en     km
en     km

តុលាការក្រុងភ្នំពេញបញ្ជាឱ្យចាប់សកម្មជនបរិស្ថាន នៅមុខតុលាការ

Share

សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ នៅអង្គុយមុខប៉ារ៉ាសសមត្ថកិច្ច ថ្ងៃទី៥ ខែមិថុនា ២០២៤។ WMC/KimChanchav

 

តុលាការក្រុងភ្នំពេញបានបញ្ជាឱ្យចាប់សកម្មជនបរិស្ថាន៤នាក់​រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី ខណ:​ពួកគេ និង​អ្នកគាំទ្រប្រមាណ៤០នាក់ កំពុង​ប្រមូល​ផ្តុំគ្នា នៅ​ខាងមុខ​តុលាការ​ក្រុងភ្នំពេញ ដើម្បី​ត្រៀម​ចូល​ស្តាប់​ការ​ប្រកាស​សាលក្រម។ ចំណែកឯលោក យឹម លាងហ៊ី ត្រូវបានបាត់ខ្លួនមុនពេលប្រកាសសាលក្រមនៅព្រឹកនេះ។ លោក គីម ចាន់ចាវ រាយការណ៍

សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន​១​០​នាក់​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ផ្តន្ទាទោស​ដាក់​​ឱ្យ​ជាប់ពន្ធនាគារ​ពី​ ​៦​ ​ដល់​ ​៨​ ​ឆ្នាំ​ ​ខណៈ​ដែល​សកម្មជន​ ​៤​រូប​ ​ដែល​មាន​វត្តមាន​នៅមុខ​តុលាការ​ ​ត្រូវ​បាន​ចាប់ខ្លួន​យ៉ាង​ហិង្សា​ដោយ​កងកម្លាំង​​សន្តិសុខ​ជាច្រើន​នាក់​ ​។​

​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ ​បាន​ប្រកាស​សាលក្រម​នៅ​ឯ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​នា​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី២ ខែកក្កដា​ ​ដែល​ជា​ការ​បិទ​បញ្ចប់​សវនាការ​ជំនុំ​ជម្រះ​លើ​អ្នក​ទាំងនោះ​ ​ពាក់ព័ន្ធ​នឹង​ភាព​សកម្ម​និយម​អហិង្សា​ ​ក្នុង​កិច្ចការពារ​បរិស្ថាន​របស់​ពួកគេ​ ​។​ ​អ្នក​ទាំងនោះ​ ​រង​នូវ​បទចោទប្រកាន់​ចំនួន​ពីរ​ ​ដែល​រួម​មាន​បទ​ ​រួមគំនិតក្បត់​ ​និង​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។​

សកម្មជន​បរិស្ថាន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ​រួម​មាន​ ​លោក​ ថុ​ន​ ​រដ្ឋា​ ​អាយុ​ ​៣​០​ ​ឆ្នាំ​ ​កញ្ញា​ ​ឡុង​ ​គន្ធា​ ​អាយុ​ ​២​៦​ ​ឆ្នាំ​ ​កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​អាយុ​ ​២​៣​ ​ឆ្នាំ​ ​និង​លោក​ ​លី​ ​ចាន់​ដារ៉ា​វុ​ត​ ​អាយុ​ ​២​៤​ ​ឆ្នាំ​ ​។​ ​អ្នក​ទាំង​ ​៤​ ​បាន​ចំណាយ​ពេល​ជាច្រើន​ម៉ោង​ ​​ដើរហែរក្បួន​អហិង្សា​ក្នុង​ទម្រង់​ជា​ការ​ហែ​រស​ព​ ចាប់ពី​រង្វង់​មូល​ជ្រោយ​ចង្វា​ ​ឆ្ពោះ​មក​តុលាការ​ ​មុន​ពេល​មានការ​ចាប់ខ្លួន ដែលមានទង់ព្រលឹងដាក់រូបជញ្ជីងយុត្ដិធម៌ជាមួយនឹងអក្សរសរសេរថា «យុត្តិធម៌ស្លាប់ហើយ»។ ទន្ទឹមនឹងទង់ព្រលឹងនេះ ក៏មានស៊ុមរូបថតដែលមានផ្កាភ្ញីទម្រង់ដូចរូបថតបុណ្យសព ដែលរំលេចអក្សរថា «យុត្តិធម៌ស្លាប់ហើយ»។​ ​អ្នក​ទាំង​ ​៤​ ​និងសកម្មជន​យុវជន​ផ្សេងទៀត​ ​និង​អ្នកគាំទ្រ​ជាច្រើន​នាក់​ ​បាន​ស្លៀកពាក់​សំសម្លៀក​បំពាក់​ហែ​សព​ ​។​

