាន់ហ្គាវ៉ា បានប្រាប់អ្នកសារព័ត៌មានថា លោកគោរពសាលដីការបស់តុលាការ ទោះជាលទ្ធផលមានរូបភាពយ៉ាងណាក៏ដោយ។ តែសម្រាប់លោក ឆាមីសា ដែលជាដើមបណ្ដឹងបាននិយាយថា ទោះជា មិនសូវមានជំនឿលើភាពឯករាជ្យ ឬអព្យាក្រិត្យនៃតុលាការនេះក៏ដោយ ក៏ប៉ុន្ដែលោកនឹងគោរពរតាមអ្វីដែលជាការសម្រេចរបស់តុលាការ។
តែសូមរំលឹកថា ខណៈការប្រកាសលទ្ធផលបោះឆ្នោតថា លោក ឆាមីសា មិនអាចឈ្នះការបោះឆ្នោតប្រធានាធិបតីបាននោះ ក្រុមគាំទ្រលោក ឆាមីសា ច្រើនពាន់នាក់បាន ផ្ទុះបាតុកម្មនៅក្រុងហារ៉ារេ ដោយបង្កហិង្សា ជាមួយប៉ូលិស បណ្ដាលអោយ មនុស្ស ស្លាប់៦នាក់ និងមនុស្ស ២០នាក់ផ្សេងទៀត ត្រូវឃុំខ្លួន។
ទាំងលោក ឆាមីសា និងលោកម៉ាណាន់ហ្គាវ៉ា បានព្រមព្រៀងគ្នា ជួបគ្នានៅតុលាការរដ្ឋធម្មនុញ្ញ ដែលពួកគេថា ជាការបញ្ចប់ហិង្សាតាមផ្លូវច្បាប់ ហើយសន្យាឲ្យមានការផ្សះផ្សាជាតិឡើងវិញ។ នេះជាលើកដំបូងហើយ ដែលតុលាការរដ្ឋធម្មនុញ្ញ នៃប្រទេស ហ្សិមបាវ៉េ បានបើកជំនុំជម្រះក្ដី លើសំណុំរឿង បោះឆ្នោត ដែលព្រឹត្តិការណ៍នេះ ពុំធ្លាប់មានទេ កាលនៅសម័យការរបស់លោក រ៉ូបឺត ម៉ូហ្គាបេ កាលពី៣៧ឆ្នាំមកនេះ ៕