en     km
en     km

តុលាការខេត្តបន្ទាយមានជ័យ ដោះលែងស្ដ្រីកម្មករអូស៣នាក់ ដោយស្ថិតក្រោមការឃ្លាំមើល

Share

 

 

រូបភាពពី៖ ប្រជាពលរដ្ឋ

ស្ដ្រី ៣នាក់ដែលជាកម្មករអូសរទេះ ត្រូវបានតុលាការខេត្តបន្ទាយមានជ័យ ដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយពីបានឃុំខ្លួន និងសួរនាំពីចៅក្រមអស់រយៈពេល ៣ថ្ងៃ។ ក៏ប៉ុន្តែការដោះលែងនេះ ស្ដ្រីទាំងនោះ ត្រូវស្ថិតក្រោមការឃ្លាំមើលពីតុលាការ ដោយហាមធ្វើសកម្មភាពប្រឆាំងនឹងមន្ត្រីសាធារណៈ និងហាមធ្វើសកម្មភាពអូសរទេះដឹកជញ្ជូនទំនិញគេចពន្ធគ្រប់ប្រភេទនៅតាមច្រកព្រំដែន។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅតំបន់នោះ ចាត់ទុកលក្ខខណ្ឌទាំងនេះជាការរឹតត្បិតសិទ្ធិសេរីភាពរបស់កម្មករ ដែលធ្វើឱ្យប៉ះពាល់ជីវភាពធ្ងន់ធ្ងរដល់ក្រុមគ្រួសារស្ដ្រីទាំងនោះ។ កញ្ញា ជា សុខនី រាយការណ៍

 

 

តាមលិខិត ដែលវិទ្យុស្ត្រីទទួលបានពីមន្ត្រីអង្គការលីកាដូ មានហត្ថលេខា និងត្រា របស់តំណាងអយ្យការ ក្រឡាបញ្ជី និងចៅក្រមស៊ើបសួរលោក អៀង ណារី បានហៅស្ត្រីកម្មករអូសរទេះទាំង៣នាក់នោះថា ជាជនជាប់ចោទ។ លិខិតនោះបានសម្រេចថា ជនជាប់ចោទទាំង ៣នាក់មាន អ្នកស្រី តូយ ម៉េត អ្នកស្រី ហួត វណ្ណៈ និងអ្នកស្រី អោម ឡាច ត្រូវបានដោះលែង ដោយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ហើយត្រូវបំពេញកាតព្វកិច្ចទី១៖ ហាមផ្លាស់ប្ដូរទីលំនៅដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ទី២៖ ជនជាប់ចោទត្រូវឆ្លើយតបនឹងដីកាកោះហៅរបស់តុលាការ និងត្រូវចូលបង្ហាញខ្លួននៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌ឱ្យបានទៀតទាត់មួយខែម្ដង។ ទី៣៖ មិនត្រូវធ្វើការសកម្មភាពដឹកជញ្ជូនទំនិញគេចពន្ធគ្រប់ប្រភេទ និងទី៤៖ មិនត្រូវធ្វើសកម្មភាពប្រឆាំង ឬបង្កភាពអនាធិបតេយ្យ រារាំងការអនុវត្តច្បាប់របស់មន្ត្រីគយ និងមន្ត្រីផ្សេងទៀតនោះឡើយ។