​នៅពេលដែល​ពួកគេ​ដើរមក​ដល់​តុលាការ​ ​អ្នក​ទាំង​ ​៤​ ​មិនបាន​ចូលក្នុង​សវនាការ​ស្តាប់ការ​ប្រកាស​សាលក្រម​នោះ​ទេ​ ​ដោយ​សុខចិត្ត​នៅ​ក្រៅ​តុលាការ​ ​ជួប​អ្នកគាំទ្រ​ ​និង​សមាជិក​គ្រួសារ​ ​និង​បង្ហាញ​ពី​សេចក្តីប្រាថ្នា​របស់​អ្នក​ទាំងនោះ​ ​ចង់​ឃើញ​សង្គម​កម្ពុជា​មាន​យុត្តិធម៌​ ​ដែល​អាច​ការពារ​ធនធានធម្មជាតិ​សម្រាប់​ពល​រដ្ឋកម្ពុជា​​។​ ពួកគេ​បាន​ឡើង​ថ្លែង​សារ​ម្នាក់​ម្តង​ទៅ​កាន់​អ្នកគាំទ្រ ពី​រឿង​អយុត្តិធម៌​សង្គម និង​លើកទឹកចិត្ត​កុំឱ្យ​យុវជន និង​ពលរដ្ឋ​ខ្មែរ​បាក់​ស្មារតី ដោយសារ​ការ​ចាប់ខ្លួន​ពួកគេ ខណៈពួកគេបានត្រៀមខ្លួន ​ដើម្បី​ជាប់​ពន្ធនាគារ​រួចហើយ ព្រោះ​ពួកគេ​ដឹង​ថា នេះជាអ្វីដែលត្រូវប្រឈម ក្នុងសកម្មភាពការពារបរិស្ថាននេះ។

កញ្ញា ភួន កែវរស្មី ៖ «ពួកយើងមិនទាន់ធ្វើបានគ្រប់គ្រាន់ទេ ដរាបណាគេនៅតែអាចដេញប្រជាជនពីដីធ្លីដោយសេរី​ ដរាបណាគេនៅតែយកដីយើងឱ្យបុគ្គលមានអំណាច ដរាបណាគេនៅបំផ្លាញព្រៃឈើ ដរាបណាគេនៅតែចាប់ពួកយើងមិនញញើតដៃទាំងដែលពួកយើងគ្មានធ្វើអីខុស មានន័យថាពួកយើងមិនអាចបាក់ទឹកចិត្តបានទេ។ បើសិនណាជាពួកយើងធ្វើបានគ្រប់គ្រាន់មែន គេនឹងមិនអាចធ្វើទង្វើទាំងអស់នេះមកលើពួកយើងទេ។»
លោក ថុន រដ្ឋា ៖ «គេអាចចាប់ពួកយើងដាក់គុក នៅពេលណាក៏បានដែរ ប៉ុន្តែគេមិនអាចឃុំមនសិការរបស់ពួកយើង ដែលស្រឡាញ់យុត្តិធម៌ ដែលស្រឡាញ់សេរីភាពពិតប្រាកដ ដែលស្រឡាញ់ប្រជាធិបតេយ្យពិតប្រាកដនោះទេ។»
កញ្ញា ឡុង គន្ធា ៖ «(បើ) តុលាការចាប់ខ្លួនខ្ញុំដាក់ពន្ធនាគារម្ដងទៀត ខ្ញុំនឹងបាត់បង់ឱកាសក្នុងការសិក្សាម្ដងទៀត។ ខ្ញុំក៏ចង់រៀនខ្ពស់ដូចកូនអ្នកទាំងអស់គ្នាដែរ ដូចកូនអ្នកធំ ដូចកូននាយករដ្ឋមន្ត្រី ដូចកូនមន្ត្រីធំៗ​ ដូនកូនលោកស្រីចៅក្រម កូនរបស់លោកព្រះរាជអាជ្ញា បើសិនជាព្រះរាជអាជ្ញារមានកូន (ដូច)កូនលោកអាជ្ញាធរដូចគ្នាដែរ។ ខ្ញុំក៏ត្រូវការសិក្សា ការរៀនសូត្រ ខ្ញុំត្រូវការយកចំណេះដឹងដែលខ្ញុំមានដើម្បីយកមកជួយប្រទេសជាតិខ្ញុំ។»
លោក​ ​លី​ ​ចាន់​ដារ៉ា​វុ​ត ៖ «បើសិនជាយើងមិនការពារប្រទេសយើងទេ នោះអនាគតយើងនឹងក្លាយជាជនរងគ្រោះ ថ្ងៃនេះយើងខ្លាចថ្ងៃស្អែកយើងវេទនាហើយបងប្អូន។»

