en     km
en     km

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បរាជ័យ​ បន្ទាប់​ពី​លោក​អ៊ុំ​ សំ​អាន​មិន​ព្រម​ឆ្លើយ​សំណួរ​

Share

ភ្នំពេញ​៖​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ុំ​ សំ​អាន​ កំពុង​ជាប់​ឃុំ​ករណី​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ បាន​បដិសេធ​មិន​ព្រម​ឆ្លើយ​សំនួរ​ ដែល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេ​ញ​​ចោទសួរ​អ្វី​ទាំង​អស់​  ព្រោះ​លោក​សំអាង​លើ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ ។​ ជុំវិញ​បញ្ហា​នេះ​ អ្នក​ច្បាប់​លើ​ក​ឡើង​ថា​ ជា​ទូទៅ​ជនជាប់ចោទ​អាច​មាន​សិទ្ធិ​បដិសេធ​ មិន​ឆ្លើយ​ទៅ​និង​សំនួរ​ចៅក្រម​ស៊ើបសួរ​ ដោ​យ​​គ្មាន​ទោស​អ្វី​ឡើយ​។​

um-saman-pre
លោក​អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះហៅ​លោក​អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មក​សាកសួរ​បន្ថែម​ទាក់ទិន​បទ​ចោទ​មួយ​ចំនួន​ រួម​មាន​ករណី​ផែនទី​និង​បទ​ចោទ​ញុះញុង​បង្ក​អ​ន្តិ​សុខ​ និង​រើសអើង​ បង្ក​ឱ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៥​ ខែឧសភា​នេះ​។​

មេធាវី​ការពារ​ក្តី​លោក​អ៊ុំ​ សំ​អាន​ គឺ​លោក​សំ​ សុ​គង់​ ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចេញពី​បន្ទប់​សាក​សា​សួរ​ថា​ កូនក្តី​របស់​លោក​សុំ​រក្សា​សិទ្ធិ​មិន​ឆ្លើយ​សំនួ​របស់​ចៅក្រម​ស៊ើបសួរ​នៅ​ព្រឹក​មិ​ញ​នេះ​ ដោយ​ហេតុផល​ថា​នៅ​មាន​អភ័យឯកសិទ្ធិ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ ៨០​ ដោយ​មេធាវី​បញ្ជាក់​ថា​ កូនក្តី​លោក​គឺ​លោក​អ៊ុំ​ សំ​អាន​ នឹង​ឆ្លើយ​រាល់​សំនួរ​ចៅក្រម​សាកសួរ​នៅ​ពេល​ណា​ដែល​រដ្ឋសភា​សម្រេច​ព្យួរ​ឬ​ដក​អភ័យឯកសិទ្ធិ​កូនក្តី​របស់​លោក​ដោយ​សំឡេង​ ២/៣​ ជា​មុន​សិន​។​

លោក​សំ​ សុ​គង់​ និយាយ​ថា​ ៖​ «​ព្រឹក​មិ​ញ​នេះ​ចៅក្រម​ព្យាយាម​សួរ​សំណួរ​លើក​មុន​ក៏​មាន​បន្ថែម​សំនួរ​ផ្សេង​ទៀ​ត​ ប៉ុន្តែ​គាត់​នៅ​តែ​រក្សា​សិទ្ធិ​មួយ​ថា​ មិន​និយាយ​ជាមួយ​ចៅក្រម​មូលហេតុ​ដោយសារ​គាត់​ជា​អ្នកតំណាង​រាស្ត្រ​​មាន​អភ័យឯកសិទ្ធិ​នៃ​រដ្ឋសភា​ ដែល​មានការ​ពារ​ដោយ​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ ៨០​ ហើយ​កូនក្តី​ខ្ញុំ​បាន​និយា​យ​​ដែរ​ថា​ បើសិន​ចង់​ឲ្យ​គាត់​និយាយ​ជាមួយ​ចៅក្រម​ឆ្លើយ​សំណួរ​របស់​ចៅក្រម​ លុះណាតែ​មាន​សេចក្តីសម្រេច​រប​ស់​​រដ្ឋសភា​ដោយ​ដក​ឬ​ព្យួរ​អភ័យឯកសិទ្ធិ​ឲ្យ​បាន​សំឡេង​ ២/៣​ សិន​ ទើប​គាត់​និយាយ​ជាមួយ​ចៅក្រម​»​។​

