ភ្នំពេញ ៖ អឿត អាង ហៅ ជួប សម្លាប់ បានប្រាប់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះថាខ្លួនបានសម្លាប់លោកកែម ឡី ដោយផ្ទាល់ដៃ។ ការសារភាពនៅក្នុងសវនាការនៅថ្ងៃពុធនេះ ក្នុងទីក្រុងភ្នំពេញ។ ក្នុងសវនាការនេះតុលាការបានបង្ហាញភស្តុតាងតិចតួចដែលបង្ហាញពីការប្រព្រឹត្តិជាក់ស្តែងរបស់ជនជាប់សង្ស័យ។ លោក ធូ វិរៈរាយការណ៍៖4
ជនជាប់ចោទជួប សម្លាប់ បានសារភាពថាបានសម្លាប់ លោកបណ្ឌិត កែម ឡី ដែលជា អ្នកវិភាគដ៏ល្បីឈ្មោះមួយរូប កាលពីប្រាំពីរខែមុននេះ។
ជួប សម្លាប់ ដែលគេដឹងថាមានឈ្មោះដើម គឺ អឿត អាង ត្រូវចាប់ខ្លួននិងចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុននិងកាន់កាប់នឹងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតក្រោយពីត្រូវសង្ស័យថាបានបាញ់សម្លាប់លោកបណ្ឌិតកែម ឡី។
លោកបណ្ឌិតកែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងផ្សារម៉ាតនៃស្ថានីយ៍ប្រេងឥន្ទនៈកាល់តិចក្បែរភ្លើងស្តុបបូកគោ កាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៦។
នៅក្នុងសវនាការរយៈពេលប្រាំម៉ោងនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធទី១ខែមិនានេះ ជួប សម្លាប់ ដែលមានឈ្មោះដើមជា អឿត អាង បានអះអាងថាខ្លួនបានទៅទិញកាំភ្លើងខ្លីនៅប្រទេសថៃថ្លៃជិតមួយពាន់ដុល្លារដើម្បីបាញ់សម្លាប់លោកបណ្ឌិតកែម ឡី។
មូលហេតុដោយសារតែលោកកែម ឡី ជំពាក់បំណុលលោកមិនព្រមសងចំនួន៣០០០ដុល្លារអាមេរិក។ នៅក្នុងសវនាការតុលាការបានបង្ហាញវីដេអូគ្លីបខ្លីមួយដែលបង្ហាញរូបជនជាប់ចោទពីក្រោយខ្នង មានពាក់មួកនិងបានបង្ហាញពីសកម្មភាពដកកាំភ្លើងខ្លីរបស់ខ្លួន។ប៉ុន្តែ វីឌីអូនេះ មិនបានបង្ហាញពីសកម្មភាពបាញ់សម្លាប់លោកបណ្ឌីត កែម ឡី ដោយរបៀបណាឡើយ។
លោក យុង ផានិត មេធាវីការពារក្តីឲ្យជនជាប់ចោទ ប្រាប់អ្នករាយការណ៍ព័ត៌ក្រោយសវនការថា ការសារភាពរបស់កូនក្តីរបស់លោកបានស៊ីសង្វាក់គ្នាទៅនិងភស្តុតាំង។ លោកមេធាវី បានស្នើសុំឲ្យចៅក្រម បន្ធូបន្ថយទោសដល់កូនក្តីរបស់ខ្លួន។
លោក យុង ផានិត ៖ «ដំណើរការព្រឹកមិញដូចខ្ញុំបានសន្និដ្ឋានគឺថា ជនត្រូវចោទទួលស្គាល់ហើយ មានភស្តុតាំងស៊ីសង្វាក់គឺគ្រាន់តែសុំស្ថានសម្រាលដល់តុលាការ។ រឿងតុលាការដាក់ទោសប៉ុន្មានអាហ្នឹងអាស្រ័យខាងលើតុលាការគាត់ជាដាក់ទោស»។
ទោះជាយ៉ាងណាជនជាប់ចោទបានឆ្លើយចំពោះមុខចៅក្រមជំនុំជម្រះដោយបដិសេធមិនទទួលយកអត្តសញ្ញាណដែលមន្ត្រីយុត្តិធម៌រកឃើញថា លោកមានឈ្មោះ អឿត អាង និងច្រានចោលស្រុកកំណើតនៅខេត្តសៀមរាប»។
បន្ថែមពីនោះជនជាប់ចោទ ក៏មិនទទួលស្គាល់ថា មានប្រពន្ធកូន និងម្តាយដែរ។
លោក អំ សំអាត អ្នកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីការដូដែល បានចូលអង្កេតក្នុងសនវនការជំនុំជម្រះ មិនជឿថា លោកបណ្ឌិត កែម ឡី ជំពាក់លុយ ជនជាប់ចោទឈ្មោះ ជួប សម្លាប់ឡើយ។
លោកបញ្ជាក់ទៀយថា ការចាក់វីឌីអូពីអង់ចង់ចាំពីកាមរ៉ាសុវត្ថិភាពក្នុងផ្សារម៉ាតគឺ មិនបានបង្ហាញពីសកម្មភាពបាញ់លោក បណ្ឌិត កែម ឡី ទេ។
លោក អំ សំអាត ៖ «កន្លែងការខ្ចី ខ្ញុំនៅដូចជាមិនជឿ ដោយសារយើងមើលសមត្ថិភាពលោកបណ្ឌិត កែម ឡី គាត់ខ្វះលុយ៣០០០ដុល្លារអត់ ដូចជាមិនខ្វះទេ ហើយកន្លងមកខ្ញុំធ្លាប់ឃើញលោក កែម ឡី ធ្លាប់ដកលុយជួយគេ ១០០ ២០០ (ដុល្លារ) ដែលគេអត់មានលុយ ជួបអ្នកក្រីក្រ គឺគាត់តែងតែជួយ»។

សាលាដំបូងនឹងប្រកាសសាលក្រម ក្នុងសំណុំរឿងបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៧៕