Gambia៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះរឿងរ៉ាវជាប្រវត្ដសាស្ដ្រដ៏ធំមួយនឹងផ្ទុះឡើងនៅប្រទេស Gambia នៅទ្វីបអាហ្វ្រិក គឺការចូលកាន់តំណែងរបស់មេបក្សប្រឆាំងជាប់ឆ្នោត អាដាម៉ា បារ៉ូ ខណៈនោះជនផ្ដាច់ការ Yhaya Jammeh នឹងប្រើប្រាស់អំណាចជាប្រធានាធិបតីចាញ់ឆ្នោតនៅតែបន្ដជ្រកកោននៅវិមានរបស់លោកដដែល។
តាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន Freedom Newspaper យ៉ាងតិចអ្នកការទូត ៩ប្រទេសនៃសហភាពអាហ្វ្រិកត្រូវបានបណ្ដេញចេញពីប្រទេស Gambia នៅរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ។ អ្នកការទូតប្រទេស ហ្សេនេហ្កាល់ ដែលមានព្រំដែនជាប់និង Gambia ត្រូវបានបណ្ដេញចេញមុនគេ គឺដោយសារតែប្រទេសនេះចេញមុខខ្លាំងជាងគេបង្ខំឲ្យលោក Jammeh ចុះចេញពីតំណែង ហើយគំរាមប្រើប្រាស់កងទ័ពលុកលុយប្រទេស Gambia ទៀតផង។
អាមេរិកប្រាប់ពលរដ្ឋនិងមន្ត្រីនិងគ្រួសារប្រញាប់ចាកចេញពីប្រទេស Gambia
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានជូនដំណឹងឱ្យពលរដ្ឋ និង មន្ត្រីទូត គ្រួសារទូតអាមេរិកទាំងអស់ដែលស្ថិត នៅប្រទេស Gambia ត្រូវប្រញាប់ចាកចេញពីប្រទេសនេះជាបន្ទាន់។ ក្រសួងការបរទេសបានប្រកាសទៀតថាប្រទេស Gambia កំពុងធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរទ្បើង ដោយសារតែប្រទេសនេះមិនអាចរកដំណោះស្រាយមុនស្ថានការណ៍ហិង្សាកើតទ្បើងនៅថ្ងៃទី១៨ មករា ពេលលោក Adama Barrow បេក្ខជនឈ្នះឆ្នោតប្រធានាធិបតីនឹងស្បថចូលកាន់តំណែងនៅថ្ងៃ ១៨ មករានោះ។ ស្ថានទូតអាមេរិកប្រចាំទីក្រុង BaJul ក៏បានជូនដំណឹងភ្លាមទៅកាន់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីប្រទេស Gambia មុនថ្ងៃ១៨ មករា នេះ។ នៅថ្ងៃ១៨ មករា គឺជាពិធីស្បថចូលកាន់តំណែងរបស់បេក្ខជនឈ្នះឆ្នោត ដែលរដ្ឋធម្មនុញប្រទេសបានកំណត់។
តុលាការកំពូលបើកសវនាការនៅថ្ងៃទី១០ មករា លើបណ្ដឹងរបស់លោក Yhaya Jammeh
ស្របពេលលោក Jammeh បណ្ដេញអ្នកការទូតបរទេសមួយចំនួនពីប្រទេសរបស់លោក ស្រាប់តែតុលាការកំពូលរបស់ប្រទេស ដែលគេថាលំអៀងទៅរកលោក Jammeh បានប្រកាសបើកសវនាការនៅថ្ងៃទី១០ មករា។ សវនាការនេះ ផ្តោតសំខាន់ លើ បណ្ដឹងរបស់លោក Jammeh ប្ដឹងទុកជាមោឃៈ លទ្ធផលបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី ១ធ្នូ ដែលនាំឱ្យលោកចាញ់ឆ្នោត។ ស្របពេលនេះ ចៅក្រមបរទេស ជាច្រើននៃសហភាពអាហ្វ្រិក បានសម្រេច ថាពួកគាត់នឹង មកសង្កេតការណ៍ថ្ងៃបើកសវនាការនេះ។ប្រសិនបើ តុលាការកំពូលសម្រេចឱ្យលោក Jammeh ឈ្នះក្ដី គឺលទ្ធផលបោះឆ្នោតនឹងទុកជាអាសាបង់ ហើយត្រូវរៀចំបោះឆ្នោតឡើងវិញ។
យ៉ាងណាក៏ដោយ ប្រធានគណៈកម្មាការដែលហ៊ាន ប្រកាសថា លោក Jammeh ចាញ់ឆ្នោត លោកបានរត់ចោលប្រទេសហើយ ដោយទៅនៅប្រទេសហ្សេនេហ្គាល់។ លោកគឺជាដើមបណ្ដឹងប្ដឹងលោក Jammeh ពីបទបង្កអស្ថិរភាពសង្គម ខណៈជនផ្ដាច់ការរូបនេះ បញ្ជូនអង្គរក្សទៅ ឡោមព័ន្ធការិយាល័យ រៀបចំការបោះឆ្នោត ដោយចាប់មន្ត្រី រៀបចំការបោះឆ្នោតជាចំណាប់ខ្មាំង។