en     km
en     km

នគរបាលខេត្តបាត់ដំបង៖ ជនសង្ស័យករណីសម្លាប់មនុស្សរួចរត់គេចមិនមែនជាមនុស្សមិនប្រក្រតីនោះទេ

Share

ផ្ទៀងផ្ទាត់៖ ក្រោយមានការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនិងតាមប្រព័ន្ធតេឡេក្រាមទាក់ទិននឹងករណីដែលថាមានបុរសម្នាក់សង្ស័យមានសតិមិនប្រក្រតីសម្លាប់មនុស្ស រួចរត់គេចខ្លួនដែលបង្កជាការព្រួយបារម្ភសម្រាប់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របពេលនោះមហាជនចាប់ផ្តើមដាក់ចម្ងល់ថាតើជននេះពិតជាមានសតិមិនប្រក្រតីឬបែកថ្នាំមែនឬយ៉ាងណា?

(កញ្ញា កែវ សុជាតា រាយការណ៍)

 

ក្រុមការងារផ្ទៀងផ្ទាត់របស់វិទ្យុស្រ្តីបានសុំការបំភ្លឺពីសំណាក់លោកវរសេនីយ៍ឯក​ អ៊ិម​ កុសល ​ស្នងការរង​ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដោយលោកបញ្ជាក់ថា បុរសម្នាក់ដែលជាជនសង្ស័យនៅក្នុងករណីឃាតកម្មសម្លាប់ស្រ្តីចំណាស់នៅក្នុងភូមិនេះមិនមានសតិខុសប្រក្រតីឬបែកថ្នាំដូចការផ្សព្វផ្សាយរបស់សារព័ត៌មាន ឬតាមបណ្តាញសង្គមនោះទេ។ បើតាមការបញ្ជាក់បន្ថែមរបស់លោក អ៊ិម​ កុសល ជនសង្ស័យរូបនេះបានសារភាពថាខ្លួនពិតជាបានយកកាំបិតកាប់ទៅលើជនរងគ្រោះនៅក្នុងស្ថានភាពស្រវឹងពិតមែន ហើយភាគីទាំងសងខាងក៏មិនធ្លាប់មានទំនាស់នឹងគ្នាពីមុនមកនោះដែរ។

លោកវរសេនីយ៍ឯក​ អ៊ិម​ កុសល «បាទ!អត់មានៗអត់អីផង។ អត់មានរឿងអីផង គាត់ស្រវឹងស្រាគាត់ទៅ គាត់កាប់ខឹងកាប់អីណាណីគាត់ គាត់តាពាស(ចេះតែនិយាយ)ទៅ។»។ 

លោកវរសេនីយ៍ឯក​ អ៊ិម​ កុសល (រូបភាព៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)

 

ការបញ្ជាក់ពីមន្ត្រីប៉ូលិសខេត្តបាត់ដំបងបែបនេះ ជាការឆ្លើយតបចំពោះការលើកឡើងតាមបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួនដែលបានផ្សាយថាជនសង្ស័យខាងលើមានសតិមិនប្រក្រតី ឬបែកថ្នាំជាដើម។ ក្នុងនោះមានគណនីមួយនៅលើបណ្តាញសង្គមបានសរសេរថា «បុរសបែកថ្នាំម្នាក់នៅបាត់ដំបងបានសម្លាប់មនុស្សបីនាក់ហើយ តែប៉ូលីសច្រើននាក់រកមិនទាន់ឃើញទៀត ពិតជាគួរឱ្យបារម្ភណាស់! សូមបងប្អូនប្រយ័ត្នឱ្យមែនទែនណា»។ ដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអះអាងថា ជនសង្ស័យខាងលើបានសម្លាប់ទៅលើជនរងគ្រោះដែលមានឈ្មោះថា ហោ ប៉ុក ភេទស្រី វ័យ៨៤ឆ្នាំប៉ុណ្ណោះនៅនៅត្រង់ចំណុចក្រុមទី០៦​ ភូមិ​ច្រាបក្រសាំង​ សង្កាត់វត្តគរ​ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យស្រ្តីរងគ្រោះស្លាប់នៅកន្លែងកើតហេតុ។

ជនរងគ្រោះ (រូបភាព៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)

 

ជនសង្ស័យមានឈ្មោះថា សឿន​ ទន់​ ភេទប្រុស អាយុ២៤ឆ្នាំ ត្រូវកម្លាំងមន្រ្តីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាប់ឃាត់ខ្លួនបាននៅក្នុងភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង នាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ក្រោយតាមស្វែងរកឃាត់ខ្លួនអស់រយៈពេល៩ថ្ងៃ។​ នេះបើតាមការបញ្ជាក់របស់លោក វរសេនីយ៍ឯក​ អ៊ិម​ កុសល។

ជនសង្ស័យ (រូបភាព៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)

 

សូមរំលឹកដែរថា ប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យមានភាពលំបាកដ្បិតនៅទីតាំងជនសង្ស័យរត់គេចខ្លួនគឺនៅក្នុងភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាទីកន្លែងកំណើតរបស់ជនសង្ស័យនិងជាតំបន់ទីទួលមានភ្នំជម្រាល ដែលពិបាកឱ្យកម្លាំងនគរបាលចុះរុករក។ ក៏ប៉ុន្តែលោក អ៊ិម កុសល ធ្លាប់បានអះអាងថាទោះជាយ៉ាងណាក៏កម្លាំងនគរបាលខេត្តបន្តចុះស្វែងរក និងចាប់ខ្លួនជនសង្ស័យឱ្យទាល់តែបាន បើទោះបីមានការលំបាកក៏ពិតមែន។ បច្ចុប្បន្ន នគរបាលខេត្តបាត់ដំបងកំពុងបញ្ចូលសំណុំរឿងនិងជនសង្ស័យ​នេះបន្តទៅកាន់អយ្យការ​​ដើម្បីចាត់វិធានការតាមនិតិវិធីផ្លូវច្បាប់៕

 

Share

ព័ត៌មានទាក់ទង