en     km
en     km

 ជម្លោះការទូតកាណាដា និងវេណេហ្សូអេឡាឈានដល់ការបណ្ដេញអ្នកការទូត

Share

ជម្លោះការទូតរវាងប្រទេសកាណាដា និងវេណេហ្សូអេឡា បានឈានដល់ការបណ្ដេញអ្នកកាទូតរៀងៗខ្លួន ដែលជាការសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីប្រទេសកាណាដាដាក់ទណ្ឌកម្មលើវេណេហ្សូអេឡាករណីបំផ្លាញលទ្ធិប្រជាធិបតេយ្យ។

កាលពីថ្ងៃម្សិលមិញ (២៥ធ្នូ) ប្រធានាធិបតី  Nicolás Maduro បានបណ្ដេញឯកអគ្គរដ្ឋទូត ប្រទេសកាណាដា ក្រោមហេតុផល ចោទលោក Craig Kowalik ករណី រំលោភដែនអធិបតេយ្យរបស់វេណេហ្សូអេឡាដែលក្រុង Caracas រកឃើញលូកដៃចូលរឿងនយោបាយរបស់ខ្លួន។

តែនៅថ្ងៃអង្គារនេះ ប្រទេសកាណាដាបានសងសឹកវិញ ដោយបណ្ដេញឯកអគ្គរដ្ឋទូត និងលេខាធិការទីមួយ របស់វេណេហ្សូអេឡា។

រដ្ឋមន្ត្រីការបរទេសលោកស្រី Chrystia Freeland និយាយថា គេមិនអាចទុកមន្ត្រីទូតវេណេហ្សូអេឡាបានទៀតទេដោយសារប្រទេសនេះបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ 

សេចក្ដីថ្លែងការណ៍របស់លោកស្រីរដ្ឋមន្ត្រីការបរទេសកាណាដាបានបញ្ជាក់ថា៖ «ប្រជាជនកាណាដា មិនត្រូវការរដ្ឋាភិបាលវេណេ ហ្សូអេឡាដែលប្លន់ឆន្ទៈ និងបំផ្លាញប្រជាធិបតេយ្យនោះទេ ។ ករណីនេះ ប្រទេសកាណាដាសហការជាមួយដៃគូ ឬ ប្រទេសណាដែលប្រឆាំងរបបរបស់ប្រធានាធិបតី Nicolás Maduro » ។

ប្រទេសកាណាដា រួមជាមួយអាមេរិក និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មរួចហើយ លើមន្ត្រីកាន់អំណាច​របស់លោក Nicolás Maduro ដោយបង្កកទ្រព្យសម្បតិ្តរបស់មន្ត្រីទាំងនោះទៀតផង។ ​

អ្នកវិភាគព្រមានថា បើការដាក់ទណ្ឌកម្មរហូតដល់បិទការនាំប្រេងឆៅពីវេណេហ្សូអេឡាទៀតនោះ គឺសេដ្ឋកិច្ចរបស់ប្រទេសនេះនឹងកាន់តែមានវិបត្តិធ្ងន់ធ្ងរ ខណៈបំណុលបរទេសនឹងកើនឡើងជិតមួយម៉ឺនលានដុល្លារនៅចុងឆ្នាំ២០១៨៕

 

Share

ព័ត៌មានទាក់ទង