តុលាការ​បាន​ចេញ​ដីកាចាប់ខ្លួន​លើ​ជនជាប់ចោទ​ទាំង​​១​០​ ​រូប​ ​។​ ​នៅ​ម៉ោង​ ​១​០​ ​និង​ ​៤​០​ ​នាទី​ព្រឹក​ ​សកម្មជន​យុវជន​បរិស្ថាន​ ​៤​ ​នាក់​ ​ក្នុង​ចំ​ណោម​សកម្មជន​ទាំង​ ​៥​ ​នាក់​ ​ដែល​បាន​ចូល​ស្តាប់​សវនាការ​ជាច្រើន​ដង​ ​ត្រូវ​បាន​មន្ត្រី​នគរបាល​ប្រមាណ​ ​៥​០​ ​នាក់​ ​ចូល​ទៅ​ចាប់ខ្លួន​ ​នៅពេលដែល​អ្នក​ទាំង​ ​៤​ ​កំពុង​អង្គុយ​នៅមុខ​តុលាការ​ ​។​ ​កង​កម្លាំង​នគរបាល​ដែល​មាន​ទាំង​សម្លៀកបំពាក់​ឯកសណ្ឋាន​ ​និង​ស៊ីវិល​ ​បាន​ចាប់​ទាញ​អ្នក​ទាំងនោះ​យ៉ាង​ហិង្សា​ ​រុញ​ចូល​ទៅ​ក្នុង​រថយន្ត​ ​ខណៈ​ដែល​មាន​អ្នកគាំទ្រ​ជាច្រើន​បាន​ស្រែក​សុំ​ឱ្យ​មានការ​ដោះលែង​ ​។​ ​យ៉ាងតិច​ណាស់​ ​មាន​សកម្មជន​ចំនួន​ ​២​ ​រូប​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ក្រៀក​ក​ ​រុញ​ចូលក្នុង​រថយន្ត​ ​។​

​ចំណែក​ឯ​សកម្មជន​ទី​ប្រាំ គឺលោក យីម លាងហ៊ី ​  ​មិន​មាន​វត្តមាន​នៅមុខ​តុលាការ​នា​ព្រឹកនេះ​ ​ បានបាត់ខ្លួន នៅ​មិនទាន់​ដឹង​ទីតាំង​ថា​តើ​គាត់​នៅ​ទីណា​នោះ​ទេ​ ​។​ ​សកម្មជន​ម្នាក់ទៀត​ គឺ​អ្នកស្រី​ ​អេង​ ​សុខា​ ​ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ ​ខណៈ​ពេល​ដែល​អ្នកស្រី​ចូលរួម​ប្រមូលផ្តុំ​ជាមួយ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ ​អំឡុង​ពេល​មានការ​ចាប់ខ្លួន​អ្នក​ទាំង​​៤​ ​។​ ក្រុម​អ្នក​គាំទ្រ​នាំគ្នា​ស្រែក​ទ្រហោយំបង្ហាញការខកចិត្ត និងថ្កោលទោស​ចំពោះ​តុលាការ និង​សមត្ថកិច្ច ដែល​ចាប់ខ្លួន​សកម្មជន​បរិស្ថាន​ពាក់ព័ន្ធនឹងសកម្មភាពការពារសង្គមរបស់ពួកគេ។

​«មានបានទៅមើលគេធ្វើបាបស្ត្រីអត់? មានបានទៅមើលសកម្មជននៅណាហ្គាវើលដ៍ដែលត្រូវគេប្រើអំពើហិង្សា វ៉ៃដល់រលូតកូនអត់? ហេតុអីក៏ក្រសួងកិច្ចការនារីស្ងាត់បាត់ឈឹង? ហេតុអីតុលាការស្រុកខ្មែរមានភាពអយុត្តិធម៌បែបហ្នឹង? សកម្មភាពទាំងអស់ហ្នឹងមែនដែលគេហៅថាស្របច្បាប់? សកម្មភាពចាប់សកម្មជនហ្នឹងមែនដែលគេហៅថាយុត្តិធម៌? តើអ្នកដែលបំផ្លាញធនធានធម្មជាតិ តើអ្នកដែលបំផ្លាញភ្នំតាម៉ៅមានបានជាប់ទោស មានបានជាប់បទចោទបានមួយបទនៅ? ហេតុអីក៏ពួកយើងអ្នកការពារៗធនធានធម្មជាតិត្រូវបានចោទពីបទ ប្រមាថអង្គព្រះមហាក្សត្រ ពីបទ ក្បត់ជាតិបែបហ្នឹង? បើសិនជាពិតជាក្បត់ជាតិមែន មិនមែនមានអ្នកចូលរួម មិនមែនមានបងប្អូន មិនមែនមានអ្នកLive និងកំពុងតែមើលការLiveផងអីផង គាត់មកលើកទឹកចិត្តទេ។»

