ភ្នំពេញ៖រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយហិបឆ្នោត១៥០០០ក្នុងតម្លៃទឹកប្រាក់ប្រមាណ៧លានដុល្លារអាមេរិកដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)សម្រាប់ការប្រើប្រាស់ក្នុងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨។

នៅក្នុងពិធីចុះហត្ថលេខាស្តីពីការផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងនៅថ្ងៃទី ២១ ខែ កុម្ភៈនេះក្នុងទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការណ៍អន្តរជាតិ ប្រទេសជប៉ុនបានផ្តល់ជំនួយឥតសំណងប្រមាណ ៨០០លានយ៉េនស្មើនឹងប្រមាណ៧លានដុល្លារអាមេរិកនិងហិបឆ្នោតនិងសម្ភារៈចាំបាច់មួយចំនួនទៀត។
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានផ្តល់បទសម្ភាសន៍អ្នកសារព័ត៌មានថាប្រទេសជប៉ុនផ្តល់ជំនួយហិបឆ្នោតជាង១ម៉ឺនដល់គ.ជ.បសម្រាប់បោះឆ្នោតជ្រើសរើស តំណាងរាស្ត្រដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។
លោក ស៊ិក ប៊ុនហុក៖«អានេះគ្រាន់តែជាឧបករណ៍សម្រាប់តែការយើងប្រើប្រាស់ដើម្បីធានាកុំឲ្យមានការបែកបាក់។ធំបំផុតរឿងបច្ចេកទេសនៃការរៀបចំការបោះឆ្នោតនេះឯងនេះគឺគេមានជំនឿគ្មានជំនឿនៅលើជំហររបស់យើងក្នុងនាមជាយើងខ្មែរម្នាក់តើឯងជឿថាកសាងលទ្ធិប្រជាធិបតេយ្យបានឬមិនបានទៅលើជំហរផ្ទាល់ អត់មានម្នាក់ចេះស្រលាញ់ជាតិ។»
លោក ស៊ិក ប៊ុនហុក បន្ថែមថា រដ្ឋាភិបាលចិននឹងផ្តល់ជំនួយហិបឆ្នោតដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ចំនួន១៥០០០ដែលនឹងមកដល់នៅអំឡុងខែ មិនា ឆ្នាំ ២០១៨នេះ។ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរូបនេះបញ្ជាក់ថាហិបឆ្នោតយ៉ាងហោចណាស់៣ម៉ឺនហិបត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងឆ្នាំនេះ។
ការផ្តល់ជំនួយរបស់ប្រទេសជប៉ុននេះស្របពេលសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបប្រកាសផ្តាច់ជំនួយហរិញ្ញវត្ថុនិងជំនួយបច្ចេកទេសករណីរំលាយគណបក្សសង្គ្រោះជាតិនិងហាមឃាត់អតីតតំណាងរាស្ត្រគណបក្សប្រឆាំង១១៨រូបធ្វើនយោបាយ។សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបមើលឃើញថាការបោះឆ្នោតនឹងមិនទទួលបានភាពសេរីត្រឹមត្រូវនិងយុត្តិធម៌។ទោះបីយ៉ាងរដ្ឋាភិបាលនិងគ.ជ.បអះអាងថាការបោះឆ្នោតនឹងប្រព្រឹត្តិទៅយ៉ាងរលូនដោយសង្ឃឹមថាគ្រប់ភាគីគណបក្សនយោបាយទាំងអស់នឹងទទួលស្គាល់លទ្ធផលការបោះឆ្នោតនេះ។
តែហសភាពអឺរ៉ុប និងអាមេរិកព្រមានថាការបោះឆ្នោត ដែលពួកគេថា មិនមានភាពសេរីនេះ គឺជាការប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ តែយ៉ាងនេះក្ដីបក្សកាន់អំណាច អះអាងថាខ្លួនមិនព្រួយបារម្ភឡើយ៕