ណៃរ៉ូប៊ី ៖ នៅទីបំផុតតុលាការកំពូល នៃប្រទេសកេនយ៉ា បានសម្រេចទុកជាមោឃ លទ្ធផលនៃការបោះឆ្នោតតំណែងប្រធានាធិបតី បន្ទាប់ពីរកឃើញថា ការបោះឆ្នោតនោះគឺពោពេញទៅដោយការបន្លំសន្លឹកឆ្នោត និងតួលេខអ្នកបោះឆ្នោត។

តុលាការកំពូល បានបញ្ជាក់ថា ការបោះឆ្នោតនៅប្រទេស កេយ៉ា ដែលគណៈកម្មការរៀបចំបោះឆ្នោត ប្រកាសថា ប្រធានាធិបតី អូរ៉ូកែនយ៉ាតា បន្ដឈ្នះតំណែងប្រធានាធិបតីទៀតនោះ គឺជាការ ដែលបំប៉ោងតួលេខសន្លឹកឆ្នោតតែប៉ុណ្ណោះ។ ក្រុមឯករាជ្យបានរកឃើញថា សន្លឹកឆ្នោតយ៉ាងតិច ១លាន ៤សែនសន្លឹក ជាតួលេខដែលបំប៉ោងនៅពេលរាប់សន្លឹកឆ្នោត។
ភ្លាមៗបន្ទាប់ពីតុលាការកំពូល ប្រកាសចាត់ទុកលទ្ធផលបោះឆ្នោតជាមោឃ អ្នកគាំទ្រគណបក្សប្រឆាំងរាប់ម៉ឺននាក់បានដើរតាមដងផ្លូវនានា ដោយពួកគេរាំច្រៀង ហើយប្រកាសថា ជ័យជម្នះបានទៅលើប្រជាជន ដែលមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។
ការរកឃើញតុលាការកំពូលពីការបន្លំតួលេខសន្លឹកឆ្នោតនេះ គឺបន្ទាប់ពីមេដឹកនាំបក្សប្រឆាំងបានដាក់ពាក្យបណ្ដឹង។ តុលាការនេះក៏បានបញ្ជាក់ដែរ លទ្ធផលបោះឆ្នោតដែលពោរពេញទៅដោយរឿងអាស្រូវនេះ មិនអាចធ្វើឲ្យអ្នកចាញ់ទទួលយកបានទេ ។ ហើយត្រូវរៀបចំឲ្យមានការបោះឆ្នោតជាថ្មីឡើងវិញនៅរយៈពេល ៦០ថ្ងៃទៀត ដោយរាប់ពីថ្ងៃទី០១កញ្ញា តទៅ។
មេដឹកនាំនៃបក្សប្រឆាំង ប្រទេសកេនយ៉ា លោក រ៉ៃឡាអូឌីងហ្គា បានហៅសាលដីការរបស់តុលាការកំពូលថា ជាការផ្ដើមឲ្យមានទំព័រប្រវត្ដិសាស្ដ្រមួយសម្រាប់ប្រជាជន កេយ៉ា និងសម្រាប់ទ្វីបហ្វ្រីកទាំងមូល ដែលហ៊ានធ្វើសេចក្ដីសម្រេចលុបចោល លទ្ធផលបោះឆ្នោតមួយពោពេញដោយភាពមិនប្រក្រកី ។ លោក អូឌីងហ្គា ក៏បានទាមទារឲ្យគណៈកម្មាការរៀបចំការបោះឆ្នោតនៃប្រទេសរបស់លោក ចុះចេញពីតំណែងផងដែរ ហើយត្រូវរៀបចំសមាសភាពថ្មីឡើងវិញ៕ ប្រភពពី ៖ BBC