​លោក​មេធាវី​សំ​ សុ​គង់​ បន្ថែម​ថា​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទសួរ​លោក​អ៊ុំ​ សំ​អាន​ តំ​ណា​ងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប​ ចំនួន​ ០៦​ សំនួរ​ ដែល​លោក​ថា​សុទ្ធតែ​សំណួរ​សំខាន់ៗ​ពាក់ព័ន្ធ​រឿង​បង្ហោះ​ឯកសារ​ផែនទី​ និង​ រូបភាព​ផែនទី​កម្ពុជា​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​អ៊ុំ​ សុំ​អាន​។​

​ជុំវិញ​បញ្ហា​នេះ​ WMC​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​លី​ សុ​ផា​ណា​ បាន​ទេ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ ។​

​ជុំវិញ​បញ្ហា​នេះ​ អ្នកជំនាញ​ច្បាប់​លោក​សុខ​ សំ​អឿ​ន​ បាន​មាន​ប្រសាសន៍​ថា​ ជា​ទូទៅ​ជនជាប់ចោទ​ទាំងអស់​អាច​​មាន​​សិទ្ធិ​បដិសេធ​មិន​ឆ្លើយ​សំនួរ​របស់​ចៅក្រម​ស៊ើបសួរ​បាន​ដោយ​គ្មាន​ទោស​ទាន់​អ្វី​ទាំងអស់​។​

លោក​សុខ​ សំ​អឿ​ន​ ថ្លែង​ថា​ ៖​ «​ធម្មតា​ជនជាប់ចោទ​មាន​សិទ្ធិ​មិន​ឆ្លើយ​ ហើយ​ការ​មិន​ឆ្លើយ​របស់​គេ​មិនមែន​មាន​ន័យ​ថា​មានទោស​ទេ​។​ ដូច្នេះ​អ្វី​ដែល​គាត់​លើក​ឡើង​មិនមែន​ដោយសារ​មាន​អភ័យឯកសិទ្ធិ​ ឬ​គ្មាន​អភ័យ​ឯក​សិទ្ធិ​ មិន​ពាក់ព័ន្ធ​អភ័យឯកសិទ្ធិ​ទេ​ ទស្សនៈ​របស់ខ្ញុំ​ជនជាប់ចោទ​គ្រប់​រូប​មាន​សិទ្ធិ​មិន​ឆ្លើយ​»​

​កាលពី​ថ្ងៃ​ទី​ ១៧​ ខែឧសភា​ ឆ្នាំ​ ២០១៦​ នេះ​ សាលាឧទ្ធរណ៍​បាន​សម្រេច​ទាត់​ចោល​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ហេតុផល​ថា​ សំណុំរឿង​របស់​លោក​ មិន​ទាន់​បញ្ចប់​​នីតិវិធី​ស៊ើបអង្កេត​នៅ​សាលាដំបូង​និង​ខ្លាច​លោក​អ៊ុំ​ សំ​អាន​ បង្ក​ភាព​វឹកវរ​ក្នុង​សង្គម​ជាតិ​ពេល​នៅ​ក្រៅ​ឃុំ​។​

​ទោះជា​យ៉ាងណា​ មេធាវី​លោក​អ៊ុំ​ សំ​អាន​ អះអាង​ថា​ តុលាការ​កំពូល​បាន​ទទួល​លិខិត​ប្តឹង​សារទុក្ខ​សេចក្តី​សម្រេ​ច​របស់​សាលាឧទ្ធរណ៍​ រួចរាល់​ហើយ​ កល​ពី​ថ្មី​នេះៗ​ដើម្បី​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​បន្ត​ទៀត​។​

សូម​បញ្ជាក់​ថា​ លោក​អ៊ុំ​ សំ​អាន​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​ ១០​ មេ​សា​ គឺ​នៅ​កណ្ដាល​យប់​នៅ​ខេត្តសៀមរាប​  ភ្លាមៗ​បន្ទាប់​ពី​លោក​ចុះ​ពី​យន្តហោះ​មក​ពី​អា​មេ​រិ​ក​៕

Share

ព័ត៌មានទាក់ទង