អ្នកស្រី ហួត វណ្ណៈ ជាកម្មករអូសរទេះម្នាក់ក្នុងចំណោមកម្មករ​ ២នាក់ផ្សេងទៀត ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការ ដើម្បីស៊ើបសួរពីករណីតវ៉ារារាំងអាជ្ញាធរមិនឱ្យអនុវត្តច្បាប់ ដោយអ្នកស្រី បានប្រាប់វិទ្យុស្ដ្រីនៅព្រឹកថ្ងៃទី១៤ ខែមិថុនាថា ក្រោយពីអាជ្ញាធរឃុំខ្លួនអ្នកស្រី និងកម្មករអូសរទេះ ២នាក់ទៀត ដើម្បីសួរនាំអស់រយៈពេល ៣ថ្ងៃកន្លងមកហើយ មុននឹងធ្វើការដោះលែងឱ្យអ្នកស្រីត្រឡប់មកនៅលំនៅឋានវិញ។ អ្នកស្រីថា អ្នកស្រីក្រីក្រណាស់ មិនចេះអក្សរនោះទេ មិនដឹងក្នុងក្រដាសរបស់តុលាការមានដាក់លក្ខខណ្ឌអ្វីខ្លះនោះទេ ប៉ុន្តែតុលាការបានបញ្ជាក់លក្ខខណ្ឌមួយចំនួនប្រាប់អ្នកស្រីថា មិនត្រូវធ្វើបាតុកម្មអនាធិបតេយ្យបែបនេះបន្តទៀត នៅមាត់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។

អ្នកស្រី ហួត វណ្ណៈ «គាត់ដាក់លក្ខខណ្ឌកុំឱ្យយើងធ្វើបាតុកម្មអនាធិបតេយ្យបន្តទៀតអញ្ចឹងណាចែ កុំឱ្យយើងធ្វើរញ៉េរញ៉ៃនៅមាត់ច្រកអញ្ចឹងទៀតណា»។

ក្រៅពីនេះ អ្នកស្រីបន្តទៀតថា តុលាការ ក៏មិនអនុញ្ញាតឱ្យអ្នកស្រីប្រកបរបរអូសទំនិញឱ្យភ្ញៀវដែរ ពីព្រោះទំនិញទាំងនោះ គឺមិនមានការបង់ពន្ធជូនរដ្ឋនោះទេ ប៉ុន្តែចំពោះទំនិញដែលមានការបង់ពន្ធត្រឹមត្រូវជូនរដ្ឋ អាជ្ញាធរអនុញ្ញាតឱ្យអូសបាន ទោះបីចំណូលទទួលបាន វាមិនបានច្រើនដូចពីមុនក៏ដោយ តែកុំឱ្យអាជ្ញាធរបិទរបរនេះទៅបានហើយ។

អ្នកស្រី ហួត វណ្ណៈ ៖ «អូសអាហ្នឹងយើងអាចគ្រាន់បានចិញ្ចឹមឆ្នាំង ខ្លាចតែគេបិទ គេមិ​នឱ្យយើងរកតែម្ដងអាហ្នឹងវាពិបាក»។

ទោះបីជាយ៉ាងណា អ្នកស្រីបន្ថែមថា ក្នុងអំឡុងជាប់ឃុំរយៈពេល ៣ថ្ងៃកន្លងមកនេះ តុលាការសួរដេញដោលអ្នកស្រី ​និងកម្មករផ្សេងទៀត តែរឿងបាតុកម្មដែលមានការបំពានទៅលើមន្ត្រីសាធារណៈ ខណៈអ្នកស្រីបានឆ្លើយបដិសេធទៅកាន់តុលាការថា អ្នកស្រីមិនបានចូលរួមបាតុកម្មក្នុងថ្ងៃទី២៨ ខែឧសភានោះទេ ប៉ុន្តែគ្រាន់ថាថ្ងៃទី២៥ ឧសភា គឺមន្ត្រីគយ និងសមត្ថកិច្ច បានប្រើហិង្សាធ្វើឱ្យកម្មករអូសរទេះមួយចំនួនរងរបួស។

រូបភាព៖ សមត្ថកិច្ចឈរនៅច្រកព្រំដែន ហាមកម្មករអូសរទេះដឹកទំនិញឱ្យឈ្មួញ។ រូបភាព៖ ពីប្រជាពលរដ្ឋ

ចំណែកលោក ទុំ រ៉េន ជាស្វាមីរបស់អ្នកស្រី តូយ ម៉េត ដែលកម្មករអូសរទេះម្នាក់ទៀតទើបត្រូវបានតុលាការដោះលែងដែរនោះ លោកបានប្រាប់ដែរថា ប្រពន្ធរបស់លោកទើបតែត្រូវបានដោះលែង ដូច្នេះមិនអាចផ្ដល់បទសម្ភាសន៍បាននោះទេ។ ប៉ុន្តែលោកបាននិយាយជំនួសប្រពន្ធរបស់លោកថា តុលាការបានដាក់លក្ខខណ្ឌមិនឱ្យក្រុមគ្រួសារលោកអូសរទេះដឹកជញ្ជូនទំនិញបន្តទៀតនៅតាមច្រកព្រំដែន ដែលលោកបារម្ភលើជីវភាពគ្រួសារ។

