ករណីដាក់ខ្សែភ្លើងបង្កប់នៅលើរ៉ឺម៉កឈានដល់ការសម្លាប់ជីវិតកូនប្រុសអ្នកជិតខាងនិងបន្តយកសាកសពជនរងគ្រោះទៅលាក់ទុក ត្រូវម្តាយនិងក្រុមគ្រួសារជនរងគ្រោះ និងអ្នកជិតខាងឯទៀតខ្នះខ្នែងស្វែងរកសាកសពជនរងគ្រោះភេទប្រុស ដែលមានវ័យទើបតែ១៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នៅក្នុងនោះ អ្នកស្រី នុត សាមាន ត្រូវជាម្តាយជនរងគ្រោះ បានសំណូមពរទៅកាន់សមត្ថកិច្ចមូលដ្ឋានឱ្យធ្វើយ៉ាងណាជួយអន្តរាគមន៍ជុំវិញបទល្មើសនេះ និងស្វែងរកសពកូនប្រុសរបស់អ្នកស្រីគ្រប់ច្រកល្ហកដើម្បីយកមកធ្វើបុណ្យតាមប្រពៃណីទំនៀមខ្មែរក្នុងគោលបំណងឱ្យវិញ្ញាណក្ខន្ធក្មេងអាចទៅដល់ឋានបរលោក បើទោះបីជាជីវភាពរបស់អ្នកស្រីខ្វះខាតក្នុងការធ្វើបុណ្យក្ដី។
«កុំឱ្យមានអ្នកទីពីរទៀតកើតអ៊ីចឹងទៀត ដែលពេលនេះនៅលើកូនខ្ញុំ ចុះនៅពេលក្រោយទៀត? អ្នកដទៃធ្វើតាមទៀតទៅលើកូននរណាគេទៀត? យើងគិតតែប៉ុណ្ណឹងបានហើយ យើងបាច់គិតអីវែងឆ្ងាយទេ។ បើខ្ញុំយល់ថាកំហុសគាត់នេះកំហុសគាត់ធំណាស់ ធំមែនទែន។ បើគាត់ទៅឃើញក្មេងវាឆក់អ៊ីចឹងដែរ គាត់ក៏គួរតែនឹកឃើញថាគាត់ស្គាល់ខ្ញុំជាម្តាយ បើមិនបានអីក៏គាត់ប្រាប់ខ្ញុំមក ជាម្តាយខ្ញុំឈឺចាប់ហា៎ណាខ្ញុំប្រាប់។ យើងដោះស្រាយគ្នាទៅ តែគាត់សុខចិត្តយកវាទៅផ្លុងចោល។ ឥឡូវឧបមាថាបើគាត់រត់ក៏រត់ចុះ គាត់ទុកសពវាឱ្យនៅហ្នឹងចុះ ខ្ញុំយកកូនខ្ញុំធ្វើបុណ្យ។ ហើយខ្ញុំឥឡូវខ្ញុំរកលុយធ្វើបុណ្យឱ្យកូនក៏គ្មានដែរ ខ្ញុំអត់មានទេ។ ខ្ញុំធ្វើការម្ង៉ៃពីម្ង៉ៃ រាល់ថ្ងៃខ្ញុំប្រើតែរ៉ឺម៉កចាស់មួយហ្នឹង គ្រាន់ប្តីជិះទៅធ្វើការសំណង់ទ្រុឌៗ គ្រាន់បានអីហូប។ ហើយបាត់កូនទៀត វាអស់សង្ឃឹមរលីង គ្មានអីទៀតទេ។»។
អ្នកកស្រី នុត សាមាន ម្តាយជនរងគ្រោះ(ខាងឆ្វេង) ផ្ដល់បទសម្ភាសដល់សារព័ត៌មាន។ ប្រភពរូបភាពពី TVFB ។
ជុំវិញករណីនេះ វិទ្យុស្រ្តីបានសុំការបំភ្លឺបន្ថែមពីនគរបាលនៅខណ្ឌពោធិ៍សែនជ័យដោយលោក ប៊ុត វីរៈ នាយរងផ្នែកទទួលបន្ទុកការងារវិទ្យុនៅខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា បច្ចុប្បន្នករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតនិងអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញ។ ជាមួយគ្នានេះ លោកយល់ថា ជនបង្កបង្ហាញពីភាពសាហាវឃោរឃៅរបស់ខ្លួនទៅជនរងគ្រោះ ដ្បិតបន្ទាប់ពីជនរងគ្រោះទៅប៉ះរ៉ឺម៉កឆក់ស្លាប់នៅនឹងកន្លែង រួចជនសង្ស័យបានបន្តយកសពជនរងគ្រោះទៅលាក់និងរត់គេចខ្លួនដោយមិនទុកសាកសពនៅនឹងកន្លែងនោះឡើយ។
«ទាំងមេខ្ញុំទាំងជំនាញខណ្ឌនិងជំនាញខាងផ្នែកផ្សេងទៀតនិងតាមផ្នែក គាត់កំពុងដុតដៃដុតជើងធ្វើរឿងហ្នឹងហើយបង កំពុងចាប់ដៃគ្នាប្រទាក់ក្រឡាគ្នាធ្វើរឿងហ្នឹងហើយបង។ ទាំងខាងក្រុមទាំងខាងក្រសួង គាត់កំពុងចាត់ចែងហើយបង ឥឡូវជំនាញគេកំពុងស្រាវជ្រាវបន្តហើយ។»។
ហេតុការណ៍នេះកើតឡើងនៅអធ្រាត្រយប់ម៉ោង១២ឆ្លងចូលថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមម្តាយជនរងគ្រោះបានប្រាប់មកកាន់វិទ្យុស្រ្តី។ អ្នកស្រី នុត សាមាន អះអាងថា អ្នកស្រី និងអ្នកភូមិឯទៀតមិនបានដឹងថារ៉ឺម៉ករបស់ជនបង្កមានដាក់ខ្សែភ្លើងដើម្បីការពារចោរលួចនៅពេលយប់ព្រលប់នោះឡើយ។ យ៉ាងណាក្នុងនាមជាម្តាយ អ្នកស្រីនៅតែទទូចឱ្យកងកម្លាំងសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធជួយអន្តរាគមន៍ឱ្យបានឆាប់រហ័សដើម្បីផ្តល់យុត្តិធម៌ជូនទៅកាន់សពជនរងគ្រោះ៕