លោក យី សុខសាន្ត មន្ត្រីសិទ្ធិមនុស្សនៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដែលបានតាម​ដានសវនាការនេះ ប្រាប់វិទ្យុស្ត្រីនៅក្រោយការចាប់ខ្លួនសកម្មជនបរិស្ថាននេះថា ចំណាត់ការ​លើក្រុមសកម្មជននេះ គឺធ្វើផ្ទុយពីមតិអន្តរជាតិដែលគាំទ្រ និងផ្ដល់ពានរង្វាន់ជូនអ្នកការពារបរិស្ថានទាំងនេះ។ ហើយចំណាត់ការចាប់ខ្លួននេះលោកសង្កេតឃើញថាមានសភាពតក់ក្រហល់ និងឃោឃៅ ផ្ទុះពីករណីឧកញ៉ា ស្រី ស៊ីណា ដែលសម្លាប់មនុស្សហើយ ពេលសមត្ថកិច្ចចាប់ខ្លួនអាចដើរតាមសម្រួលបាន។

លោក យី សុខសាន្ត ៖«រាជរដ្ឋាភិបាលគួរតែលើកទឹកចិត្តដល់ពួកគាត់វិញណា៎ ពាក់ព័ន្ធនឹងការងាររបស់ពួកគាត់ដើម្បីជួយរាជរដ្ឋាភិបាលនូវអ្វីដែលពួកគាត់មើលឃើញដែលរដ្ឋាភិបាលមើលមិនដល់ណា៎។ ចឹងយើងគួរតែពិចារណា ដោះលែងពួកគាត់ឱ្យមានសេរីភាពវិញទៅ ព្រោះគាត់ជាអ្នករួមចំណែកជួយការពារប្រទេសជាតិ ជួយការពារបរិស្ថានដើម្បី ជាទ្រព្យសម្បត្តិជាតិ។ មិនមែនមាន័យថា យកទៅដាក់ភ្នក់ចំបើង ដូចឧកញ៉ាមួយចំនួនលុបបឹង កាបឈើ នោះទេបាទ។»

ចំណែកលោក រ៉ុង ឈុន មន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិដែលបានចូលរួមដង្ហែក្បួនជាមួយសកម្មជនបរិស្ថាន ដើម្បីលើកទឹកចិត្តពួកគេ បានលើកឡើងថា បើទោះបីជាពួកគេត្រូវបានចាប់ខ្លួន ប៉ុន្តែសកម្មជនបរិស្ថានទាំងនោះ នឹងទទួលបានយុត្តិធម៌ពីប្រជាពលរដ្ឋខ្មែរជាច្រើន។

លោក រ៉ុងឈុន ៖ «​អ្វីដែលចោទប្រកាន់វាផ្ទុយទៅនឹងសកម្មភាពរបស់ប្អូនៗ ហើយបើសិនជាតុលាការសម្រេចឱ្យប្អូនៗជាប់ឃុំ វាជារឿងមួយអយុត្តិធម៌ ហើយនឹងទទួលរងការថ្កោលទោសពីសំណាក់ជាតិ និងអន្តរជាតិ។ ហើយប្អូនៗទាំងអស់នឹងទទួលយុត្តិធម៌ពីប្រជាពលរដ្ឋ ១៦ទៅ១៧លាននាក់ គេឱ្យតម្លៃប្អូនៗ ទោះបីតុលាការមិនឱ្យតម្លៃប្អូនៗក៏ដោយ។»

​បើតាមអង្គការការពារសិទ្ធមនុស្សលីកាដូ សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ​តែងតែ​ប្រ​ឈម​មុខនឹង​ការ​យាយី​ ​ការ​គំរាមកំហែង​ ​និង​ការចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​ ​ទៅលើ​ភាព​សកម្ម​និយម​ផ្នែក​បរិស្ថាន​របស់​ពួកគេ​ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ។​ ​សកម្មភាព​លើ​កិច្ចការពារ​បរិស្ថាន​ដែល​អ្នក​ទាំងនោះ​បាន​ធ្វើ​ ​រួម​មាន​ ​ការ​តស៊ូ​មតិ​ដើម្បី​បញ្ឈប់​ការ​ជីក​យក​ខ្សាច់​នៅ​ខេត្ត​កោះ​កុង​ ​ការ​ការពារ​កោះ​កុង​ក្រៅ​ ​និង​ការ​ទប់​ស្កាត់​លំ​ហូរ​ទឹក​ស្អុយ​ ​និង​ទឹក​កខ្វក់​ចូល​ទៅ​ក្នុង​អាង​ទឹក​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​ព្រះ​សី​ហ​នុ ៕

 

Share

ព័ត៌មានទាក់ទង