លោក ទុំ រ៉េន ៖ «ដាក់លក្ខខណ្ឌគេមិនឱ្យអូសគេមិនឱ្យដឹកជញ្ជូនអី កុំឱ្យរញ៉េរញ៉ៃអីទៀតហ្នឹង គេមិនឱ្យយើងរកផងធ្វើមិច មានអីហូប»។

ជុំវិញរឿងនេះ លោក អ៊ិន គង់ជិត មន្ត្រី​គ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កា​ដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ បានប្រាប់វិទ្យុស្ដ្រីថា ស្ដ្រីដែលជាកម្មករអូសរទេះទាំង ៣នាក់នេះ ត្រូវបានតុលាការខេត្តបន្ទាយមានជ័យ ដោះលែងឱ្យមានសេរីភាពឡើងវិញ កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនានេះ បន្ទាប់ពីបានឃុំខ្លួន និងសួរនាំអស់រយៈពេល ៣ថ្ងៃកន្លងមកនេះ។ ការដោះលែងស្ដ្រីទាំងនោះដែរ លោកថា តុលាការបានដាក់លក្ខខណ្ឌឱ្យស្ដ្រីទាំងនោះ មិនត្រួវផ្លាស់ប្ដូរលំនៅឋាន ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ និងត្រូវឆ្លើយបតរាល់ការកោះហៅរបស់តុលាការ។

ក្រៅពីលក្ខខណ្ឌទាំងនេះហើយ លោកថា តុលាការក៏បានហាមឃាត់កម្មកអូសរទេះទាំងនោះ មិនត្រូវធ្វើសកម្មភាពប្រឆាំង ឬបង្កភាពអនាធិបតេយ្យ ទៅលើមន្ត្រីគយដែលជាសមត្ថកិច្ចអនុវត្តច្បាប់នៅតាមច្រកអន្តរជាតិមួយនេះឡើយ ជាពិសេសមិនអនុញ្ញាតឱ្យកម្មករទាំងនោះប្របករបរអូសរទេះ ដឹកជញ្ជូនទំនិញនាំចូលគ្រប់ប្រភេទ។

លោក អ៊ិន គង់ជិត ៖ «វាលក្ខខណ្ឌហ្នឹង វាតឹងតែងសម្រាប់គាត់ហើយ ថ្វីត្បិតតែលោកចៅក្រមស៊ើបសួរ ក៏ដូចជាតុលាការបានឱ្យគាត់នៅក្រៅឃុំពិតមែន ប៉ុន្តែមានលក្ខខណ្ឌតឹងតែងឱ្យគាត់បំពេញហ្នឹងណា គឺដូចជាមិន​ឱ្យគាត់ដឹកអ៊ីវ៉ាន់ ទំនិញអីអញ្ចឹង។ អញ្ចឹងវាប៉ះពាល់ទៅលើមុខរបរគាត់ដែលគាត់ហ្នឹងអូសរទេះជាយូរឆ្នាំមកហើយ មិនមែន ១០ឆ្នាំនោះទេ គាត់អូស២០ឆ្នាំ ៣០ឆ្នាំឯណោះ អញ្ចឹងវាដូចជាបង្អាក់ មិនឱ្យគាត់ប្រកបមុខរបរហ្នឹង ពីព្រោះអីគាត់អូសអ៊ីវ៉ាន់មក គាត់អូសមក គាត់ឆ្លងកាត់មន្ត្រីគយហ្នឹងតើ ចុះមន្ត្រីគយមិនត្រួតពិនិត្យទំនិញហ្នឹងទៅ»។

