ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យដឹងថា ខ្លួនបានត្រៀមខ្លួនទប់នឹងនឹង ការរំខាន ដោយកត្តាចរន្តអគ្គិសនី ទៅដល់ការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ ដោយបានត្រៀមថ្មពីរសម្រាប់កុំព្យូទ័រ Laptop មួយគ្រឿង ហើយនៅតំបន់ឆ្ងាយខ្លះអាចផ្តល់ជាម៉ាស៊ីនភ្លើងជាដើម។
យោងលើការដាច់ចរន្តអគ្គិសនីសឹងតែទូទាំងប្រទេស កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា យប់មិញនេះ អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា ដើម្បីកុំឱ្យបញ្ហាចរន្តអគ្គិសនី រាំងស្ទះដល់ការចុះឈ្មោះបោះឆ្នោតនាពេលខាងមុន គ.ជ.ប បានរៀបចំត្រៀមបង្ការរួចហើយ។

លោក ហង្ស ពុទ្ធា បានឱ្យវិទ្យុស្ត្រី FM102 នៃ WMC ដឹងនៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះថា គ.ជ.ប បានត្រៀមថ្មពីរសម្រាប់ Laptop មួយគ្រឿង ហើយនៅតំបន់ឆ្ងាយខ្លះត្រូវអាចផ្តល់ជាម៉ាស៊ីនភ្លើងជាដើម។
លោកបានបន្ថែមថា ការដាច់ចរន្តអគ្គិសនី អាចធ្វើឱ្យមានការរំខានដល់ដំណើរការនៃការចុះឈ្មោះ និងការបញ្ជូនទិន្ន័យផ្សេងៗដែរ។ ចំណុចនេះលោកថា ប្រសិនបើមានបញ្ហាទាំងនេះចំពោះដំណើរការចុះឈ្មោះបោះឆ្នោត នោះ គ.ជ.ប អាចបន្ថែមថ្ងៃនៃការចុះការឈ្មោះ។
ជុំវិញការដាច់ចរន្តអគ្គីសនីប្រហែល១ម៉ោង កាលពីយប់មិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះវីដេអូភា្លមៗនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដើម្បីសុំការអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស។ លោកមានប្រសាសន៍ថា ការដាច់នេះ ជាការរំខានទៅដល់ការសប្បាយរីករាយរបស់ប្រជាពលរដ្ឋនៅថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ។ លោកបាន បន្ថែមថា ការដាច់ចរន្តអគ្គីសនី នេះមិនមែនជាជាចេតនានយោបាយ ឬ អំពើភេរវកម្មអ្វីឡើយ។
សូមបញ្ជាក់ថា កាលពីរាត្រីថ្ងៃព្រហស្បតិ៍ទី២៦ ខែវិច្ឆិកា ចរន្តអគ្គិសនីបានដាច់ស្ទើរទូទាំងប្រទេស នៅវេលាម៉ោងប្រហែល១០យប់ រយៈពេលប្រហែល ១ម៉ោង នៅក្នុងរាត្រីទី៣នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែឆ្នាំនេះ៕