ទោះបីជាយ៉ាងណា លោកចោទសួរថា កម្មករទាំងនោះ មិនបានលួចអូសទំនិញនៅតាមច្រកលួចលាក់ដូចកាលពីមុននោះទេ ហើយបច្ចុប្បន្ននេះ ពួកគាត់បានអូសទំនិញនៅមុខច្រកអន្តរជាតិនោះដោយបើកចំហ ដូច្នេះហេតុអ្វីបានជាមន្ត្រីគយ មិនត្រួតពិនិត្យវាយតម្លៃពន្ធលើទំនិញទាំងនោះទៅ ជំនួសឱ្យការបិទមុខរបររបស់ពួកគាត់ ពីព្រោះកម្មករទាំងនោះមានជីវភាពខ្វះខាត និងក្រីក្រណាស់?

លោក អ៊ិន គង់ជិត ៖ «អញ្ចឹងវាប៉ះពាល់ទៅលើការប្រកបមុខរបររបស់គាត់ ធ្វើឱ្យគាត់មិនអាចប្រកបមុខរបរអីបាន ហើយពួកគាត់ដូចមានអាជីពរកស៊ីសុទ្ធជាកម្មករស៊ីឈ្នួលអូសរទេះហ្នឹងឯង ហើយគាត់ទៅធ្វើការងារផ្សេងគឺគាត់អត់មានហើយគាត់ក្រីក្រទៅខ្ចីដើមទុនគេមកប្រកបមុខរបរ គេអត់ឱ្យខ្ចី ហើយមិនដែលមានអាជ្ញាធរណានឹកឃើញជួយឧបត្ថម្ភស្បៀងឱ្យគាត់ផងអញ្ចឹងណា។ សូម្បីតែប័ណ្ណក្រីក្រក៏មិនមានផង អញ្ចឹងគាត់មានជីវភាព វាប៉ះពាល់ទៅលើជីវភាពរស់នៅរបស់គាត់»។

ពាក់ព័ន្ធបញ្ហានេះ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុស្ដ្រីថា ករណីស្ដ្រីទាំង ៣នាក់ ដែលជាកម្មករអូសរទេះ បានហួសដែនសមត្ថកិច្ចរបស់លោកហើយ ដូច្នេះលោកបានបដិសេធមិនឆ្លើយចំពោះករណីនេះ ដោយឱ្យលើកទៅសួរអ្នកនាំពាក្យតុលាការ។

លោក សំរិទ្ធ សុខុន ៖ «ប្អូនអាហ្នឹងរឿងហ្នឹងផុតពីចៅក្រមហើយ ប្អូនឯងអាចសួរអ្នកនាំពាក្យតុលាការណា ពីព្រោះបងជាអ្នកនាំពាក្យខាងអយ្យការអញ្ចឹងវាផុតពីខាងបងហើយអញ្ចឹងណា»។

ចំណែកឯលោក រឿន លីណា អ្នកនាំពាក្យតុលាការខេត្តបន្ទាយមានជ័យ បានប្រាប់ថាលោកកំពុងជាប់ប្រជុំមិនអាចផ្ដល់បទសម្ភាសន៍បានទេ ដោយស្នើឱ្យផ្ញើសំណួរតាមប្រព័ន្ធតេលេក្រាម ប៉ុន្តែមកដល់ល្ងាចថ្ងៃទី១៤ ខែមិនថុនា លោកមិនបានឆ្លើយតបនោះទេ។

ស្ដ្រីដែលជាកម្មករអូសរទេះទាំង ៣នាក់នេះ ត្រូវបានសមត្ថកិច្ចក្រុងប៉ោយប៉ែត ចាប់ខ្លួន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងសកម្មភាពតវ៉ាជាមួយសមត្ថកិច្ចតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយរារាំងមន្ត្រីគយ ចុះមកត្រួតពិនិត្យ និងចាប់ទំនិញគេចពន្ធនៅតាមច្រកព្រំដែន ដែលកម្មករអូសរទេះ បានដឹកជញ្ជូនទំនិញឱ្យឈ្មួញ៕

 

Share

ព័ត៌មានទាក់ទង